ជាតិ
​កុមារាពូកែវោហារ ចេក លាងសាន ចង់ក្លាយជាគ្រូពេទ្យតែមិ​នចោលជំនាញមេកានិក
02, Sep 2023 , 9:29 pm        
រូបភាព
 កុមារា ចេក លាងសាន
កុមារា ចេក លាងសាន
ភ្នំពេញ៖ កុមារា ចេក លាងសាន គឺជាសិស្សថ្នាក់ទី៧ ដែលមកពីក្លឹបរូបវិទ្យា នៃសាលារៀនជំនាញថ្មី បានបង្កើតកូនឡានបញ្ជា ដោយភ្ជាប់ជាមួយកម្មវិធីទូរសព្ទ ដើម្បីដាក់បង្ហាញនៅក្នុងកម្មវិធីពិព័រណ៍ស្នាដៃសិស្ស នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ យ៉ាងណាមិញ កុមារវ័យ១២ឆ្នាំរូបនេះ បានលើកឡើងថា បើទោះរូបគេចូលចិត្តជំនាញមេកានិកក្តី ប៉ុន្តែ លាងសាន គឺចង់ក្លាយជាគ្រូពេទ្យច្រើនជាង។


សូមលោក អ្នកនាង ទស្សនាវីដេអូដូចតទៅ៖

 

ក្នុងការធ្វើបទបង្ហាញស្តីពីអត្ថប្រយោជន៍ នៃកូនឡាន​បញ្ជានេះ កុមារតូចដែលពូកែវោហារសព្ទ ចេក លាងសាន បានរៀបរាប់ថា កូនឡានបញ្ជានេះ បង្កើតឡើងក្នុងគោលបំណងចំនួន៣រួមមាន ការយល់ដឹងពីការបង្កើតជាសមទ្ធិផលដែលមានភាពទាក់ទាញ របៀបបង្កើតឡាន ក៏ដូចជាបំពេញលក្ខខណ្ឌនៃការអប់រំស្ទេម(STEM)ផងដែរ។ 
  


កុមារា លាងសាន លើកឡើងថា ការបង្កើតកូនឡាននេះ​ មានការជំរុញពីមនុស្សជុំវិញខ្លួន សមាជិកក្រុម លោកគ្រូ អ្នកគ្រូ និងពីខ្លួនឯងផ្ទាល់។ បើទោះការដំឡើងមានត្រឹម១សប្តាហ៍ក៏ពិតមែន ប៉ុន្តែលាងសាន និងសមាជិក មានពេលរយៈ១ខែ ក្នុងការហាត់រៀន ព្រមទាំងសិក្សាស្រាវជ្រាវជាដើម។ សិស្សមកពីក្លឹបរូបវិទ្យាម្នាក់នេះ បន្តថា សិស្សទាំងអស់ត្រូ​វគិតលើពេលវេលាជារឿងសំខាន់ និងត្រូវរៀបចំកិច្ចការរបស់ខ្លួនដោយផ្ចិតផ្ចង់។ ជាសិស្សថ្នាក់ទី៧ រូបនេះ បន្តថា វាជាគម្រោងទី១  ដែលអាចធ្វើឡាននេះបានសម្រេច។ លាងសាន ពិតជាមានមោទកភាពលើខ្លួនឯង ជាខ្លាំង។
  


នេះជាជំហានដំបូងរបស់ កុមារា ចេក លាងសាន និងមិត្តរួមក្រុម ដែលបានសាងសមទ្ធិផល និងបានស្នាដៃយ៉ាងល្អ។ ជំនាញមេកានិក ជាផ្នែកមួយនៃចំណូលចិត្តរបស់ លាងសាន ប៉ុន្តែវាមិនមែនជាគោលដៅនៅថ្ងៃអនាគតរបស់ អ្នកលោះតូចនេះឡើយ។ ទៅថ្ងៃមុខ លាងសាន ចង់ក្លាយជាគ្រូពេទ្យដ៏ចំណានម្នាក់ តែ លាងសាន ក៏មិនបោះបង់ ជំនាញមេកានិកនោះទេ។ 
«ខ្ញុំចង់ក្លាយជាគ្រូពេទ្យម្នាក់។ ប៉ុន្តែខ្ញុំបានគិតថា បើខ្ញុំចង់ធ្វើពេទ្យមែន ខ្ញុំចេះធ្វើឡាននេះមួយទៀត មុខជំនាញរបស់ខ្ញុំក៏កាន់តែកើនឡើងមួយបន្ថែមទៀត។» កុមារ ចេក លាងលាន និយាយដោយជឿជាក់បែបនេះ។ 
  


ក្នុងនាមជាទំពាំងស្នងឫស្សីមួយរូប ចេក លាងសាន ក៏បានលើកទឹកចិត្តដល់មិត្តភក្តិ និងសិស្សានុសិស្សផ្សេងទៀត ដែលមានបំណងចង់ច្នៃប្រឌិតឧបករណ៍ថ្មីៗ ត្រូវមានភាពជឿជាក់លើខ្លួនឯងជានិច្ច។ ជាមួយគ្នា លាងសាន​ ក៏រំពឹងថា ខ្លួននឹងអាចចូលរួមបង្ហាញស្នាដៃផ្សេងទៀត ដើម្បីឱ្យអ្នកជុំវិញខ្លួនបានឃើញ និងទទួលបានពាក្យសរសើរផងដែរ។ 
 
សូមជម្រាបថា សាលារៀនជំនាញថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ បានរៀបចំពិព័រណ៍ស្នាដៃសិស្សដើម្បីដាក់តាំងបង្ហាញសមិទ្ធិផល ដែលជាស្នាដៃរបស់សិស្សចាប់ពីថ្នាក់ទី៧ ដល់ទី១២។ ពិព័រណ៍ស្នាដៃសិស្សនេះ រៀបចំឡើងកាលពីថ្ងៃទី២៦ ខែសីហា  ដោយមានប្រមាណ ៤០០ស្នាដៃផងដែរ។ ក្នុងចំណោមស្នាដៃសិស្សទាំងនោះ ក៏មានការដាក់តាំងបង្ហាញរបស់ សិស្សមួយក្រុមដែលមកពីក្លឹបរូបវិទ្យា និងកំពុងសិស្សថ្នាក់ទី៧៕
 
 
 

Tag:
 ThmeyThmey25
  ពិព័រណ៍ស្នាដៃសិស្ស
  មេកានិក
  ចេក លាងសាន
© រក្សាសិទ្ធិដោយ thmeythmey.com