អន្តរជាតិ
ឥណ្ឌូណេស៊ីឱ្យសិស្សរៀនពីផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣
28, Aug 2023 , 8:29 pm        
រូបភាព
កិច្ចប្រជុំអាស៊ាន ២០២៣ នៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី។ រូបភាព AFP
កិច្ចប្រជុំអាស៊ាន ២០២៣ នៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី។ រូបភាព AFP
ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា សិស្សសាលាជាច្រើននៅក្នុងក្រុងហ្សាការតា ត្រូវរៀនពីផ្ទះ ខណៈមន្រ្តីរដ្ឋការឥណ្ឌូណេស៊ីមួយចំនួន ត្រូវធ្វើការពីផ្ទះដូចគ្នា ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣។ ការដាក់ចេញចំណាត់ការបែបនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការស្ទះចរាចរណ៍ នៅក្នុងរដ្ឋធានីហ្សាការតាអំឡុងកិច្ចប្រជុំដ៏ធំនេះ។ 

 
ឥណ្ឌូណេស៊ី នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកញ្ញា។ ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសជាច្រើនទៀត។
 
ដើម្បីកាត់បន្ថយចរាចរណ៍នៅក្នុងក្រុង សាលារៀនច្រើនជាង៧០០កន្លែងនៅភាគខាងត្បូង និងកណ្តាលនៃក្រុងហ្សាការតា នឹងត្រូវរៀនពីចម្ងាយ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា។ អភិបាលក្រុងហ្សាការតាស្តីទី លោក Heru Budi Hartono បានបញ្ជាក់បែបនេះ នៅសាលាក្រុងហ្សាការតា  នៅថ្ងៃទី២៣ ខែសីហា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។ 
 
ការធ្វើចរាចរណ៍ទូទៅនៅក្នុងបរិវេណមជ្ឈមណ្ឌលសន្និបាតក្រុងហ្សាការតា ដែលកិច្ចប្រជុំកំពូលអាស៊ានត្រូវបានបារព្ធឡើង អាចនឹងត្រូវបិទ ដើម្បីឱ្យការធ្វើដំណើរអ្នកថ្នាក់ដឹកនាំ និងតំណាងប្រទេសនានាមានភាពរលូន។ 
 
បន្ថែមពីនេះ លោកអភិបាលក្រុងស្តីទី នៅក្នុងថ្ងៃទី២៦ ខែសីហា បានប្រកាសថា ៧៥ភាគរយនៃមន្រ្តីរដ្ឋការ ត្រូវធ្វើការពីផ្ទះ។ ចាប់តាំងពីដើមខែសីហាមក មន្រ្តីរដ្ឋការក្នុងក្រុងហ្សាការតា ប្រមាណ៥០ភាគរយ បានធ្វើការពីផ្ទះរួចហើយ ដើម្បីកាត់បន្ថយការបំពុលនៅក្នុងទីក្រុង។ គិតត្រឹមឆ្នាំ២០២៣ ប្រជាជនរស់នៅក្នុងក្រុងហ្សាការតា ត្រូវបានប៉ាន់ប្រមាណថា មានលើសពី១០លាននាក់ ដោយចំនួនដ៏ច្រើននេះ បានធ្វើឱ្យក្រុងមានការកកស្ទះចរាចរណ៍ដ៏អាក្រក់មួយ។ 
 
យ៉ាងណាមិញ ការដាក់ចេញគោលនយោបាយខាងលើ ត្រូវបានលើកលែង សម្រាប់មន្រ្តីសាធារណៈមួយចំនួន ដូចជាបុគ្គលិកធ្វើការនៅក្នុងមន្ទីរពេទ្យជាដើម។ 
 
ក្រៅពីមន្រ្តីរដ្ឋការ អភិបាលក្រុងហ្សាការតាស្តីទី បានអំពាវនាវទៅវិស័យឯកជនផងដែរ ដើម្បីអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ។ កន្លងមក សមាជិកលេខាធិការដ្ឋានប្រធានាធិបតីឥណ្ឌូណេស៊ី បានជួបជាមួយសមាគមធុរកិច្ច ដើម្បីជជែកពីប្រធានបទឱ្យបុគ្គលិកធ្វើការពីផ្ទះដើម្បីការបន្ថយចរាចរណ៍ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣៕  
 

Tag:
 ឥណ្ឌូណេស៊ី
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com