ជាតិ
កសិករចិញ្ចឹមគោ ត្អូញត្អែរពីតម្លៃគោរស់ចុះថោក ខណៈសាច់លើទីផ្សារមានតម្លៃខ្ពស់
31, Aug 2023 , 8:59 pm        
រូបភាព
រូបភាព៖ លោក ម៉ន ចាន់ថន
រូបភាព៖ លោក ម៉ន ចាន់ថន
ភ្នំពេញ៖ កសិករចិញ្ចឹមគោខ្នាតតូច បានត្អូញត្អែរពីតម្លៃគោរស់ចុះថោក និងមិនសូវមាន ឈ្មួញ​ទទួលទិញ ដោយសារតែការនាំចូលសាច់គោពីប្រទេសជិតខាង។ កសិករអះអាងថា ប្រហែល​មួយឆ្នាំហើយ គោរស់ធ្លាក់ថ្លៃជិតពាក់កណ្តាល ប៉ុន្តែចំណីបែរជាឡើងថ្លៃ។ ទន្ទឹម​នឹងនេះ នៅខែវស្សាគោរងការ​យា​យីពី​ជំងឺ​រាត្បា​ត​ថែម​ទៀត។ ​ កត្តាទាំងនេះ បានបង្ខំ​ឱ្យ​អ្នក​ខ្លះបោះបង់ការចិញ្ចឹម។

 
លោក មី រិទ្ធី ជាកសិករចិញ្ចឹមគោប្រមាណ១០ឆ្នាំហើយ នៅស្រុកបវេល ខេត្តបាត់ដំបង ។ កសិកររូបនេះ ប្រាប់សារព័ត៌មានថ្មីៗថា ឆ្នាំ​មុនគោពេញវ័យមួយក្បាល លោកអាចលក់​បាន​តម្លៃ៤លានរៀល ប៉ុន្តែបច្ចុប្បន្ន លោក​លក់​បានត្រឹមតែ២លានរៀលប៉ុណ្ណោះ។ បើតាម លោក មី រិទ្ធី សាច់គោនាំចូលពីប្រទេសជិតខាង បានទម្លាក់​តម្លៃ​​​គោរស់​ក្នុងស្រុកបែបនេះ។
 
គោរស់ធ្លាក់ចុះថ្លៃខ្លាំង​ជារឿងមួយ ប៉ុន្តែរឿងដែលធ្វើឱ្យលោក មី រិទ្ធី ដែល​ចិញ្ចឹមគោ កាន់​តែ​ពិបាកចិត្តហួស​នឹង​​ថ្លែងទៀត​នោះគឺស្មៅ និងចំបើង ដែលជាចំណីគោ បែរជាឡើង​ថ្លៃ​ទៅ​វិញ។ ​​គោ​ក៏​សម្បូរ​ជំងឺ​ថែមទៀត​ នៅរដូវវស្សា។ នេះជាការអះអាងរបស់លោក រិទ្ធី ដោយ​បន្ថែម​ថា ចំបើងមួយដុំ ​ដែលស្មើនឹង១២គីឡូក្រាម ​ បានឡើងថ្លៃពី ២ ៥០០រៀល​ ទៅ៥​ពាន់​រៀល​។ ករណី​នេះ បានបង្ខំឱ្យកសិករមួយចំនួន បោះបង់ការចិញ្ចឹមគោតទៅទៀត។
 
ចំណែក លោក ម៉ន ចាន់ថន ដែលអ្នកចិញ្ចឹមគោប្រមាណ៤០ក្បាល និងជាឈ្មួញទិញគោ​នៅ​ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ក៏ត្អូញពីរឿងគោរស់ធ្លាក់ថ្លៃនេះដែរ។ ឈ្មួញ​រូបនេះ​យល់​ស្របថា លំហូរ​​ចូលសាច់គោពីបរទេស​ ជាផ្នែកធំមួយធ្វើឱ្យ​ប៉ះពាល់ដល់​តម្លៃគោ​ក្នុ​ង​ស្រុក​​។ 
 
បើតាមលោក ម៉ន ថាន់ថន មូល​ហេតុ​ដែលឈ្មួញងាកទៅនាំចូលគោបរទេស ដោយ​សារ​តែ​វាមានតម្លៃប្រហាក់ប្រហែលគ្នា ប៉ុន្តែគោនាំចូលត្រូវបានចិញ្ចឹមតាមស្តង់ដារ និង​សាច់​ច្រើន ដែលធ្វើឱ្យអ្នកកាប់ចំណេញ។ ក្នុងនាមអ្នកចិញ្ចឹមគោ និងឈ្មួញម្នាក់ លោក ចាន់ថន មិនសប្បាយចិត្តចំពោះ​ការអនុញ្ញាតឱ្យនាំគោរស់​ចូលនេះទេ។
 
