ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ាណែត ពី West Point ទៅជាមេដឹកនាំ ដូចអតីតមេដឹកនាំបរទេស៥រូបទៀត..
31, Aug 2023 , 6:42 pm        
រូបភាព
បង្កើតឡើងនៅឆ្នាំ១៨០២ សាលាបណ្ឌិតសភាយោធាអាម៉េរិក (West Point) ឬ USMA នៅរដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក បានបណ្តុះបណ្តាលធនធានមនុស្សលំដាប់កំពូលជាច្រើន ទាំងក្នុងវិស័យយោធា ច្បាប់ ការទូត វិស្វកម្ម ជំនួញ កីឡា និងនយោបាយ ជាដើម។ ២៤ឆ្នាំក្រោយទទួលបានសញ្ញាបត្រពីសាលាដ៏ល្បីល្បាញមួយនេះ  លោក ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា។ ជាពលរដ្ឋខ្មែរដំបូង ប៉ុន្តែលោកមិនមែនជាបុគ្គលទីមួយនោះឡើយ ដែលបានឆ្លងការកាត់សិក្សានៅ West Point ហើយក្លាយជាមេដឹកនាំប្រទេស ព្រោះកន្លងមក ធ្លាប់មានប្រធានាធិបតីអាមេរិក២រូប រួមទាំងអតីតមេដឹកនាំនីការ៉ាហ្គោ, កូស្តារីកា និងអតីតប្រធានាធិបតីហ្វីលីពីន លោក ហ្វីដែល រ៉ាម៉ូស ផងដែរ។



ក្រោយឆ្លងកាត់ការសិក្សាអស់រយៈពេល៤ឆ្នាំ លោក Ulysses S.Grant បានទទួលសញ្ញាបត្រពី West Point នៅឆ្នាំ១៨៤៣ (Class of 1843) ក្នុងអាយុ២១ឆ្នាំ។ ទោះបីលោកមានក្តីសុបិនបម្រើការក្នុងជួរទ័ពសេះ ប៉ុន្តែលោកបានក្លាយជាឧត្តមសេនីយ៍កងទ័ពជើងគោក។ លោកបានចូលរួមក្នុងសមរភូមិម៉ិកស៊ិក-អាម៉េរិក ហើយនៅឆ្នាំ១៨៦១ លោកចូលរួមក្នុងកងទ័ពសហភាព (Union Army) ហើយក្លាយជាមេបញ្ជាការដែលដឹកនាំកងកម្លាំងជោគជ័យក្នុងសង្គ្រាមស៊ីវិល ក្រោយឆ្លងកាត់សមរភូមិជាច្រើន។


Ulysses S.Grant ប្រធានាធិបតីទី១៨របស់សហរដ្ឋអាម៉េរិក។ រូបថត Association of the United States Army

លោក Grant បានក្លាយជាប្រធានាធិបតីទី១៨របស់សហរដ្ឋអាម៉េរិកពីឆ្នាំ១៨៦៩ ដល់ឆ្នាំ១៩៧៧។ ក្រោយតស៊ូទប់ទល់ជាង១មួយជាមួយនឹងជំងឺមហារីកបំពង់ក លោកបានទទួលមរណភាពក្នុងអាយុ៦៣ឆ្នាំ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៨៨៥។ នៅឆ្នាំ២០២២ លោកត្រូវដំឡើងឋានន្តរស័ក្កិជាកិច្ចបច្ឆាមរណៈ (Posthumous Promotion) ថ្នាក់ឧត្តមសេនីយ៍កងទ័ពសហរដ្ឋអាម៉េរិក ដែលជាបុគ្គលទី៣ប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រដែលទទួលបានតំណែងនេះ បន្ទាប់លោក George Washington និង Jonh Pershing។


លោក Dwight D. Eisenhower ជាប្រធានាធិបតីទីពីរ និងចុងក្រោយរបស់អាម៉េរិក ដែលបានរៀននៅសាលា West Point។ ថ្នាក់ជំនាន់ឆ្នាំ១៩១៥ (Class of 1915) របស់លោក ត្រូវបានគេដាក់រហស្សនាមថា The Class the Stars Fell Down ដោយសារសិស្ស៥៩រូប ស្មើនឹង៣៦ភាគរយ បានក្លាយជាឧត្តមសេនីយ៍ ដែលជាចំនួនច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ USMA។


Dwight D. Eisenhower ប្រធានាធិបតីទី៣៤របស់អាមេរិក។ រូបថត AP

លោក Eisenhower ឆ្លងកាត់ការបំពេញបេសកកម្មក្នុងសង្គ្រាមលោកទាំងពីរលើក។ អំឡុងសង្គ្រាមលោកលើកទី២ លោកជាមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងសម្ព័ន្ធមិត្តនៅអឺរ៉ុប។ ក្រោយមក លោកបានក្លាយជាអគ្គសេនាធិការកងទ័ព, ប្រធានសកលវិទ្យាល័យ Columbia និងជាមេបញ្ជាការកំពូលទីមួយនៃអង្គការណាតូផងដែរ។ លោកក្លាយជាប្រធានាធិបតីទី៣៤របស់សហរដ្ឋអាម៉េរិក ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៦១ ហើយបានទទួលមរណភាពក្នុងអាយុ៧៨ឆ្នាំ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៦៩។

