ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ចាប់ដៃគូជាមួយ ក្រុមហ៊ុន Inpay’s Eurogiro ផ្តល់សេវាកម្មទទួលប្រាក់ ផ្ទេរពីក្រៅប្រទេស
05, Sep 2023 , 10:59 am        
រូបភាព
ធនាគារប្រៃសណីយ៍កម្ពុជា ក.អ សហការជាមួ​យ ក្រុមហ៊ុន Inpay ដែល​ជាក្រុមហ៊ុន Fintech ដ៏រីកចម្រើនបំផុតមួយ​នៅទ្វីបអឺរ៉ុប ដើម្បីផ្តល់​សេវាកម្មទទួលប្រាក់ ​ផ្ទេរ​ពីក្រៅប្រទេស មកកាន់​​ព្រះរាជាណាចក្រកម្ពុជា តាមរយៈ Eurogiro ដែលមានទីតាំងចំនួន ៧០,០០០ កន្លែង នៅទូទាំងពិភពលោក។
 
តាម​រយៈកិច្ច​សហការនេះ ប្រជាជនកម្ពុជា អាច​ដកប្រាក់​ ដែល​ផ្ញើ​ពី​ក្រៅ​ប្រទេស​បាន​ភ្លាមៗ ​យ៉ាងងាយស្រួល និង​មាន​សុវត្ថិភា​ព​ នៅ​តាម​សាខាទាំង ​៦១​ របស់​ធនាគារប្រៃសណីយ៍កម្ពុជា ក.អ។
 
លោក Thomas Jul ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Inpay មានប្រសាសន៍ថា «យើងពិតជា​រីករាយក្នុងការសហការ​ជាមួយធនាគារប្រៃសណីយ៍កម្ពុជា។ នេះ​ ជាជំហានដ៏សំខាន់មួយរបស់​យើង ក្នុង​ការ​ជំរុញ​បរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់ តាមរយៈការផ្តល់លទ្ធភាពជូនធនាគារ ក្នុង​ការផ្តល់សេវាកម្ម​​ទទួល​ប្រាក់​​ផ្ទេរពី​ក្រៅប្រទេស​ ឱ្យ​​កាន់​តែ​មានភាពងាយស្រួល តម្លៃសមរម្យ និងឆាប់រហ័ស​។»
 
ឆ្លៀតក្នុងឱកាសនោះ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា ក.អ ក៏បានសម្តែងនូវការសាទរចំពោះកិច្ចសហការនេះផងដែរ ហើយលោកបានបញ្ជាក់ថា «កម្ពុជាមានពលរដ្ឋ​ចំណាកស្រុកជា​ច្រើន ដែលត្រូវការផ្ញើប្រាក់ត្រឡប់មក​ផ្ទះវិញ ដើម្បីផ្គត់ផ្គង់គ្រួសារ។ ជាមួយសេវាកម្មថ្មីនេះ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ មិន​ត្រឹមតែ​ផ្តល់ជម្រើសកាន់តែទូលំទូលាយសម្រាប់​​ការ​ផ្ទេរប្រាក់ពីក្រៅ​ប្រទេស​ប៉ុណ្ណោះទេ វា​ថែមទាំង​​រួមចំណែកជំរុញ​សកម្មភាពសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។ នេះគឺជាមធ្យោបាយដែលងាយស្រួល ជាមួយតម្លៃសេវាសមរម្យសម្រាប់ទីផ្សារ ដើម្បីធានាបាននូវបរិយាបន្នប្រព័ន្ធហិរញ្ញវត្ថុនៅ​ក្នុង​ប្រទេស។» 
 


ភាពជាដៃគូនេះក៏​បង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ និង ក្រុមហ៊ុន Inpay ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃ និង​ការច្នៃប្រឌិតខ្ពស់ ដើម្បី​​បង្កើន​ទំនាក់​ទំនង និង​អនាគតកាន់តែប្រសើរ សម្រាប់​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ពិភពលោកផងដែរ។
 
គួរបញ្ជាក់​ផងដែរថា ក្រុមហ៊ុន Inpay ជា​ក្រុមហ៊ុនផ្តល់សេវាកម្ម​ទូទាត់ឆ្លងប្រទេស ដែលមានតម្លៃសមរម្យ រហ័ស និងមានសុវត្ថិភាព និងមានការិយាល័យចំនួន ៧០,០០០ កន្លែង នៅជុំវិញពិភពលោក ទាំង​នៅ​ក្នុង​ទី​ប្រជុំ​ជន និង​តំបន់ដាច់ស្រយាល ដែលការផ្តល់សេវាហិរញ្ញវត្ថុនៅមានកម្រិត។ នៅឆ្នាំ២០២១ ក្រុមហ៊ុន Inpay ត្រូវបានទទួលស្គាល់ដោយ Financial Times ថាជាក្រុមហ៊ុនដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសដាណឺម៉ាក និងជាក្រុមហ៊ុន Fintech ដែលរីកចម្រើនលឿនបំផុតទី ៦ នៅអឺរ៉ុប។
 
អំពី ធនាគារ ប្រៃសណីយ៍កម្ពុជា​ ក.អ:
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ គឺជា​ធនាគារ​ដែល​រីក​ចម្រើន​លឿន​បំផុតមួយ​​នៅក្នុងប្រទេសកម្ពុជា។ ធនាគារបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០១៣ ក្រោមភាពជាដៃគូយុទ្ធសាស្ត្ររវាង CANADIA Investment Holding Plc. (CIH), ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង Fullerton Financial Capital Pte. (FFC)។ ចាប់តាំងពីការចាប់ផ្តើម រហូតមកដល់បច្ចុប្បន្ន ធនាគារ បានផ្តោតទៅលើទីផ្សារចម្រុះដែលពាំនាំយកបទពិសោធន៍ និងជម្រើសល្អៗជុំវិញពិភពលោក មកអនុវត្ត ដើម្បីឱ្យធនាគារស្ថិតនៅជួរមុខលើគំនិតផ្តួចផ្តើមផ្នែកបច្ចេកវិទ្យា។ ធនាគារ បានកំណត់ការជោគជ័យរបស់ខ្លួន មិនត្រឹមតែតួរលេខហិរញ្ញវត្ថុតែប៉ុណ្ណោះទេ គឺបានកំណត់គោលដៅអភិវឌ្ឍន៍ទៅមុខលើគ្រប់ផ្នែកឱ្យក្លាយជាធនាគារមានភាពប្រកួតប្រជែងទីបំផុតមួយ ដើម្បីបំពេញនូវសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា។ ធនាគារ ប្រៃសណីយ៍កម្ពុជា ប្តេជ្ញាក្នុងការរចនា និងផ្តល់ជូននូវផលិតផលហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតសម្រាប់អតិថិជនរបស់ខ្លួន និងកំណត់ស្តង់ដារសេវាកម្មអតិថិជនល្អបំផុតក្នុងប្រទេសកម្ពុជា៕
 
(អត្ថបទពាណិជ្ជកម្ម)
 


© រក្សាសិទ្ធិដោយ thmeythmey.com