ជាតិ
អភិបាលខេត្តព្រះសីហនុ ជំរុញឱ្យអ្នកនេសាទទៅចុះបញ្ជីទូក ឬនាវា
01, Sep 2023 , 10:19 am        
រូបភាព
កិច្ចប្រជុំស្ដីពីការចុះបញ្ជីនាវា និងទូកនេសាទក្នុងខេត្តព្រះសីហនុ។ រូបពី រដ្ឋបាលខេត្តព្រះសីហនុ
កិច្ចប្រជុំស្ដីពីការចុះបញ្ជីនាវា និងទូកនេសាទក្នុងខេត្តព្រះសីហនុ។ រូបពី រដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អំពាវនាវឱ្យពលរដ្ឋទៅចុះបញ្ជីទូកនេសាទ ដើម្បីងាយគ្រប់គ្រងទូកនិងកំណត់ទីតាំង។  នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។

 
លោក ពុំ សេដ្ឋា ប្រធានជលផល និងលោក គួច ចំរើន បានជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ ស្ដីពីការចុះបញ្ជីនាវា និងទូកនេសាទក្នុងខេត្តព្រះសីហនុ ដើម្បីលើកទឹកចិត្ត និងផ្សព្វផ្សាយដល់ប្រជានេសាទ។ គោលបំណង របស់អាជ្ញាធរ គឺចង់ជំរុញឱ្យប្រជានេសាទទៅសុំចុះបញ្ជីទូកនេសាទ ។ រដ្ឋបាលខេត្ត នឹងបញ្ចុះតម្លៃ៥០ភាគរយ សម្រាប់ប្រជានេសាទចុះបញ្ជីទូក នៅឆ្នាំ២០២៣។ 
 
អភិបាលខេត្តណែនាំឱ្យប្រជានេសាទ ទៅច្រកចេញចូលតែមួយររបស់រដ្ឋបាលខេត្ត ដើម្បីចុះបញ្ជី។ លោក ក៏ស្នើទៅអាជ្ញាធរមូលដ្ឋាន ឱ្យជួយសម្រួលការងារដល់ពលរដ្ឋ។ «អង្គភាពច្រកចេញចូលតែមួយ ត្រូវខិតខំជំរុញសម្របសម្រួលឯកសារឱ្យប្រជានេសាទ ដែលពួកគាត់មកសុំសេវា ត្រូវធ្វើយ៉ាងណាធ្វើជូនគាត់ភ្លាមៗឱ្យបានកាន់តែលឿន និងមានតម្លាភាព ដើម្បីឱ្យកម្ពុជា ចេញផុតពីកាតក្រហមរបស់សហភាពអឺរ៉ុប»។ លោក គួច ចំរើន លើកឡើងបែបនេះ។
 
លោក គួច ចំរើន ក៏ប្រាប់ឱ្យអាជ្ញាធរត្រូវអប់រំផ្សព្វផ្សាយដល់ប្រជានេសាទ នៅក្នុងសហគម ឱ្យចុះបញ្ជីទូកនេសាទ ក្នុងដំណាក់កាលលើកទឹកចិត្តនេះ។ ដំណាក់កាលក្រោយទៀត លោកបង្ហើបថា នឹងមានការផាកពិន័យ បើទូកនេសាទណាពុំបានបញ្ជី។ 
 
បច្ចប្បន្នទូកនេសាទនៅក្នុងខេត្តព្រះសីហនុ មិនទាន់បានចុះបញ្ជីឡើយ។ លោក ពុំ សេដ្ឋា ប្រធានជលផល បានបញ្ជាក់ថា បើទូកនេសាទណាបានចុះបញ្ជីនោះ រដ្ឋនឹងបំពាក់ឧបករណ៍ GPS ឱ្យបន្ថែមទៀត ក្រោមជំនួយរបស់សហភាពអឺរ៉ុប ។ បើតាមមន្ត្រីជលផលរូបនេះ ការចុះបញ្ជីនេះ នឹងផ្ដល់ភាពងាយស្រួលដល់គ្រប់គ្រងឱ្យមានតម្លាភាព ប្រសិទ្ធភាព និងការងារជួយសង្គ្រោះ នៅពេលមានឧបទ្ទវហេតុលិចទូក ឬករណីមិនប្រក្រតីកើតឡើង។  
 
កាលពីឆ្នាំ២០១៤ កម្ពុជាជាប់កាតក្រហមរបស់សហភាពអឺរ៉ុប ពោលគឺមានរយៈពេល ៩ឆ្នាំមកហើយ បើគិតមកទល់ពេលនេះ។ ហេតុនេះលោក សេដ្ឋា ជំរុញឱ្យពលរដ្ឋចុះបញ្ជីនាវា និងទូកនេសាទរបស់ខ្លួន ដើម្បីដោះកាតក្រហមពី IU ចេញ។ 
 
សូមជម្រាបថា នៅខេត្តព្រះសីហនុ មានទូកនេសាទតូច ធំ សរុបចំនួន ២៥២៣ទូក ហើយទូកដែលបានសុំបង់ពន្ធដែននេសាទមានចំនួន៦៥ទូកប៉ុណ្ណោះ៕
 

Tag:
 ព្រះសីហនុ
  នេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com