ជាតិ
សម្ដេច ហ៊ុន ម៉ាណែត នឹងទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី នាថ្ងៃទី៤កញ្ញា
03, Sep 2023 , 10:43 am        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី HMN
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី HMN
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឥណ្ឌូណេស៊ី ដែលប្រធាននៃប្រទេសប្ដូរវេនអាស៊ាន។ ដំណើរចេញទៅក្រៅប្រទេសរបស់ សម្ដេច ហ៊ុន ម៉ាណែត នេះ ជាដំណើរលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រី ចេញទៅប្រជុំក្នុងឆាកអន្តរជាតិ។


កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាកាតា ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧កញ្ញា។ កិច្ចប្រជុំនេះ នឹងរៀបចំឡើងក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានឱ្យដឹងទៀតថា កិច្ចប្រជុំកំពូលអាស៊ាន នឹងផ្ដោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ​សម្រាប់ពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផល​ប្រយោជន៍ដល់ប្រជាជនលើឆាកអន្តរជាតិ។ 
 
 
ទន្ទឹមនឹងនេះ ក្នុងកិច្ចពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំសហគមន៍អាស៊ាន ប្រកបដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បីសម្រេចបាននូវអាស៊ានឆ្នាំ២០៤៥។ ជាមួយគ្នាដែរ ក្នុងកិច្ចប្រជុំកំពូលលើកទី៤៣ នឹងមានការជជែកពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចស្តីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ 
 
 
ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួមផងដែរ។ នៅក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាកាតា សម្ដេច ហ៊ុន ម៉ាណែត នឹងមានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានាធិបតី ចូកូ វីដូដូ។ ក្រៅពីនេះ នាយករដ្ឋមន្រ្តីកម្ពុជា ក៏នឹងមានជំនួបទ្វេភាគីជាមួយ​សមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកសំខាន់ៗមួយចំនួនទៀត៕ 
 
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com