អន្តរជាតិ
ថ្ងៃចុងក្រោយនៅវិមានរដ្ឋាភិបាល លោកប្រាយុទ្ធ សង្ឃឹមថា ថៃនឹងមានសន្តិភាព
31, Aug 2023 , 4:09 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិថៃ។ រូបភាព Twitter_Thai Enquirer
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិថៃ។ រូបភាព Twitter_Thai Enquirer
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិថៃ បានអះអាងថា ថ្ងៃទី៣១ ខែសីហា​ ជាថ្ងៃចុងក្រោយ ដែលលោកបង្ហាញវត្តមាននៅវិមានរដ្ឋាភិបាល ហើយលោកសង្ឃឹមថា ថៃនឹងមានសន្តិភាព។ ស្របគ្នានេះ លោក Prawit Wongsuwan ឧបនាយករដ្ឋមន្រ្តីថៃបានប្រកាសផងដែរថា លោកនឹងលាលែងពីសមាជិកសភា ហើយឈប់ពាក់ព័ន្ធនឹងនយោបាយ។

 
សមាសភាពគណៈរដ្ឋមន្រ្តីថ្មី ត្រូវបានរំពឹងថា នឹងស្បថចូលកាន់តំណែង នៅពីមុខមហាក្សត្រនៅប៉ុន្មានថ្ងៃខាងមុខ។ ខណៈថ្ងៃរដ្ឋាភិបាលថ្មីចាប់ផ្តើមការងារកាន់តែខិតមកដល់ លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិ បានប្រកាសបង្ហាញវត្តមានលើកចុងក្រោយនៅវិមានរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែសីហា។ 
 
មុនចាកចេញពីវិមានរដ្ឋាភិបាល លោកប្រាយុទ្ធ ចន្ទអូចា បង្ហាញក្តីសង្ឃឹមថា ថៃ នឹងមានសន្តិភាព។ បន្ថែមពីនេះ លោកប្រាយុទ្ធ ក៏បានផ្លាស់ប្តូរទៅជិះរថយន្តឯកជនរបស់លោក ជំនួសឱ្យរថយន្តរដ្ឋផង។ 
 
ស្របគ្នានេះ លោក Prawit Wongsuwan ឧបនាយករដ្ឋមន្រ្តីថៃបណ្តោះអាសន្ន  ក៏បានប្រកាសថាលោកនឹងលាលែងតំណែងជាតំណាងរាស្រ្ត រួមទាំងឈប់ពាក់ព័ន្ធនឹងនយោបាយថៃ។ យ៉ាងណាមិញ លោក Prawit នៅតែបន្តជាមេដឹកនាំបក្ស Phalang Pracharath ដដែល។
 
ចំណែក លោក Chonlanan Srikaew ក៏បានប្រកាសលាលែងពីតំណែងជាមេដឹកនាំបក្សភឿថៃផងដែរ ដោយសារ បក្សរបស់លោករួមគ្នាជាមួយបក្សនយោបាយគាំទ្រដោយយោធា។ យ៉ាងណាមិញ លោក​ Chonlanan អាចនៅតែរដ្ឋមន្រ្តីសុខាភិបាល ក្នុងរដ្ឋាភិបាលរបស់លោកសេដ្ឋា។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថ្មី ត្រូវបានរំពឹងថា នឹងដាក់ស្នើបញ្ជីសមាជិកគណៈរដ្ឋមន្រ្តីនៅថ្ងៃទី១ ខែកញ្ញា ដើម្បីទទួលបានការតែងតាំងពីមហាក្សត្រ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com