ជាតិ
ក្រសួងកសិកម្ម ចង់ប្រើប្រាស់ដ្រូនឈ្លបយកការណ៍បទល្មើសព្រៃឈើ និងនេសាទ
× ភ្នំពេញ៖ ក្រសួងកសិកម្ម ត្រូវការដ្រូន (Drone) ដែលមានសមត្ថភាពហោះបានឆ្ងាយ ដើម្បីឈ្លបយកការណ៍បទល្មើសព្រៃឈើ និងនេសាទ។ នេះជាការបញ្ជាក់របស់ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងកិច្ចពិភាក្សាអំពីការផ្លាស់ប្តូរឌីជីថល (Digital Transformation) ជាមួយតំណាងក្រុមហ៊ុនមិត្តហ្វូន នៅថ្ងៃទី៣១ ខែសីហា។
លោក ឌិត ទីណា បានប្រាប់ទៅកាន់ក្រុមហ៊ុនមិត្តហ្វូនថា អាណត្តិថ្មីនីតិកាលទី៧នេះ ក្រសួងកសិកម្ម នឹងផ្តោតលើកម្មវិធីអភិវឌ្ឍ ជាពិសេសអ្នកជំនាញកសិកម្ម ដើម្បីជួយដល់កសិករនៅមូលដ្ឋានទូទាំងប្រទេស ដែលជាគោលដៅអាទិភាពរបស់រដ្ឋាភិបាល។ លើសពីនេះ ក្រសួង ក៏កំពុងបន្តធ្វើទំនើបកម្មបែបឌីជីថល ដើម្បីបង្កភាពងាយស្រួល រហ័ស ម្ចាស់ការ និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាដល់ប្រជាកសិករ។
ពាក់ព័ន្ធនឹងការងារនេះ ក្រសួងកសិកម្ម ត្រូវការសហការពីវិស័យឯកជន ។ សម្រាប់ផ្នែករឹង (Hardware) គឺក្រសួងត្រូវការប្រភេទដ្រូន (Drone) ដែលមានសមត្ថភាពហោះបានឆ្ងាយ ដើម្បីឈ្លបយកការណ៍ និងការបង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសនេសាទ ព្រមទាំងការងារអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង។ ចំណែក ផ្នែកទន់ (Software) គឺការបណ្តុះបណ្តាលធនធានមនុស្ស ដែលក្នុងនោះរួមមានជំនាញកសិកម្ម បច្ចេកវិទ្យាថ្មីៗ ព្រមទាំងភាសាអង់គ្លេស ដើម្បីពង្រឹងគុណភាព និងបង្កើនប្រសិទ្ធភាពការងារក្នុងវិស័យកសិកម្ម៕
Tag:
កសិកម្ម
បទល្មើសព្រៃឈើ
បទល្មើសនេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com