ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកនាយករដ្ឋមន្រ្តី នឹងវះកាត់ការតែងតាំងទីប្រឹក្សា ឬជំនួយការ ដែលមាន«ឋានៈស្មើ»
01, Sep 2023 , 10:53 am        
រូបភាព
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងកែទម្រង់លើការតែងតាំងតួនាទីជាប្រឹក្សា ឬជំនួយការ ដែលផ្ដល់ឱ្យមានឋានៈស្មើ រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការជាដើម។ លោកនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ១៨២៨៩នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១ កញ្ញា។



«និយាយត្រង់ហ្មង យើងមានអភិបាលរងខណ្ឌ មានឋានៈស្មើរដ្ឋមន្ត្រី, យើងមានអនុការិយាល័យ ឋានៈស្មើអនុរដ្ឋលេខាធិការ តែដល់ពេលប្រជុំត្រូវធ្វើយ៉ាងម៉េច»។ នេះបើតាមលោក ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា នៅពេលប្រជុំម្ដងៗ វាប៉ះពាល់ដល់អារម្មណ៍ និងការសម្រេចចិត្តក្នុងការដឹកនាំ។
 

លោក ហ៊ុន ម៉ាណែត ក៏កត់សម្គាល់ឃើញមានឧកញា អ្នកឧកញាខ្លះ មានតួនាទីឋានៈស្មើរដ្ឋមន្រ្តី និងមានមេធាវី មានឋានៈស្មើរដ្ឋលេខាធិការផងដែរ។ សម្រាប់លោក ម៉ាណែត ការផ្ដល់ឋានៈស្មើរដ្ឋមន្រ្តី ឬរដ្ឋលេខាធិការនេះ វានឹងប៉ះពាល់ដល់ការដឹកនាំរបស់រដ្ឋាភិបាល។ 
 

ដើម្បីដោះស្រាយបញ្ហាទាំងនេះ លោកនាយករដ្ឋមន្រ្តី នឹងកែសម្រួលលើការតែងតាំងជាថ្មី។ «យើងត្រូវសម្រេចធ្វើការវះកាត់ ដើម្បីធានានូវការលើកទឹកចិត្ត ប៉ុន្តែកុំឱ្យប៉ះពាល់ផលប្រយោជន៍រួម នៅក្នុងស្ថាប័ន។ ហើយខ្ញុំសូមការយោគយល់ពីបណ្ដាឯកឧត្តម អស់លោក លោកស្រី ដែលអាចមានការប៉ះពាល់នេះ»។ លោក ហ៊ុន ម៉ាណែត បន្ថែម។
 
ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធា ដែលកន្លងមក ទទួលបានការតែងតាំងជាទីប្រឹក្សា ឬជំនួយការ មានឋានៈរដ្ឋមន្រ្តី ឬរដ្ឋលេខាធិការជាដើមនោះ គឺត្រូវលុបចេញវិញ។ តែយ៉ាងណាលោកនាយករដ្ឋមន្ត្រី ផ្ដល់ជម្រើសចំនួន២ ដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងទាំងនោះ។
 
ត្រង់ចំណុចនេះលោក ហ៊ុន ម៉ាណែត បានពន្យល់ថា បើមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធា ត្រូវបានតែងតាំងជាទីប្រឹក្សា ឬជំនួយការ នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនោះ គឺមិនត្រូវទទួលបានឋានៈស្មើ រដ្ឋមន្រ្តី រដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានទៀតនោះទេ។
 
ក្នុងន័យនេះលោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ដែរថា បើសិនជាមន្ត្រីទាំងនោះ ចង់បានតួនាទីជាទីប្រឹក្សា ឬជំនួយការ ដែលមានឋានៈស្មើ រដ្ឋមន្រ្តី រដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាននោះ គឺពួកគេត្រូវតែបោះបង់តួនាទីក្របខណ្ឌខ្លួនចោល ហើយមកបំពេញការងារជាទីប្រឹក្សា និងជំនួយការតែម្ដង ។ បានន័យថា ពួកគេមិនអាចបំពេញការងារជាអគ្គនាយកផង ឬអភិបាលខណ្ឌផង ហើយមានតួនាទីជាទីប្រឹក្សា និងជំនួយការ ដែលមានឋានៈស្មើរដ្ឋមន្រ្តី រដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ នោះទេ។
 
ករណីមួយទៀត បើសិនជាមន្ត្រីរាជការស៊ីវិលទាំងនោះ ចង់កាន់តួនាទីក្របខណ្ឌ ដូចជាអគ្គនាយក អគ្គនាយករង ឬអភិបាលខណ្ឌ ហើយជាទីប្រឹក្សា ឬជាជំនួយការផងនោះ គឺពួកគេអាចកាន់តួនាទីទាំងនោះបាន ប៉ុន្តែជាទីប្រឹក្សា ឬជាជំនួយការនោះ គឺមិនត្រូវផ្ដល់ឋានៈស្មើ អ្វីឡើយ។ លោក ហ៊ុន ម៉ាណែត នឹងផ្ដល់ជម្រើសបែបនេះ ដល់មន្រ្តីរាជការស៊ីវិល និងកងកម្លាំងគ្រប់ប្រភេទ។

ចំពោះអ្នកនៅក្រៅក្របខណ្ឌវិញ អាចទទួលតួនាទីជាទីប្រឹក្សា ឬជាជំនួយការ ដែលមានឋានៈស្មើនេះ ឬឋានៈស្មើនោះ បាន។ នេះបើតាមលោកនាយករដ្ឋមន្រ្តី ដែលបានបន្ថែមថា ព្រះមហាក្សត្រ នឹងចេញព្រះរាជក្រឹត្យថ្មី កំណត់លើការតែងតាំងនេះ។

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com