អន្តរជាតិ
កូរ៉េខាងត្បូង នឹងនាំសាច់គោលេខ១ Hanwoo មកកម្ពុជាជាលើកដំបូង
29, Aug 2023 , 4:39 pm        
រូបភាព
រដ្ឋមន្រ្តីកសិកម្មកូរ៉េខាងត្បូង លោក Chung Hwang-keun (ឆ្វេង) ជួបជាមួយលោកហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព ក្នុងថ្ងៃទី២៨ ខែសីហា។ រូបភាព Facebook_Dr. Hun Manet
រដ្ឋមន្រ្តីកសិកម្មកូរ៉េខាងត្បូង លោក Chung Hwang-keun (ឆ្វេង) ជួបជាមួយលោកហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព ក្នុងថ្ងៃទី២៨ ខែសីហា។ រូបភាព Facebook_Dr. Hun Manet
កូរ៉េខាងត្បូង នឹងនាំសាច់គោមានគុណភាពខ្ពស់របស់ខ្លួន Hanwoo មកកម្ពុជាលើកដំបូង។ នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្មកូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែសីហា។

 
រដ្ឋមន្រ្តីកសិកម្មកូរ៉េខាងត្បូង លោក Chung Hwang-keun នៅថ្ងៃទី២៨ ខែសីហា បានជួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បីជជែកពីការពង្រីកទំនាក់ទំនងទ្វេភាគី។ ក្រោយជំនួបនេះ ក្រសួងកសិកម្ម អាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង បានប្រកាសថា កូរ៉េខាងត្បូងនឹងនាំសាច់គោមានគុណភាពខ្ពស់ Hanwoo មកកម្ពុជាជាលើកដំបូង។ 
 
រដ្ឋាភិបាលក្រុងភ្នំពេញ និងកូរ៉េខាងត្បូង នៅថ្ងៃដដែលនេះ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងមួយដែលអនុញ្ញាតឱ្យកូរ៉េខាងត្បូង នាំសាច់គោមានគុណភាពខ្ពស់មកកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្មកូរ៉េខាងត្បូង។ ភាគីទាំង២ បានយល់លើវិធានការចត្តាឡីស័កតាំងពី៨ឆ្នាំមក។
 
ក្នុងរយៈពេល ៥ឆ្នាំខាងមុខ កូរ៉េខាងត្បូងគ្រោងនាំចេញសាច់គោមានគុណភាពខ្ពស់ឱ្យបាន ២ពាន់តោនមកកម្ពុជា ដែលគិតជាទឹកប្រាក់ប្រមាណ១០០លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
ស្របគ្នានេះ រដ្ឋមន្រ្តីកសិកម្មកូរ៉េខាងត្បូងដដែល ក៏បានជួបដោយឡែកជាមួយសមភាគីកម្ពុជា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទផងដែរ។ ភាគីទាំងពីរ បានឯកភាពខិតខំរួមគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មលើវិស័យកសិកម្ម រួមទាំងការដោះដូរបច្ចេកវិទ្យា។ 
 
បន្ថែមពីនេះ លោកChung បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា នឹងទទួលបានកំណើនសេដ្ឋកិច្ច ដូចដែលបានរំពឹងទុក នៅពេលកន្លងមក ដោយរួមទាំងប្តេជ្ញាពន្លឿនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែម សម្រាប់គម្រោងអភិវឌ្ឍប្រកបដោយផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ 
 
សូមបញ្ជាក់ថា កូរ៉េខាងត្បូង បានចុះហត្ថលេខានាំចេញសាច់គោមានគុណភាពខ្ពស់ដំបូងគេ ជាមួយម៉ាឡេស៊ី នៅក្នុងខែឧសភា កន្លងមក៕ 
 

Tag:
 កូរ៉េខាងត្បូង
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com