អន្តរជាតិ
មេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី អបអរលោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជា
28, Aug 2023 , 5:59 pm        
រូបភាព
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន (ឆ្វេង) លោកហ៊ុន ម៉ាណែត (កណ្តាល) និងលោក Mikhail Mishustin នាយករដ្ឋមន្រ្តីរុស្ស៊ី។ រូបភាព AFP
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន (ឆ្វេង) លោកហ៊ុន ម៉ាណែត (កណ្តាល) និងលោក Mikhail Mishustin នាយករដ្ឋមន្រ្តីរុស្ស៊ី។ រូបភាព AFP
មេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី បានអបអរលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជាថ្មី។ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ក៏បានអញ្ជើញប្រមុខរដ្ឋាភិបាលកម្ពុជា ទៅទស្សនកិច្ចនៅប្រទេសខ្លួនផង ខណៈប្រមុខរដ្ឋាភិបាលរុស្ស៊ី លោក Mikhail Mishustin បានអះអាងថា​ ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា។

 
តាមរយៈសារអបអរសាទរចេញនៅថ្ងៃទី២២ ខែសីហា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានអបអរលោក ហ៊ុន ម៉ាណែត ដែលត្រូវបានសភាផ្តល់សេចក្តីទុកចិត្ត ធ្វើជាប្រមុខរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនេះ មេដឹកនាំអ៊ុយក្រែន ក៏បានអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅអ៊ុយក្រែនផង។ 
 
«ខ្ញុំមានកិត្តិយស ក្នុងការអញ្ជើញអ្នក (ហ៊ុន ម៉ាណែត) ទៅទស្សនកិច្ចនៅអ៊ុយក្រែន»។ លោក ហ្សេលេនស្គី បានបញ្ជាក់បែបនេះ ដោយបន្តជូនពរឱ្យមេដឹកនាំកម្ពុជារូបនេះ មានសុខភាពរឹងមាំ និងទទួលជោគជ័យ ក្នុងការដឹកនាំប្រទេស និងនាំសន្តិភាព រួមទាំងវិបុលភាពសម្រាប់ប្រជាជន។ 
 
មិនតែប៉ុណ្ណោះ មេដឹនាំអ៊ុយក្រែន ក៏បានសាទរតួនាទីកម្ពុជា លើការគាំទ្រការគោរពបូរណភាពដែនដី និងអធិបតេយ្យរបស់អ៊ុយក្រែន រួមទាំងការពារច្បាប់ និងសណ្តាប់ធ្នាប់ ស្របពេលមានការឈ្លានពានរបស់រុស្ស៊ីមកលើខ្លួនផង។ 
 
ចំណែករុស្ស៊ីវិញ នៅថ្ងៃទី២៣ ខែសីហា ក៏បានចេញសារអបអរនាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជាផង។ បើតាមសមភាគីរុស្ស៊ី លោក Mikhail Mishustin រដ្ឋាភិបាលក្រុងមូស្គូ ជឿថា សកម្មភាពរបស់លោកហ៊ុន ម៉ាណែត ជាប្រមុខរដ្ឋាភិបាលកម្ពុជា នឹងជួយលើកតម្កើងទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បន្ថែមពីនេះ លោក Mikhail Mishustin ក៏បានបន្ថែមថា រដ្ឋាភិបាលរុស្ស៊ី ត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការរួមគ្នាជាមួយកម្ពុជា ក្នុងគោលបំណង បង្កើនទំនាក់ទំនងផ្នែកមនុស្សធម៌ វប្បធម៌ បច្ចេកទេស វិទ្យាសាស្រ្ត សេដ្ឋកិច្ច និងពាណិជ្ជកម្មផង។ 
 
ក្រៅពីប្រទេសពីរខាងលើ រជ្ជទាយាទ និងជានាយករដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីត Mohammed bin Salman ក៏បានផ្ញើសារអបអរលោកហ៊ុន ម៉ាណែតផង៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com