អន្តរជាតិ
លោក បៃឌិន នឹងបំពេញទស្សនកិច្ចនៅវៀតណាម ក្រោយកិច្ចប្រជុំ G20 នៅឥណ្ឌា
29, Aug 2023 , 7:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នឹងបំពេញទស្សនកិច្ចនៅវៀតណាមនៅថ្ងៃទី១០ ខែកញ្ញា ក្រោយពីកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) នៅឥណ្ឌា។ នេះបើតាមការបញ្ជាក់របស់សេតវិមានអាម៉េរិក​នៅថ្ងៃទី២៨ ខែសីហា។​

 
កន្លងមក ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានបង្ហើបថា លោកចង់បំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី ស្របពេលភាពជាដៃគូគ្រប់ជ្រុងជ្រោយប្រទេសទាំងពីរ ឈានចូលខួប ១០ឆ្នាំ។ 
 
តាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre នៅថ្ងៃទី២៨ ខែសីហា ប្រធានាធិបតីអាម៉េរិក នឹងបំពេញទស្សនកិច្ចនៅក្រុងហាណូយ វៀតណាម នៅថ្ងៃទី១០ ខែសីហា មុនត្រលប់ទៅអាម៉េរិកវិញដើម្បីចូលរួមខួប២២ឆ្នាំ នៃការវាយប្រហារភេរវកម្មលើអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។ 
 
«នៅក្នុងក្រុងហាណូយ លោកបៃឌិន នឹងជួបជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ភូ​ជុង និងមេដឹកនាំវៀតណាមផ្សេងទៀត ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ»។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យបានបញ្ជាក់បែបនេះ។ 
 
ស្របគ្នានេះ សេតវិមានអាម៉េរិក បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំខ្លួននៅវៀតណាម ជាការស្វះស្វែងរកឱកាស ក្នុងការលើកម្ពស់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ចវៀតណាម ទំនាក់ទំនងប្រជាជន និងប្រជាជន ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ រួមទាំងការបង្កើនសន្តិភាព វិបុលភាព និងស្ថិរភាពនៅក្នុងតំបន់ថែមទៀត។ 
 
វៀតណាម និងអាម៉េរិក ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ាន ដោយទំហំពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរមានចំនួនប្រមាណ១២៧,៥ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២។
 
កន្លងមក សារព័ត៌មាន ​Politico បានចុះផ្សាយថា លោកបៃឌិន អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តជាមួយវៀតណាម ដើម្បីពន្លឿនកិច្ចខិតខំរបស់អាម៉េរិកលើវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ដូចជា នៅក្នុងវិស័យ សឺមីកុងឌុចទ័រ ដែលពិភពលោកកំពុងមានភាពខ្វះខាត និងបញ្ញាសិប្បនិម្មិតជាដើម។ 
 
នៅក្នុងខែមីនា លោក បៃឌិន បានទូរសព្ទជាមួយង្វៀន ភូជុង មុនពេលដំណើរទស្សនកិច្ចរបស់លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក នៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងខែមេសា។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំអាម៉េរិកនៅវៀតណាម ធ្វើឡើងស្របពេលមានក្តីបារម្ភពីការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយរួមបញ្ចូលទាំងសមុទ្រចិនខាងត្បូងផង។ 
 
មុនបំពេញទស្សនកិច្ចនៅវៀតណាម លោក បៃឌិន នឹងធ្វើដំណើរនៅក្រុងញូវដែលី ឥណ្ឌា ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំ ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០  (G20)។
 
យ៉ាងណាមិញ លោក បៃឌិន នឹងអវត្តមានពីកិច្ចប្រជុំអាស៊ាននៅឥណ្ឌូណេស៊ីដែលរៀបចំមុនកិច្ចប្រជុំ G20។ អនុប្រធានាធិបតី កាម៉ាឡា ហារីស នឹងចូលរួមជំនួសវិញ៕ 
 

Tag:
 អាម៉េរិក
  G20
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com