អន្តរជាតិ
ថៃតែងតាំងក្បាលម៉ាស៊ីនយោធាថ្មី មុនរដ្ឋាភិបាល លោក សេដ្ឋា ចូលកាន់តំណែង
01, Sep 2023 , 9:29 am        
រូបភាព
ឧត្តមសេនីយ៍ Charoenchai Hinthao មេបញ្ជាការកងទ័ពជើងគោកថៃ។
ឧត្តមសេនីយ៍ Charoenchai Hinthao មេបញ្ជាការកងទ័ពជើងគោកថៃ។
មហាក្សត្រថៃ ចេញរាជបញ្ជាបានតែងតាំងមន្រ្តីយោធាចំនួន ៧៦២រូប ដោយក្នុងនោះរួមទាំងក្បាលម៉ាស៊ីនធំៗរបស់កងទ័ពផងដែរ។ នេះបើតាមរបាយការណ៍ផ្លាស់ប្តូរយោធាប្រចាំឆ្នាំដែលត្រូវបានចុះផ្សាយលើរាជកិច្ច នៅថ្ងៃទី៣០ ខែសីហា។ ការផ្លាស់ប្តូរនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនរដ្ឋាភិបាលថៃថ្មីចូលកាន់តំណែង។

 
តាមរយៈរាជបញ្ជាដោយអមដោយហត្ថលេខារបស់លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិថៃ មន្រ្តីយោធាចំនួន៧៦២រូប រួមទាំងអគ្គបញ្ជាការកងទ័ពភូមិន្ទថៃ, , មេបញ្ជាការកងទ័ពជើងគោក, កងទ័ពជើងទឹក, និងកងទ័ពអាកាស សុទ្ធតែត្រូវបានតែងតាំងថ្មី។ រាជបញ្ជានេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ 
 
នៅក្នុងរាជបញ្ជានោះ នាយឧត្តមសេនីយ៍ Songwit Noonpakdee
មេបញ្ជាការរងកងទ័ពភូមិន្ទថៃ ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការ។ ទន្ទឹមនេះ នាយឧត្តមសេនីយ៍ Charoenchai Hinthao មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងគោកដែលជាតំណែងមានឥទ្ធិពលបំផុតក្នុងជួរកងទ័ពថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
លោក Hinthao ជាមនុស្សស្និទ្ធលោក ប្រាយុទ្ធ ផងដែរ។
 
ចំណែក នាយឧត្តមនាវី Adung Pan-iam ដែលកាន់តំណែងជាមេបញ្ជាការកងនាវាថៃ ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងទឹក ហើយនាយឧត្តមនាវី Suwin Jangyodsuk កាន់តំណែងជាមេបញ្ជាការរងកងទ័ពជើងទឹក។ 
 
បន្ថែមពីនេះ ឧត្តមសេនីយ៍ Panpakdee Pattanakul ត្រូវបានតែងតាំងជាមេបញ្ជាការទ័ពអាកាសថៃ ខណៈលោក Narong Intachart ដែលជាសេនាធិការកងទ័ពអាកាស ត្រូវជ្រើសជាមេបញ្ជាការរងទ័ពអាកាសថៃ។ 
 
ការផ្លាស់ប្តូរមន្រ្តីយោធាជាន់ខ្ពស់ខាងលើ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលរដ្ឋាភិបាលដឹកនាំដោយលោក សេដ្ឋា ថាវីស៊ីន ចូលបំពេញការងារ។ គណៈរដ្ឋមន្រ្តីថ្មី ត្រូវបានរំពឹងថា នឹងបើកកិច្ចប្រជុំលើកដំបូង នៅថ្ងៃទី១២ ខែកញ្ញា បន្ទាប់ពីស្បថចូលកាន់តំណែងនៅពីមុខមហាក្សត្រ។
 
ចំណែការតែងតាំងមេប៉ូលិសជាតិ នឹងទុកឱ្យរដ្ឋាភិបាលលោក សេដ្ឋា ចាត់ចែង៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com