អន្តរជាតិ
លោក ថាក់ស៊ីន ដាក់ពាក្យស្នើសុំលើកលែងទោសពីមហាក្សត្រជាផ្លូវការ
01, Sep 2023 , 11:59 am        
រូបភាព
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាប់ពន្ធនាគារយៈពេល៨ឆ្នាំ បានដាក់ពាក្យស្នើសុំលើកលែងទោសពីមហាក្សត្ររួចហើយ។ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីយុត្តិធម៌ផុតអាណត្តិ លោក  Wissanu Krea-ngam លើកឡើងថាលោកបានទទួលសំណើនោះនៅថ្ងៃទី៣១​ ខែសីហា។

 
ក្រោយតុលាការសម្រេចដាក់ពន្ធនាគាររយៈពេល ៨ឆ្នាំ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ ពេលនេះ កំពុងសម្រាកព្យាបាល និងជាប់ឃុំនៅក្នុងមន្ទីរពេទ្យប៉ូលិសថៃ។ លោកថាក់ស៊ីន ក៏កំពុងរៀបចំឯកសារ ដើម្បីសុំលើកលែងទោសពីមហាក្សត្រ។ 
 
លោក  Wissanu Krea-ngam ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីយុត្តិធម៌ផុតអាណត្តិ នៅថ្ងៃទី៣១ ខែសីហា បានបញ្ជាក់ថា លោកបានទទួលសំណើស្នើសុំលើកលែងទោសពីលោក ថាក់ស៊ីន រួចហើយ។ បើតាមអតីតឧបនាយករដ្ឋមន្រ្តីក្នុងរដ្ឋាភិបាលលោកថាក់ស៊ីនរូបនេះ លោកនឹងពិនិត្យព័ត៌មានលម្អិតឱ្យបានត្រឹមត្រូវ មុនពេលបញ្ជូនសំណើនោះ ទៅតុនាយករដ្ឋមន្រ្តី។ 
 
ស្របគ្នានេះ លោក Wissanu បានបញ្ជាក់ផងដែរថា លោកមិនច្បាស់លាស់ឡើយ ថាតើសំណើនោះត្រូវរៀបចំរដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចន្ទអូចា ឬរដ្ឋាភិបាលរបស់លោកសេដ្ឋា ថាវីស៊ី ដែលជានាយករដ្ឋមន្រ្តីថៃថ្មី។ តាមនីតិវីធី​ រដ្ឋមន្រ្តីយុត្តិធម៌ជាអ្នកបញ្ជូនសំណើលើកលែងទោសទៅនាយករដ្ឋមន្រ្តី ហើយនាយករដ្ឋមន្រ្តី នឹងស្នើទៅព្រះមហាក្សត្រ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS។ 
 
កន្លងមក ក្រុមប្រឆាំងលោកថាក់ស៊ីន បានដាក់ញាត្តិទៅនាយកដ្ឋានកែប្រែ ដើម្បីរារាំងការប៉ុនប៉ងការដាក់សំណើសុំលើកលែងទោស ដោយអះអាងថា ករណីប្រព្រឹត្តអំពើពុករលួយ មិនគួរទទួលបានការលើកលែងទោសពីមហាក្សត្រទេ។ មិនតែប៉ុណ្ណោះ ក្រុមប្រឆាំងបានអះអាងថា លោកថាក់ស៊ីនថែមទាំងគេចខ្លួនចេញពីប្រទេស និងមិនគោរពសេចក្តីសម្រេចតុលាការថែមទៀត។
 
សូមបញ្ជាក់ថា កន្លងមក លោក Wissanu ធ្លាប់បានអះអាងថា លោកថាក់ស៊ីន អាចដាក់ពាក្យស្នើសុំលើកលែងទោសពីមហាក្សត្រ ចាប់តាំងពីថ្ងៃដំបូង ដែលលោកអនុវត្តទោសជាប់ពន្ធនាគារ។ បើសិនបើស្នើសុំការលើកលែងទោសលើកនេះ មិនបានផល លោក ថាក់ស៊ីន ត្រូវរង់ចាំ២ឆ្នាំទៀតដើម្បីដាក់ពាក្យស្នើជាថ្មី៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com