អន្តរជាតិ
អាស៊ាន
នាយករដ្ឋមន្រ្តីថៃថ្មី ចង់បំពេញទស្សនកិច្ចនៅបណ្តារដ្ឋអាស៊ាន មុនចូលរួមសន្និបាតUN
29, Aug 2023 , 9:59 am        
រូបភាព
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃទី៣០។ រូបភាព Twitter_Srettha Thavisin
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃទី៣០។ រូបភាព Twitter_Srettha Thavisin
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃថ្មី នៅថ្ងៃទី២៨ ខែសីហា បានបញ្ជាក់ថា បញ្ជីគណៈរដ្ឋមន្រ្តីថ្មី បានរៀបចំរួចរាល់ហើយដើម្បីដាក់ទៅលេខាធិការដ្ឋានគណៈរដ្ឋមន្រ្តី មុននឹងទទួលបានការយល់ព្រមពីមហាក្សត្រ។ លោកសេដ្ឋា ចង់រៀបចំគណៈរដ្ឋមន្រ្តីឱ្យបានរួចរាល់ ដើម្បីអាចបំពេញទស្សនកិច្ចនៅបណ្តារដ្ឋអាស៊ាន មុននឹងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។

 
គិតត្រឹមថ្ងៃទី២៨ ខែសីហា លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃថ្មី បានអះអាងថា បញ្ជីគណៈរដ្ឋមន្រ្តីថ្មី ត្រូវបានរៀបចំរួចរាល់ហើយ ដោយលោកបានអះអាងថា លេខាធិការគណៈរដ្ឋមន្រ្តី នឹងទទួលបានបញ្ជីការតែងតាំងរដ្ឋមន្រ្តីនោះ នៅក្នុងថ្ងៃដដែល។ 
 
ពីទីស្នាក់ការកណ្តាលរបស់បក្សភឿថៃនៅថ្ងៃទី២៨ ខែសីហា លោកសេដ្ឋា ត្រូវបានអ្នកសារព័ត៌មានសួរពាក់ព័ន្ធនឹងដំណើរការរៀបចំរដ្ឋាភិបាល ថាតើលោកអាចរៀបចំឱ្យបានរួចរាល់មុនមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅខែកញ្ញាឬយ៉ាងណា។ 
 
ជាការឆ្លើយតប នាយករដ្ឋមន្រ្តីថៃថ្មី បានអះអាងថា លោកត្រូវតែពិនិត្យលើកាលវិភាគជាមុនសិន ដោយសារ ក្នុងនាមជានាយករដ្ឋមន្រ្តីថី្ម លោកគួរតែបំពេញទស្សនកិច្ចនៅរដ្ឋអាស៊ានជាមុន។ ត្រង់ចំណុចនេះ លោកសេដ្ឋាមិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ឡើង ថាតើគណៈរដ្ឋមន្រ្តីថ្មី អាចរៀបចំរួចរាល់មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ឬយ៉ាងណា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS។ 
 
បាំងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវបានរៀបចំឡើងនៅក្នុងហ្សាការតា ឥណ្ឌូណេស៊ី ដើម្បីជជែកពីប្រធានបទសំខាន់ៗ ដូចជា វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា សន្តិសុខស្បៀង ពាណិជ្ជកម្ម បម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ចជាដើម។ 
 
មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ដែលគ្រោងរៀបចំពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែកញ្ញា ជាជំនួបដ៏ធំមួយ ដែលមេដឹកនាំមកពីជុំវិញពិភពលោក ត្រូវថ្លែងសុន្ទរកថា នៅស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅក្រុងញូវយ៉ក ជុំវិញគោលនយោបាយពាក់ព័ន្ធសេដ្ឋកិច្ច និងសង្គម, ដំណោះស្រាយសន្តិសុខស្បៀង, ការស្វះស្វែងរកការបញ្ចប់ជម្លោះ រួមទាំងកិច្ចចរចាប្រកបដោយសន្តិវិធីជាដើម។ 
 
ទន្ទឹមនេះ នៅទីស្នាក់ការកណ្តាលបក្សភឿថៃ លោកសេដ្ឋា ក៏ត្រូវបានអ្នកសារព័ត៌មានសួរពាក់ព័ន្ធនឹងបេក្ខជនត្រូវកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិផង។ បើតាមនាយករដ្ឋមន្រ្តីថៃថ្មី នៅពេលតំណែងរដ្ឋមន្រ្តីការពារជាតិ ត្រូវបានបញ្ចេញ គ្មាននរណាម្នាក់ នឹងត្រូវខកចិត្តឡើយ។ លោកសេដ្ឋា បានបន្តទៀតថា បុគ្គលដែលត្រូវបានជ្រើសជារដ្ឋមន្រ្តីការពារជាតិ នឹងពិតជាខិតខំធ្វើការ ដើម្បីប្រទេស និងប្រជាជន។ 
 
កន្លងមក វាមានបេក្ខជនមួយចំនួន ត្រូវបានរំពឹងថាកាន់តំណែងដ៏សំខាន់មួយនេះ ក្នុងនោះមានដូចជា លោក Sutin Klungsang អនុប្រធានបក្សភឿថៃ និងនាយឧត្តមសេនីយ៍ Nattaphon Narkphanit  អតីតអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាដើម៕ 
 

Tag:
 ថៃ
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com