ជាតិ
ពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី មានទំហំ៣៧៧លានដុល្លារ នា៧ខែនេះ
06, Sep 2023 , 6:59 pm        
រូបភាព
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបពីក្រសួងការងារ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបពីក្រសួងការងារ
ភ្នំពេញ៖ ទំហំពាណិជ្ជកម្ម និងកំណើនភ្ញៀវទេសចរ រវាងកម្ពុជានិងម៉ាឡេស៊ី បានបន្តកើនឡើងជាបន្តបន្ទាប់។ ៧ខែនេះ ទំហំពាណិជ្ជកម្មភាគីទាំងពីរ ចំនួន៣៧៧លានដុល្លារ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញផ្សាយ។

 
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបជាមួយលោក Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតសហព័ន្ធម៉ាឡេស៊ីប្រចាំកម្ពុជា ក្នុងពិធីបុណ្យជាតិលើកទី៦៦របស់ប្រទេសម៉ាឡេស៊ី។ 
 
តាមរយៈជំនួបនេះថ្នាកដឹកនាំកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាប​ន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងបន្តពង្រឹងទំនាក់ទំនងប្រជាជន និងប្រជាជនយ៉ាងប្រសើរ។ ជាក់ស្តែង ទំហំពាណិជ្ជកម្ម បានកើនឡើងពី៥០០លានដុល្លារ នៅឆ្នាំ២០២១ ដល់៦២០លានដុល្លារ នៅឆ្នាំ២០២២។ 
 
លោក ហេង សួរ លើកឡើងបែបនេះ ៖ «ម៉ាឡេស៊ីឈរនៅលំដាប់ថ្នាក់ទី៦ ក្នុងចំណោមប្រទេសដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា»។
 
ចំណែកភ្ញៀវទេសចរម៉ាឡេស៊ី ដែលមកទស្សនានៅកម្ពុជាវិញ ក៏បានកើនឡើងជាលំដាប់ដែរ។ ក្នុងឆ្នាំ២០២០ មានភ្ញៀវទេចរពីម៉ាឡេស៊ីជាង២.៥ម៉ឺននាក់ ហើយឆ្នាំ២០២២ កើនឡើងមកដល់ជាង៥.៣ម៉ឺននាក់។ បើគិតត្រឹម៧ខែដើមឆ្នាំ២០២៣នេះ ភ្ញៀវទេសចរម៉ាឡេស៊ីជាង៥.២ម៉ឺននាក់បានមកទស្សនានៅកម្ពុជា។ នេះបើតាម លោក ហេង សួរ ។
 
បច្ចុប្បន្នប្រជាពលរដ្ឋនិងនិស្សិតខ្មែរ មានជាង២.២ម៉ឺននាក់ កំពុងបំពេញការងារ និងសិក្សានៅម៉ាឡេស៊ី ដើម្បីកសាងសមត្ថភាព និងស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ៕ 
 

Tag:
 កម្ពុជា-ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com