ជាតិ
CHRC គ្រោងបើកឱ្យពលរដ្ឋដាក់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងសិទ្ធិមនុស្ស តាមប្រព័ន្ធទូរស័ព្ទដៃ
02, Sep 2023 , 11:39 am        
រូបភាព
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ រូបពី CHRC
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ រូបពី CHRC
ភ្នំពេញើ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC​) គ្រោងរៀបចំ ប្រព័ន្ធទូរស័ព្ទដៃ (CHRC Apps) ដើម្បីបង្កើតភាពងាយស្រួល ឱ្យពលរដ្ឋអាចដាក់ពាក្យបណ្ដឹង ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស។ នេះបើតាម CHRC ចេញផ្សាយ។

លោក កែវ រ៉េមី ប្រធាន CHRC បានជួបពិភាក្សាទិសដៅការងារអាទិភាព ជាមួយលោកស្រី រួអេដា អិល ហាច (Ms. Roueida El Hage) តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ ក្នុងជំនួបនោះ CHRC បានលើកយកគោលដៅទីមួយ ពីការដាក់ប្រអប់បណ្តឹង នៅតាមពន្ធនាគារ ក្នុងរាជធានីភ្នំពេញ។ យន្តការនេះ នឹងមានប្រសិទ្ធភាពសម្រាប់ជនជាប់ឃុំ ដែលអាចឱ្យពួកគេរាយការណ៍ពីករណីរំលោភសិទ្ធិមនុស្ស នៅក្នុងពន្ធនាគារបាន។ 
 
CHRC មួយបានសង្កត់ធ្ងន់លើចំណុចមួយទៀត គឺ៖ «ការដាក់ឱ្យប្រើប្រាស់ ការទទួលពាក្យបណ្តឹងតាមប្រព័ន្ធទូរស័ព្ទដៃ (CHRC Apps) របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីសម្រួលដល់ការដាក់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនៅតាមបណ្តា រាជធានី​​-ខេត្ត»។ 
 
ជាមួយគ្នាដែរ CHRC គ្រោងនឹងរៀបចំបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សមួយ ដែលឯករាជ្យ ស្របតាមគោលការណ៍ទីក្រុងប៉ារីស។ 
 
ទោះបីជា គ្រោងបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សថ្មី នាពេលខាងមុខ ក៏ភាគីតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានស្នើឱ្យរក្សា CHRC ទុកនៅដដែល ដោយផ្អែកលើភាពចាំបាច់ក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្សរួមគ្នាជាបន្តទៀត។ 
 
CHRC និង ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា  បានត្រៀមរៀបចំអបអរសាទរទិវាសិទ្ធិមនុស្ស ខួបលើកទី៧៥ ដែលគ្រោងប្រព្រឹត្តិទៅ នៅថ្ងៃទី៨ ខែធ្នូ ខាងមុននេះ៕ 
 
 

Tag:
 សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com