ជាតិ
សម្ដេច ហ៊ុន ម៉ាណែត និងមន្ត្រីបក្សកុម្មុយនីស្តចិន ប្ដេជ្ញាគាំទ្រ នយោបាយគ្នាទៅវិញទៅមក
04, Sep 2023 , 11:49 am        
រូបភាព
ជំនួបរវាង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រូីកម្ពុជា(រូបខាងស្ដាំ) និងលោក លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន(អង្គុយខាងឆ្វេង)។ រូបពី HMN.jpeg
ជំនួបរវាង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រូីកម្ពុជា(រូបខាងស្ដាំ) និងលោក លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន(អង្គុយខាងឆ្វេង)។ រូបពី HMN.jpeg
ភ្នំពេញ៖ ជំនួបរវាង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ លោក លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបង្ហាញពីភាពជិតស្និទ្ធ​រវាងភាគីទាំងពីរ ហើយប្ដេជ្ញាគាំទ្រគ្នាទៅវិញទៅមក។  ជំនួបនេះ ធ្វើឡើងនៅវិមានសន្តិភាព នាថ្ងៃទី៣កញ្ញា។

 
នាយករដ្ឋមន្ត្រីកម្ពុជា អះអាងទៅកាន់រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនថា ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា មិនអាចកាត់ផ្តាច់ចេញបានឡើយ ពីការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន។ សម្ដេច ហ៊ុន ម៉ាណែត ក៏បានលើកពីការផ្តល់ជំនួយអំឡុងពេលជំងឺរីករាលដាលកូវីដ-១៩ ដល់កម្ពុជា។
 
ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បង្ហាញការប្តេជ្ញាចិត្តថា រដ្ឋាភិបាលចិនបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។ នេះបើតាមការចេញផ្សាយលើហ្វេសប៊ុករបស់ សម្ដេច ហ៊ុន ម៉ាណែត ។
 
ក្នុងនាមរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ក៏បានប្តេជ្ញា នឹងលើកកម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតផងដែរ។ សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ដែរថា៖ «ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, គណបក្សប្រជាជនកម្ពុជានឹងបន្តគាំទ្រគោលនយោបាយចិនមួយ»។ 
 
គម្រោងបណ្តុះបណ្តាលយុវជន, គម្រោងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន, និងកិច្ចសហប្រតិបត្តិការដ៏ទៃទៀត គ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នា (MOU) នាពេលខាងមុខ។ នេះបើយោងតាមការលើកឡើងរបស់​ សម្ដេច ហ៊ុន ម៉ាណែត។ 
 
ចំណែក លីវ ជានឆាវ បានចាត់ទុកការខិតខំទាំងនេះ ជាឆន្ទៈដ៏មុតមាំនៃការកសាងឱ្យបាននូវសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែលប្រទេសទាំងពីរជាមិត្តភ័ក្តិដ៏ស្មោះត្រង់ ប្រៀបដូចបងប្អូនបង្កើត។ 
 
ជាមួយគ្នាដែរ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានកោតសរសើរ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអ្នកយុទ្ធសាស្រ្ត អ្នកបដិវត្ត អ្នកដឹកនាំ និង យោធាដ៏ពិតប្រាកដ។ លោកអះអាងថា សម្ដេច ហ៊ុនសែន ត្រូវបានភាគីចិន ចាត់ទុកជាគ្រូបង្រៀនវិស័យនយោបាយ ដ៏គួរឱ្យគោរពរបស់ថ្នាក់ដឹកនាំចិន។ នៅព្រឹកថ្ងៃទី៤កញ្ញានេះ មន្ត្រីបក្សកុម្មុយនីស្តចិនរូបនេះ ក៏បានជួបជជែកជាមួយសម្ដេច ហ៊ុនសែន៕ 
 

Tag:
 កម្ពុជា-ចិន
  ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com