ជាតិ
យូនីសេហ្វ ព្រមានបញ្ហាសុខភាពកុមារ ពីការការបំពុល ខ្យល់ ទឹក និងចំណីអាហារ
02, Sep 2023 , 7:59 am        
រូបភាព
រូបតំណាង។ រូបពី យូនីសេហ្វ
រូបតំណាង។ រូបពី យូនីសេហ្វ
ភ្នំពេញ៖ អង្គការយូនីសេហ្វ និងក្រសួងសុខាភិបាល វាយតម្លៃថា កុមារប្រឈមមុខនឹងហានិភ័យសុខភាព ពីការបំពុលខ្យល់ បំពុលទឹក ចំណីអាហារ លោហធាតុពុល ថ្នាំសម្លាប់សត្វល្អិត និងសំណល់គ្រោះថ្នាក់ផ្សេងទៀតដើម នាពេលខាងមុខ ប្រសិនបើពុំមានការចូលរួមទប់ស្កាត់និងស្ដារបរិស្ថានឡើងវិញ។ 

អង្គការយូនីសេហ្វ ក្រសួងសុខាភិបាល រួមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន២៩ បានរួមគ្នាធ្វើបង្ហាញពីរបកគំហើញ ស្ដីពីការវាយតម្លៃសុខភាពកុមារ និងបរិស្ថាន លើកដំបូងនៅក្នុងប្រទេស។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ យូនីសេហ្វ លោក វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានចាត់ទុក វិបត្តិអាកាសធាតុ គឺជាវិបត្តិសិទ្ធិកុមារ។ 
 
នាយកយូនីសេហ្វប្រចាំកម្ពុជា ឃើញកុមារប្រឈមមុខនឹងមុខសញ្ញាគ្រោះថ្នាក់បរិស្ថានធ្ងន់ធ្ងរ ហើយបញ្ហានេះ នឹងបង្កឱ្យមានផលប៉ះពាលើ់ដល់សិទ្ធិមូលដ្ឋានកុមារ សិទ្ធិរស់រានមានជីវិត និងលូតលាស់របស់ពួកគេផងដែរ។ កត្តាទាំងនេះ លោកបន្តថា វានឹងធ្វើឱ្យថយចុះនូវសក្តានុពលរបស់កុមារ ក្នុងការក្លាយជាអ្នកដឹកនាំ។ 
 
បច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុ និងការរិចរិលបរិស្ថាន កំពុងគំរាមគំហែលយ៉ាងធ្ងន់ធ្ងរដល់ការរស់រានមានជីវិត សុខភាព ការអប់រំ កិច្ចការពារ និងសុខុមាលភាពកុមការ។ ការកើនឡើងទូទាំងសកលនៃ ជំងឺមហារីក ទឹកនោមផ្អែម វិបត្តិអភិវឌ្ឍន៍ផ្នែកប្រព័ន្ធប្រសាទ និងជំងឺហឺត កើតឡើងស្របពេលនឹងការកើនឡើងយ៉ាងគំហុក នៃការបំពុលខ្យល់ សំណល់អេឡិចត្រូនិក។ ជាមួយគ្នាដែរ ការប្រើប្រាស់ សាធាតុគីមីគ្រោះថ្នាក់ នៅក្នុងផលិតផលប្រចាំថ្ងៃនានា ដូចជាប្លាស្ទិក ម្ហូបអាហារ គ្រឿងអេឡិចត្រូនិក ប្រដាប់ក្មេងលេង និងក្រែមលាបស្បែក ក៏រកឃើញមានសារធាតុបំពុលផងដែរ។ ទាំងនេះជាការរកឃើញរបស់ យូនីសេហ្វ។ 
 
ហេតុនេះ លោក វីល ផាកស៍ បានលើកឡើងយ៉ាងដូច្នេះ៖ «កាលណាយើងយល់បីស្ថានការណ៍នេះ(សុខភាពកុមារ បរិស្ថាន និងអាកាសធាតុ) កាន់តែច្រើន យើងកាន់តែអាចស្វែងរកការគាំទ្រ និងធ្វើសកម្មភាពបន្ទាន់ដើម្បីគាំទ្រសហគមន៍ដែលងាយរងគ្រោះបំផុត»។ 
 
យូនីសេហ្វ បានប៉ាន់ប្រមាណថាកុមារ ៣០០លាននាក់ ទៅទូទាំងពិភពលោក រស់នៅក្នុងតំបន់មានកម្រិតជាតិពុលក្នុងខ្យល់ខ្ពស់ ជាងគោលការណ៍ណែនាំអន្តរជាតិដល់ទៅ៦ដង។ នៅកម្ពុជាវិញ អង្គការនេះបង្ហាញថាកុមការក្រោម៥ឆ្នាំ ១នាក់ក្នុងចំណោម៥នាក់ ស្លាប់ដោយសារការបំពុលខ្យល់។ យ៉ាងណា អង្គការសុខភាពពិភពលោកវាយតម្លៃថា មួយភាគបួន នៃករណីស្លាប់ ក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ អាចបង្ការបាន តាមរយៈការដោះស្រាយហានិភ័យបរិស្ថាន។ 
 
«យើងត្រូវការសកម្មភាពរួមគ្នារបស់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា និងសង្គមស៊ីវិល ដើម្បីកាត់បន្ថយហានិភ័យសុខភាពបរិស្ថាន ពិសេសចំពោះកុមារ»។ យូនីសេហ្វលើកឡើងបែបនេះ អំពាវនាវឱ្យមានការពង្រឹងនិងរឹតបន្តឹង ការអនុវត្តគោលនយោបាយនិងបទប្បញ្ញត្តិនានា ដើម្បីទប់ស្កាត់និងគ្រប់គ្រងការប៉ះពាល់នឹងសារធាតុបំពុល និងធាតុកខ្វក់។ លើសពីនេះ គឺការពង្រឹងសមត្ថភាពអ្នកផ្ដល់សេវាថែទាំសុខភាព រួមទាំងអ្នកស្រាវជ្រាវ និងអ្នកត្រួតពិនិត្យបរិស្ថាន ដើម្បីចែកចាយចំណេះដឹងទាំងនោះចូលរួមក្នុងសហគមន៍។ 
 
ពាក់ព័ន្ធនឹងបញ្ហាសុខភាពកុមារ ដោយសារតែការកើនឡើងនៃហានិភ័យបរិស្ថាន និងកត្តាបម្រែបម្រួលអាកាសធាតុនេះ លោក កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល ក៏បានព្រមានមិនឱ្យមើលស្រាលឬព្រងើយកន្តើយដែរ។ លោកបន្ថែមថា៖ «សកម្មភាពរួមគ្នាបន្ទាន់ និងការវិនិយោគបន្ថែមទៀត គឺជាការចាំបាច់ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងការពារកុមាររបស់យើង»៕ 
 
 

Tag:
 កុមារ
  សុខភាព
  បរិស្ថាន
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com