ជាតិ
ក្រសួងនឹងសង់តូបលក់ដូរ និងបង្គន់អេឡិចត្រូនិច នៅតំបន់កោះរ៉ុង
02, Sep 2023 , 4:39 pm        
រូបភាព
តំបន់កោះរ៉ុង ខេត្តព្រះសីហនុ។ រូបពីក្រសួង បរិស្ថាន
តំបន់កោះរ៉ុង ខេត្តព្រះសីហនុ។ រូបពីក្រសួង បរិស្ថាន
ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងសង់តូបលក់ដូរ បង្គន់ និងដាក់បន្ទះ PV ស្រូបពន្លឺព្រះអាទិត្យ នៅតំបន់កោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីរៀបចំកែលម្អសោភ័ណភាពទីនោះ។

ក្រសួងបរិស្ថាន នឹងអនុវត្តគម្រោងខ្នាតតូច Quick Impact Projrct (QIP) ដើម្បីគាំទ្រដល់គម្រោងនវានុវត្តន៍បង្គន់អេឡិចត្រូនិននៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ តាមរយៈគម្រោងនេះ ក្រសួងនឹងសង់បង្គន់អេឡិចត្រូនិចចំនួន៦។ បន្គន់នេះ មានលក្ខណៈពិសេសអាចសម្អាតដោយខ្លួនឯង និងសម្លាប់មេរោគដោយស្វ័យប្រវត្តិផងដែរ។ ជាមួយគ្នានេះ ក្រសួងក៏បង្ហាញគម្រោងសង់តូប សម្រាប់លក់ដូរទំហំប្រមាណ១១.១៥ម៉ែត្រការ៉េដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ។ 
 
ក្រៅពីគម្រោងខាងលើ ក្រសួង ក៏គ្រោងរៀបចំប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ សម្រាប់ធ្វើប្រព្រឹត្តកម្មទឹកស្អុយ ដើម្បីទាញទឹកប្រើប្រាស់ឡើងវិញ រួមទាំងដាក់បន្ទះ PV ស្រូបពន្លឺព្រះអាទិត្យ នៅបន្គន់អេឡិចត្រូនិចទាំងមូលផងដែរ។ ដូច្នេះ គម្រោងទាំងមូលមិនមានបញ្ចេញកាបូនឡើយ។ គម្រោងនេះ មានការគាំទ្រពីរដ្ឋាភិបាលឥណ្ឌា។ 
 
ជាមួយគ្នាដែរ ក្រសួងមានបំណងរៀបចំប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ចំនួន៣កន្លែងទៀតដែរ នៅសាលាបឋមសិក្សាកោះតូច សាលាបឋមសិក្សាសុខសាន្ត និងអនុវិទ្យាល័យព្រែកស្វាយ នៅតំបន់កោះរ៉ុង ខេត្តព្រះសីហនុ។ ចំពោះគម្រោងមួយនេះវិញ ក្រសួងបរិស្ថានទទួលបានជំនួយឥតសំណងពី International Solar Aliance។ 
 
ពាក់ព័ន្ធនឹងគម្រោងទាំងពីរនេះ ក្រសួងបរិស្ថាន បានអំពាវនាវឱ្យសហគ្រាសឯកជន និងក្រុមជំនាញសាងសង់ ដែលមានបំណងចង់ដំឡើងបច្ចេកទេសសាងសង់ និងផ្ដត់ផ្គង់ អាចដាក់ពាក្យទៅក្រសួង ដើម្បីដេញថ្លៃធ្វើគម្រោងទាំងនេះ។  ចំពោះការកំណត់ ទទួលពាក្យគិតចាប់ពីពេលនេះ ដល់ថ្ងៃទី១៥កញ្ញាឆ្នាំ២០២៣៕ 
 

Tag:
 សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com