អន្តរជាតិ
មេធាវី៖ លោក ថាក់ស៊ីន កំពុងរៀបចំសំណើសុំការលើកលែងទោសពីមហាក្សត្រ
31, Aug 2023 , 11:29 am        
រូបភាព
លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ បន្ទាប់ពីត្រលប់មកថៃវិញ ក្រោយនិរទេសរយៈពេល ១៥ឆ្នាំ។ រូបភាព AP
លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ បន្ទាប់ពីត្រលប់មកថៃវិញ ក្រោយនិរទេសរយៈពេល ១៥ឆ្នាំ។ រូបភាព AP
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ កំពុងរៀបចំឯកសារ សម្រាប់ស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ។ លោក Winyat Chartmontri មេធាវីលោកថាក់ស៊ីន បានបញ្ជាក់បែបនេះទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែសីហា។

 
បន្ទាប់ពីចូលមកដល់ប្រទេស ក្រោយនិរទេសខ្លួនរយៈពេលប្រមាណ១៥ឆ្នាំ លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានឃុំខ្លួន និងព្យាបាល​ នៅក្នុងមន្ទីរពេទ្យប៉ូលិស ដោយសារតែបញ្ហាសុខភាព។ 
 
តុលាការកំពូលថៃ បានសម្រេចឱ្យលោកថាក់ស៊ីន ជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ដោយសារតែការរំលោភអំណាច, ការផ្តល់ប្រាក់កម្ចីឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា និងទំនាស់ផលប្រយោជន៍ជាដើម។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែសីហា លោក Winyat Chartmontri មេធាវីលោកថាក់ស៊ីន បានអះអាងថា អតីតនាយករដ្ឋមន្រ្តីថៃ កំពុងរៀបចំសំណើស្នើសុំការលើកលែងទោសពីមហាក្សត្រ។ 
 
«លោកថាក់ស៊ីន កំពុងធ្វើវាដោយខ្លួនឯង ហើយពេលនេះ ស្ថិតនៅក្នុងដំណាក់កាលរៀបចំឯកសារ និងព្រាងសំណើ»។ មេធាវីលោកថាក់ស៊ី​ន បានបញ្ជាក់បែបនេះ។ ក្រុមការងារច្បាប់ មិនទាន់បានឃើញសំណើនោះឡើយ។ ចំណែកពេលវេលា នៃការស្នើសុំការលើកលែងទោសពីមហាក្សត្រ គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់លោកថាក់ស៊ីន។ 
 
ការវិលចូលប្រទេសវិញរបស់លោកថាក់ស៊ីន ស្របពេលលោកសេដ្ឋា ថាវីស៊ីន ត្រូវបានសភាគាំទ្រឱ្យដឹកនាំរដ្ឋាភិបាលថ្មី គឺអាចត្រួតត្រាយផ្លូវឱ្យលោកថាក់ស៊ីនអាចស្នើសុំការលើកលែងទោស។ ចំណែក លោកស្រី Paetongtarn Shinawatra កូនស្រីរបស់លោកថាក់ស៊ីនវិញ បានបញ្ជាក់ថា ការសុំលើកលែងទោសពីមហាក្សត្រ គឺអាស្រ័យលើការសម្រេចចិត្តរបស់ឪពុកលោកស្រី។ 
 
យ៉ាងណាមិញ ក្រុមប្រឆាំងលោកថាក់ស៊ីន បានដាក់ញាត្តិទៅនាយកដ្ឋានកែប្រែ ដើម្បីរារាំងការប៉ុនប៉ងការដាក់សំណើសុំលើកលែងទោស ដោយអះអាងថា ករណីប្រព្រឹត្តអំពើពុករលួយ មិនគួរទទួលបានការលើកលែងទោសពីមហាក្សត្រទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
នៅក្នុងថ្ងៃដដែលនោះ លោក Wissanu Kreangam ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីយុត្តិធម៌ផុតអាណត្តិ បានលើកឡើងថា លោកមិនទាន់អាចបញ្ជាក់ ឬច្រានចោលសំណើរបស់លោកថាក់ស៊ីន ក្នុងការសុំលើកលែងទោសបានឡើយ។ បើតាមឧបនាយករដ្ឋមន្រ្តីថៃរូបនេះ លោកអាចបានត្រឹមអះអាងថា សំណើរបស់លោកថាក់ស៊ីន មិនទាន់បានមកដល់ដៃរបស់លោកឡើយ។
 
កន្លងមក រដ្ឋមន្រ្តីយុត្តិធម៌ផុតអាណត្តិរូបនេះ ធ្លាប់ប្រាប់អ្នកសារព័ត៌មានរួចហើយថា លោកថាក់ស៊ីន អាចដាក់ពាក្យស្នើសុំលើកលែងទោសពីមហាក្សត្រ នៅថ្ងៃទីមួយ ដែលលោកត្រូវជាប់ពន្ធនាគារ។ ប្រសិនបើការស្នើសុំមិនត្រូវបានផ្តល់ឱ្យ ការស្នើសុំអាចធ្វើឡើងជាថ្មីនៅពីរឆ្នាំក្រោយ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com