អន្តរជាតិ
គណៈរដ្ឋមន្រ្តីថៃថ្មី មានសមាជិកចំនួន ៣៦រូប ដោយលោក សេដ្ឋា កាន់់ក្រសួងហិរញ្ញវត្ថុមួយទៀត
29, Aug 2023 , 2:29 pm        
រូបភាព
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព Twitter_Srettha Thavisin
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព Twitter_Srettha Thavisin
បក្សភឿថៃ នៅល្ងាចថ្ងៃទី២៨ ខែសីហា បានបញ្ចេញសមាសភាពគណៈរដ្ឋមន្រ្តីថ្មីចុងក្រោយ ដោយមានសមាជិកចំនួន៣៦រូប។ លោកសេដ្ឋា ថាវីស៊ីន ត្រូវកាន់តំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ បន្ថែមពីលើតួនាទីនាយករដ្ឋមន្រ្តី។

 
បន្ទាប់ពីត្រូវបានព្រះមហាក្សត្រតែងតាំងជាប្រមុខរដ្ឋាភិបាលថៃថ្មី នៅថ្ងៃទី២៨ ខែសីហា សេដ្ឋា ថាវីស៊ីន បានរៀបចំសមាជិកគណៈរដ្ឋមន្រ្តីចំនួន ៣៦រូប ដែលចេញមកពីបក្សនយោបាយចំនួន ៦។ បន្ថែមពីលើតួនាទីជានាយករដ្ឋមន្រ្តី លោកសេដ្ឋា ក៏កាន់តំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុដែរ ដើម្បីងាយស្រួលក្នុងការដាក់ចេញគោលនយោបាយផ្តល់ប្រាក់ និងពាក់ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសផ្សេងៗ។ 
 
ក្នុងគណៈរដ្ឋមន្រ្តីថ្មីនេះ ឧបនាយករដ្ឋមន្រ្តីមានចំនួន៧រូប, រដ្ឋមន្រ្តីចំនួន២១រូប និងអនុរដ្ឋមន្រ្តីចំនួន ១៤រូប។ គណៈរដ្ឋមន្រ្តីថ្មីនេះ កាន់ក្រសួងប្រមាណចំនួន ១៩។
 
ក្នុងសមាសភាពនេះ បក្សភឿថៃបានកាន់តំណែងក្នុងក្រសួងសំខាន់ដោយលោក Panpree Phahitthanukorn កាន់ក្រសួងការបរទេស, លោក Chonnan Srikaew មេដឹកនាំបក្សភឿថៃ កាន់ក្រសួងសុខាភិបាល, លោក Suthin Klangsaeng កាន់ក្រសួងការពារជាតិ និងលោក Phumtham Wechayachai កាន់ក្រសួងពាណិជ្ជកម្ម។ យ៉ាងណាមិញ កូនស្រីលោកថាក់ស៊ីន ស៊ីនណាវ៉ាត្រា លោកស្រី Paetongtarn Shinawatra មិនទទួលបានកៅអី ក្នុងរដ្ឋាភិបាលឡើយ។ 
 
កន្លងមក លោក Natthapon Nakpanich ដែលជាមនុស្សជំនិតរបស់លោកប្រាយុទ្ធ ចន្ទអូចា អាចត្រូវបានតែងតាំងជារដ្ឋមន្រ្តីការពារជាតិ។ ប៉ុន្តែដោយសារមានការប្រឆាំងពីសមាជិកក្រុមអាវក្រហម ទើបបក្សភឿថៃសម្រេចដាក់លោក Suthin ជំនួសវិញ។ លោក Natthapon ធ្លាប់រងការចោទប្រកាន់ថា បានបង្រ្កាបក្រុមអាវក្រហម ដែលជាអ្នកគាំទ្រលោកថាក់ស៊ីន និងបក្សភឿថៃ នៅក្នុងឆ្នាំ២០១០។ នេះបើតាមប្រភពបក្សភឿថៃប្រាប់កាសែតបាងកកប៉ុស្តិ៍។ 
 
ចំណែកតំណែងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវធ្លាក់លើ លោក Anutin Charnvirakul មេដឹកនាំបក្ស Bhumjaithai។ កន្លងមក វាមានព័ត៌មានពាក់ព័ន្ធនឹងការចរចារវាងបក្សភឿថៃ និងបក្ស Bhumjaithai ក្នុងការកាន់តំណែងដ៏សំខាន់មួយនេះ។ នៅក្នុងរដ្ឋាភិបាលលោកប្រាយុទ្ធ ចន្ទអូចា លោក Anutin Charnvirakul បានកាន់តំណែងជារដ្ឋមន្រ្តីសុខាភិបាល។ បន្ថែមពីនេះ លោក Permpoon Chidchob កាន់ក្រសួងអប់រំផង។ 
 
តាមប្រភពចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍កន្លងមក បក្ស Bhumjaithai ធ្លាប់បានព្រមានដកខ្លួនចេញពីសម្ព័ន្ធបក្សនយោបាយ បើសិនបើខ្លួនមិនបានកាន់ក្រសួងតាមការស្នើសុំ។ ការកាន់ក្រសួងមហាផ្ទៃនេះ អាចអនុញ្ញាតឱ្យបក្ស Bhumjaithai ពង្រឹងការគាំទ្រនៅមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត។ 
 
ស្របគ្នានេះ លោក Patcharawat Wongsuwan ដែលត្រូវជាប្អូនប្រុសរបស់លោក Prawit Wongsuwon មកពីបក្ស Palang Pracharat ត្រូវកាន់តំណែងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីធនធានធម្មជាតិ និងបរិស្ថាន។ តំណែងរដ្ឋមន្រ្តីកសិកម្មត្រូវទទួលបន្ទុកដោយ លោក Thammanat Phromphao មកពីបក្សដដែលនេះ។ 
 
ដោយឡែកបក្សជាតិថៃរួបរួមជាតិ ដែលមានលោកប្រាយុទ្ធ ចន្ទអូចា ជាបេក្ខជននាយករដ្ឋមន្រ្តីនោះ ក៏ទទួលបានកៅអីក្នុងគណៈរដ្ឋមន្រ្តីដែរ។ លោក Pirapan Salirathaviphak កាន់តំណែងជាឧបនាយករដ្ឋមន្រ្តី​ និងរដ្ឋមន្រ្តីថាមពល ខណៈលោក Pimpatra Wichaikul ជារដ្ឋមន្រ្តីឧស្សាហកម្ម។ ខណៈ លោក Tawee Sodsong​ មកពីបក្ស Prachachat កាន់តំណែងជារដ្ឋមន្រ្តីយុត្តិធម៌។ 
 
សូមបញ្ជាក់ថា លេខាធិការដ្ឋានគណៈរដ្ឋមន្រ្តី បានទទួលបញ្ចីសមាសភាពគណៈរដ្ឋមន្រ្តីថៃថ្មីហើយ។ ពេលបន្ទាប់ លេខាធិការដ្ឋានគណៈរដ្ឋមន្រ្តីនឹងជូនដំណឹងទៅបុគ្គលខាងលើ ថាអាចមកទទួលឯកសារការងារបាន ដើម្បីបញ្ចប់ការត្រួតពិនិត្យគុណសម្បត្តិ មុនថ្ងៃទី៣០ ខែសីហា៕ 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com