ជាតិ
កូនផ្សោតកើតថ្មីមួយក្បាលទៀត នៅដើមខែកញ្ញានេះ
02, Sep 2023 , 6:59 pm        
រូបភាព
កូនផ្សោតកើតថ្មី ដែលគេប្រទះឃើញនៅថ្ងៃទី២កញ្ញា ឆ្នាំ២០២៣។ រូបពីក្រសួងកិសកម្ម
កូនផ្សោតកើតថ្មី ដែលគេប្រទះឃើញនៅថ្ងៃទី២កញ្ញា ឆ្នាំ២០២៣។ រូបពីក្រសួងកិសកម្ម
ភ្នំពេញ៖ កូនផ្សោតថ្មីមួយក្បាលទៀត ត្រូវបានគេប្រទះឃើញ ហើយបានសន្និដ្ឋានថា មានអាយុកាលប្រមាណ២០ថ្ងៃ។ នេះបើតាមការជូនដំណឹងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កូនផ្សោតកើតថ្មីនេះ ត្រូវបានក្រុមការងារស្រាវជ្រាវនិងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWF ដែលកំពុងបំពេញការងារចុះអង្កេតស្ថានភាពសត្វផ្សោតទន្លេមេគង្គ ប្រទះឃើញនៅទី២កញ្ញា ខណៈវាហែលជាមួយក្រុមហ្វូងសត្វផ្សោតធំៗ ដែលមានចំនួនប្រមាណប្រាំបីក្បាល។ ទីតាំងដែលពួកវា ហែលនេះ គឺនៅចំនុចកន្ទុយកោះជ្រឹម ក្នុងអន្លង់ត្បូងខ្លា ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ 
 
ក្រុមជំនាញខាងលើ បានចំណាយពេលអង្កេតជាក់ស្តែង អស់រយៈពេល២ម៉ោង លើកូនផ្សោតនោះ រួមទាំងក្រុមរបស់វា។ ជាលទ្ធផលឃើញថា ពួកផ្សោតធំៗនោះ មិនបំពានឬកាចដាក់កូនផ្សោតថ្មីឡើយ។ 
 
សូមជម្រាបថា កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី៧ហើយ ដែលបានកើតក្នុងឆ្នាំ២០២៣។ យ៉ាងណាក្នុងឆ្នាំនេះ ក៏មានផ្សោត៣ក្បាល បានស្លាប់ទៅវិញផងដែរ៕ 
 

Tag:
 ផ្សោត
© រក្សាសិទ្ធិដោយ thmeythmey.com