ក្រៅពីកត្តានាំចូលគោពីក្រៅមក លោក ម៉ន ចាន់ថន ក៏មើលឃើញនិន្នាការមួយទៀត ដែល​រួមចំណែក​ដល់ការធ្លាក់​ថ្លៃគោរស់ក្នុងស្រុកដែរ នោះគឺចរន្ត​ចំណាកស្រុករបស់ពលរដ្ឋ ទៅ​រកការងារនៅទីក្រុងវិញ។ លោក ពន្យល់ថា អំឡុងពេលកូវីដ-១៩ ពលរដ្ឋ​បាន​បាត់​បង់​ការងារ និងមុខរបរ ដូច្នេះពួក​គេ​ងាកមកសម្រុកចិញ្ចឹមគោច្រើន។ ប៉ុន្តែពេល​ស្ងប់ស្ងាត់ ពលរដ្ឋក៏ចាប់ផ្ដើមចាក​ចេញ​​ពីស្រុកកំណើតទៅធ្វើការងារ និងរកស៊ីនៅ​ទីក្រុង​វិញ​។ ហេតុ​នេះ ពួកគេចាំ​បាច់​លក់​គោ​ព្រមៗគ្នា ដែលធ្វើឱ្យតម្លៃធ្លាក់​ចុះខ្លាំងតាំង​ពី​ពេល​នោះ​មក។ 
 
សូមបញ្ជាក់ថា គោ​រស់​ធ្លាក់ថ្លៃប្រហែល៤០ភាគរយ ប៉ុន្តែសាច់គោដែលលក់​លើ​ទីផ្សារ​​នៅ​​មាន​​តម្លៃ​ខ្ពស់​ដដែល។ ដោយសារតម្លៃគោរស់ លក់មិនបានថ្លៃ បានបង្ខំឱ្យ មី រិទ្ធី ដោយ​សារតម្លៃថោក លោក មី រិទ្ធី បានសម្រេចចិត្ត ​ប្រ​​វាស់​​គោមួយចំនួនឱ្យ​គេ និង​លក់ចេញខ្លះ ដោយ​ទុកត្រឹម ៤ក្បាលប៉ុណ្ណោះ ដើម្បីបន្ធូរ​​​ចំណាយ​លើការ​​ថែទាំ​ និងចំណី។ ​ ​«បច្ចុប្បន្ន គោ​ខុស​ថ្លៃគ្នាចង់ពាក់កណ្ដាល ដែល​ធ្វើឱ្យ​អ្នក​ចិញ្ចឹមខាតអស់ច្រើនដែរ ព្រោះថា ឥឡូវគេ (ឈ្មួញ) យកគោមកពី ឡាវ ថៃ និង​វៀត​ណាម​។ ដល់ពេល គោថោកពេកទៅ ខ្ញុំអ្នកចិញ្ចឹម​តូចតាច​​ដូចពិបា​ក​នឹងរស់ដែរ»។ លោក មី រិទ្ធី បន្ថែម​ដូច្នេះ រួចបន្តថា លោកនឹង​ពង្រីក​ការ​ចិញ្ចឹមវិញ បើគោរស់មាននិន្នាការ​ឡើងនៅពេលខាងមុខ​នោះ។
 
សម្រាប់លោក ម៉ន ចាន់ថនវិញ លោកនៅតែមានជំនឿថា គោរស់​នឹង​ឡើងថ្លៃវិញ​នៅ​រដូវ​ច្រូត​កាត់ខាងមុខ ដោយសារតែកសិករបានលុយពីការលក់ស្រូវមកទិញគោ។ ម្យ៉ាង​ទៀត នៅ​រដូវនោះ គ្មានភ្លៀង គ្មានមូស និងគ្មានជំងឺ ដែលបង្កលក្ខណៈ​ងាយស្រួល​ដល់ការ​គ្រប់​គ្រង ខណៈស្មៅ និងចំបើង ក៏សម្បូរ​ដែរ។ ពេលនោះការចំណាយក្នុងការចិញ្ចឹមក៏ថមថយ ហើយ​តម្លៃលក់ចេញ អាចបានប្រសើរជាងបច្ចុប្បន្ន៕
 

Tag:
 គោ
  កសិកម្ម
  មី រិទ្ធី
  ម៉ន ចាន់ថន
  សាច់គោ
© រក្សាសិទ្ធិដោយ thmeythmey.com