នៅអាម៉េរិកកណ្តាល មេដឹកនាំពីររូប បានឆ្លងកាត់ការរៀនសូត្រនៅសាលាបណ្ឌិតសភាយោធា West Point ដោយក្នុងនោះ មានលោក Anastasio Somoza Debayle ប្រធានាធិបតីនីការ៉ាហ្គោ២អណត្តិ (ឆ្នាំ១៩៦៧-១៩៧២ និងឆ្នាំ១៩៧៤-១៩៧៩) និងលោក José María Figueres ប្រធានាធិបតីទី៤២របស់កូស្តារីកា ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៨។



លោក Somaza Debayle បានរៀនចប់នៅឆ្នាំ១៩៤៦ (Class of 1946) ហើយមួយឆ្នាំក្រោយមកលោកបានក្លាយជាមេបញ្ជាការឆ្មាំសន្តិសុខជាតិរហូតដល់ឆ្នាំ១៩៦៧ មុននឹងកាន់តំណែងជាប្រធានាធិបតីនីការ៉ាហ្គោ។ រីឯលោក Figueres បានទទួលសញ្ញាបត្រនៅឆ្នាំ១៩៧៩ (Class of 1979) ហើយក្រោយមកបានចូលបម្រើការក្នុងរដ្ឋាភិបាលកូស្តារីកា រហូតដល់ក្លាយជារដ្ឋមន្ត្រីពាណិជ្ជកម្មបរទេស, រដ្ឋមន្ត្រីកសិកម្ម និងជាប្រធានាធិបតី។



នៅតំបន់អាស៊ីអាគ្នេយ៍ឯណេះវិញ គឺមានលោក Fidel V.Ramos ប្រធានាធិបតីហ្វីលីពីនពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៨ ដោយលោកបានទទួលសញ្ញាបត្រនៅឆ្នាំ១៩៥១ (Class of 1951)។ មុនក្លាយជាមេដឹកនាំប្រទេស លោកបានកាន់កាប់តំណែងសំខាន់ៗផ្នែកយោធា ជាពិសេសការបង្កើតកងកម្លាំងទ័ពពិសេសក្នុងសង្គ្រាមកូរ៉េ និងសង្គ្រាមវៀតណាម, ជាមេបញ្ជាការកងទ័ព និងជារដ្ឋមន្ត្រីការពារជាតិ ក្រោមរដ្ឋបាលលោក Carozon Aquino។


លោក ហ្វីដែល រ៉ាម៉ូស អតីតប្រធានាធិបតីហ្វីលីពីន។ រូបថត officialgazette.gov.ph

លោក ហ្វីដែល រ៉ាម៉ូស បានទទួលមរណភាពក្នុងអាយុ៩៤ឆ្នាំ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ ក្នុងសាររំលែកទុក្ខ សម្តេច ហ៊ុន សែន បានចាត់ទុកអតីតប្រធានាធិបតីហ្វីលីពីនរូបនេះ ជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប និងជាមិត្តដ៏ល្អម្នាក់របស់កម្ពុជា ដែលបានគាំទ្រដល់សមាជិកភាពរបស់កម្ពុជានៅក្នុងអាស៊ាន។

ក្នុងអាយុ៤៥ឆ្នាំ លោក ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា ពោលគឺ២៤ឆ្នាំក្រោយលោកបានរៀនចប់ពីសាលា West Point (Class of 1999)។ កន្លងមក លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង បានរិះគន់ថា ជាសញ្ញាបត្រកម្រិត២ ជាសញ្ញាបត្រកិត្តយសសម្រាប់ផ្តល់ឱ្យនិស្សិតយោធាបរទេសដើម្បីជាការលើកទឹកចិត្ត។ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន លោក ហ៊ុន ម៉ាណែត ក៏បានបបួលលោក សម រង្ស៊ី ភ្នាល់ដាក់ជីវភាពនយោបាយផងដែរ ប៉ុន្តែមិនមានការឆ្លើយតបណាមួយឡើយ។




ក្រៅពីឆ្លងកាត់ការសិក្សា៤ឆ្នាំនៅ West Point លោក ហ៊ុន ម៉ាណែត ក៏បានរៀនចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ New York University  និងបានបណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol University នៅចក្រភពអង់គ្លេសផងដែរ។

សម្រាប់លោក ហ៊ុន ម៉ាណែត ដែលបានចូលបម្រើកងទ័ពចាប់ពីឆ្នាំ១៩៩៥ មុនទៅរៀននៅ West Point បានអះអាងថា ការតទល់ជាមួយអតីតមេដឹកនាំគណបក្សប្រឆាំង ក៏ជាការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់និស្សិតបរទេសផ្សេងទៀតផងដែរ ក្នុងនោះរួមបញ្ចូលទាំងអតីតប្រធានាធិបតីហ្វីលីពីន, នីការ៉ាហ្គោ និងកូស្តារីកា។



ដូចជាមេដឹកនាំផ្សេងទៀតផងដែរ ក្រោយរៀនចប់នៅ West Point និងសាកលវិទ្យាល័យពីរទៀត លោក ហ៊ុន ម៉ាណែត បានកាន់តំណែងជាបន្តបន្ទាប់ រួមមានជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្មជាតិ, មេបញ្ជាការរងនៃកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី, ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ, ជាមេបញ្ជាការកងទ័ពជើងគោក  មុននឹងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ ចាប់តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣៕


© រក្សាសិទ្ធិដោយ thmeythmey.com