អន្តរជាតិ
ប្រមុខUN ទទូចឱ្យផ្អាកការសាកល្បងអាវុធនុយក្លេអ៊ែរដើម្បីបញ្ចៀសមហន្តរាយសកល
30, Aug 2023 , 5:39 pm        
រូបភាព
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបភាព AFP
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបភាព AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស នៅថ្ងៃទី២៩ ខែសីហា បានអំពាវនាវឱ្យមានការហាមឃាត់លើការសាកល្បងអាវុធនុយក្លេអ៊ែរទាំងស្រុង ដើម្បីបញ្ចៀសមហន្តរាយសកលបង្កដោយអាវុធប្រល័យលោកប្រភេទនេះ។

 
ក្នុងសារអបអរទិវាអន្តរជាតិប្រឆាំងការសាកល្បងនុយក្លេអ៊ែរ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអះអាងថា ការហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរជាចំណាត់ការដ៏សំខាន់ ក្នុងការឈានទៅដល់ពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។ 
 
«សន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) ដែលមិនទាន់ចូលជាធរមាននៅឡើយ នៅតែជាសារដ៏សំខាន់សម្រាប់ឆន្ទៈរបស់មនុស្សជាតិ ក្នុងការលុបចោលនូវស្រមោលនៃការបំផ្លាញទ្រង់ទ្រាយធំពីពិភពលោករបស់យើង»។ លោក ហ្គូតេរ៉េស បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២៩ ខែសីហា ដោយបន្តថា ពិភពលោកក្នុងពេលបច្ចុប្បន្ន កំពុងប្រឈមនឹងការបែកបាក់ និងភាពមិនទុកចិត្តគ្នា។ 
 
សន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ជាសន្ធិសញ្ញាមួយ ដែលហាមឃាត់រាល់ការសាកល្បងអាវុធនុយក្លេអ៊ែរទាំងអស់ មិនថាក្រោមបំណងយោធា ឬស៊ីវិល។ សន្ធិសញ្ញានេះ ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩៦។ 
 
តាមការបញ្ជាក់របស់ប្រមុខ UN ពិភពលោកក្នុងពេលបច្ចុប្បន្នមានអាវុធនុយក្លេអ៊ែរជិត ១៣០០០គ្រាប់ ហើយប្រទេសកាន់កាប់អាវុធនុយក្លេអ៊ែរ កំពុងព្យាយាមកែលម្អពីសមត្ថភាពរបស់អាវុធទាំងនោះ រួមទាំងកម្លាំងនៃការបំផ្លិចបំផ្លាញផង។ 
 
ស្របគ្នានេះ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លោក Csaba Korosi ដែលបានបើកកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ ដើម្បីប្រារព្ធខួបទិវាអន្តរជាតិប្រឆាំងការសាកល្បងនុយក្លេអ៊ែរ ក៏បានគាំទ្រសម្តីរបស់លោក ហ្គូតេរ៉េស ផង។ 
 
បើតាមលោក Csaba Korosi ពិភពលោក កំពុងខិតទៅជិតមហន្តរាយសកលជាងពេលណាអស់នៅក្នុងសតវត្សរ៍នេះ ហើយពិភពលោកក៏បរាជ័យផងដែរ ដោយសារបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ 
 
តាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ១៩៤៥មក គ្រាប់នុយក្លេអ៊ែរ ជាង២ពាន់គ្រាប់ ត្រូវបានសាកល្បងដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រជាជន,  ជះឥទ្ធិពលលើខ្យល់សម្រាប់ដកដង្ហើម និងបំផ្លាញធនធានធម្មជាតិជាច្រើនកន្លែង។
 
អង្គការស្រាវជ្រាវសន្តិភាពពិភពលោកនៅក្រុងស្តុកខុល (SIPRI) បានបង្ហាញថា គិតត្រឹមឆ្នាំ២០២៣ ក្បាលនុយក្លេអ៊ែរមានប្រមាណជាង១២៥១២គ្រាប់ ដោយអាម៉េរិក និងរុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេបំផុត។ អាម៉េរិកមានគ្រាប់នុយក្លេអ៊ែរទាំងចាស់ និងថ្មីចំនួន៥២៤៤គ្រាប់ ខណៈរុស្ស៊ីមានចំនួន ៥៨៨៩គ្រាប់។ ចំណែកចិន មាន ៤១០គ្រាប់។ 
 
តាមការចុះផ្សាយរបស់ Arms Control Association អាម៉េរិក ជាប្រទេសដែលសាកល្បងនុយក្លេអ៊ែរច្រើនជាងគេ ដោយមានចំនួនចំនួន​ ១០៣០លើក ហើយតាមពីក្រោយដោយសហភាពសូវៀត និងរុស្ស៊ីចំនួន ៧១៥លើក និងអង់គ្លេស រួមទាំងចិនមានចំនួន ៤៥លើកដូចគ្នា។ ចំណែកបារាំងមានរហូតដល់២១០លើក ការសាកល្បងទាំងនោះ ត្រូវធ្វើឡើងនៅក្នុងលម្ហ និងក្រោមដី៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com