អន្តរជាតិ
UN៖ មនុស្សរាប់ពាន់នាក់ ត្រូវជួញដូរនិងចាប់បង្ខំឱ្យធ្វើការងារបោកប្រាស់នៅអាស៊ីអាគ្នេយ៍
30, Aug 2023 , 10:59 am        
រូបភាព
ក្នុងរបាយការណ៍អង្គការសហប្រជាជាតិ (UN) មួយចេញផ្សាយនៅថ្ងៃទី ២៩ ខែសីហា មនុស្សរាប់ពាន់នាក់កំពុងត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជន និងត្រូវបង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌល​បោក​ប្រាស់ និងប្រតិបត្តិការអនឡាញខុសច្បាប់ផ្សេងទៀតដែលកើតមានឡើងពាសពេញ​អាស៊ី​អាគ្នេយ៍​ក្នុង​រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

 
បើតាមរបាយការណ៍ UN យ៉ាងហោចណាស់មនុស្ស១២ម៉ឺន នៅទូទាំងមីយ៉ាន់ម៉ា និងប្រហែល១០ម៉ឺន នាក់ពីកម្ពុជាអាចជាប់ផុងក្នុងប្រតិបត្តិការបោកប្រាស់ជាមួយនឹងអាជីវកម្មដែលគ្រប់គ្រងដោយ​ឧក្រិដ្ឋ​កម្ម​ផ្សេងទៀតនៅឡាវ ហ្វីលីពីន និងថៃ រាប់ចាប់ពីការរូបិយបណ្ណគ្រីបតូរហូតដល់ល្បែងអនឡាញ។
 
«មនុស្សដែលត្រូវបានបង្ខិតបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការបោកប្រាស់ទាំងនេះ ស៊ូទ្រាំនឹងការប្រព្រឹត្ត​ដោយអមនុស្សធម៌ ខណៈពេលដែលត្រូវបានបង្ខំឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។ ពួកគេជាជនរងគ្រោះ។ ពួកគេ​មិនមែនជាឧក្រិដ្ឋជនទេ»។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក​ Volker Turk សង្កត់ធ្ងន់បែបនេះក្នុងរបាយការណ៍ខាងលើ។
 
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters អ្នក​នាំ​ពាក្យ​នគរបាល​កម្ពុជា លោក ឆាយ គឹមឃឿន និយាយ​ថា លោក​មិន​បាន​ឃើញ​របាយការណ៍​របស់​​ UN ទេ។ ឯរដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​មិន​បាន​ឆ្លើយ​តប​អ្វីឡើយ។
 
របាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សរបស់ UN គឺជារបាយការណ៍លម្អិតបំផុតមួយនៃបញ្ហា​ដែល​បានលេចឡើងចាប់តាំងពីការផ្ទុះជំងឺកូវីដ-១៩ ដែលបង្ខំឱ្យកាស៊ីណូ និងអាជីវកម្មជាច្រើនបិទដំណើការ។ ឯកសារដដែលបញ្ជាក់ថា មជ្ឈមណ្ឌលឆបោកដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សកំពុង​បង្កើត​ប្រាក់ចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ នេះជាប្រតិបត្តិការថ្មីដែលតួអង្គឧក្រិដ្ឋជន​បាន​កំណត់​គោលដៅចំពោះជនចំណាកស្រុកក្នុងស្ថានភាពងាយរងគ្រោះ។
 
ភាគច្រើននៃជនរងគ្រោះមានប្រភពពីចិន តៃវ៉ាន់ និងហុងកុង ប៉ុន្តែមួយចំនួនត្រូវបានជ្រើសរើសមកពីតំបន់ឆ្ងាយដូចជាអាហ្វ្រិក និងអាម៉េរិក ឡាទីន។ ការិយាល័យសិទ្ធិមនុស្សរបស់ UN បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាលក្នុងតំបន់ពង្រឹងនីតិរដ្ឋ និងដោះស្រាយអំពើពុករលួយដើម្បីបំបែកវដ្តនៃនិទណ្ឌភាពដែល​អនុញ្ញាតឱ្យឧក្រិដ្ឋកម្មបែបនេះកកើតឡើងខ្លាំង៕
 
 

Tag:
 UN
  អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com