ជាតិ
ពីនេះ ពីនោះ
វ័យ៧១ឆ្នាំ លោកតា ប្រាក់ ហៃ ប្រឹងរក្សារបរ​ជាងដែក​មិនឱ្យបាត់បង់ ពីលើភ្នំគូលែន
07, Sep 2023 , 9:09 am        
រូបភាព
សៀមរាប៖ ប្រមាណ៤០ឆ្នាំមកហើយ លោក ប្រាក់ ហៃ ប្រកបអាជីពជាជាងដែក ក្នុង​ភូមិ​អន្លង់ធំ លើភ្នំគូលែន ខេត្តសៀមរាប។ អាជីពដែលចេះពីឪពុកក្មេកមួយនេះ បាន​ចិញ្ចឹម​កូនៗ និងគ្រួសារលោកបានយ៉ាងស្រួល។ ថ្វីបើឧបករណ៍ប្រើប្រាស់ដែក ត្រូវបាន​នាំ​ចូល​ច្រើន កន្លែងដំដែករបស់លោកតា ហៃ នៅតែមានអ្នកភូមិមកជួលគាត់ធ្វើជាហូរហែ ដោយ​សារ​​ទឹកដៃធ្វើ ប្រកបដោយគុណភាព។ មានវ័យកាន់តែច្រើន កម្លាំងក៏ចុះខ្សោយ ​​លោក​តា ​ហៃ កំពុងបារម្ភពីអនាគតរបរប្រចាំគ្រួសារមួយនេះ។ លោកតា ហៃ មិនចង់ឃើញរបរនេះ បាត់បង់ត្រឹមជំនាន់ខ្លួននោះឡើយ។

តទៅនេះសូមទស្សនាវីដេអូ ដែលរៀបចំដោយលោក ស៊ុល រ៉វី អ្នកសារព័ត៌មានថ្មីៗដូចខាងក្រោម៖ 
 

សំឡេងទង្គិចគ្នា នៃដែកនឹងញញួរដំ លាន់ឮផូងផាំង ចេញពីគេហដ្ឋានមួយនៅ​ក្នុង​ភូមិ​​​​អន្លង់ធំ ស្រុក​ស្វាយ​​​​លើ ខេត្តសៀមរាប។ សំឡេងនេះ គឺជាសកម្មភាពដំដែករបស់​ជាង​ដែក​ដ៏​ចំណាន គឺលោកតា ប្រាក់ ហៃ ដែលសព្វថ្ងៃ គាត់មានវ័យ៧១ឆ្នាំហើយ។  
 
ព្រឹទ្ធាចារ្យរូបនេះ បាន​ចំណាយពេលស្ទើរមួយជីវិត​ទៅហើយ ប្រកបការងារជាជាងដែក នៅ​លើ​អតីតទីក្រុងបុរាណ «មហេន្ទ្របព៌ត» នេះ។ លោកតា ហៃ ​​ចេះដំដែក ធ្វើកាំបិត ពូថៅ និងសម្ភារប្រើប្រាស់ផ្សេងៗពីដែក ជាង៤០​ឆ្នាំ​ហើយ ពីឪពុកក្មេក និង​បានស្នងអាជីពនេះ​បន្ត​រហូតមកដល់បច្ចុប្បន្ន។
 
ថ្វីបើបច្ចុប្បន្ន សម្ភារប្រើប្រាស់ផ្សេងៗពីដែកជាច្រើន ត្រូវបាន​នាំចូលពីក្រៅប្រទេស​និង​មាន​តម្លៃទាបជាងក៏ដោយ តែ លោកតា ហៃ នៅតែមានតម្រូវការជាប់ឥតដាច់។ នោះ​ក៏​ព្រោះ​តែ​សម្ភារប្រើប្រាស់នីមួយៗ ដែលកើតចេញពីស្នាដៃ របស់បុរសចំណាស់ ​មាន​ទឹកដៃ​ដំ​ដែក​យ៉ាងចំណាននិង មានគុណភាពល្អ។
 
ការងារជាជាងដំដែក ត្រូវការការអត់ធ្មត់ខ្ពស់ ជាការងារប្រើកម្លាំង​ខ្លាំង ហើយក៏​នឿយ​ហត់ដែរ។ ​ប៉ុន្តែ លោកតា ហៃ រីករាយនឹងប្រកបអាជីពនេះ ដ្បិតវាជាឆ្នាំងបាយ ដែល​បាន​ផ្គង់​ផ្គង់​ចិញ្ចឹមគ្រួសារលោក ដែលមានកូន៦​នាក់ រហូតដល់ពួកគេធំៗ បែកគ្រួសារ។ 
 
ពិតមែនហើយ អាជីពជាជាងដែក បាននាំមោទកភាពជាច្រើន​ ដល់លោកតា ។ តែទន្ទឹមនឹង​នេះ​លោកតា ហៃ ក៏កំពុងនឹកព្រួយ ដែលខ្លួនមានវ័យកាន់តែច្រើន ​ ​ហើយកម្លាំងក៏ មិន​មាំមួនដូចមុន។ ព្រឹទ្ធាចារ្យរូបនេះ បារម្ភពីអនាគតនៃ​របរប្រចាំគ្រួសារ​មួយនេះ  ដ្បិតកូនៗ​របស់​​លោក ក៏មិន​ចាប់អារម្មណ៍បន្តវេនលើមុខរបរ​នេះនោះទេ។ បច្ចុប្បន្ននេះ លោកតាហៃ កំពុង​បណ្ដុះ​ចៅប្រុសម្នាក់ តែលោក​ក៏មិនប្រាកដចិត្ត​ដែរថា​ តើចៅរបស់គាត់អាចស្នងការ​ងារ​នេះ​ពីខ្លួននោះ។
 
ជាជាងដែកប្រមាណ៤០ឆ្នាំ លោកតា ហៃ បញ្ជាក់ថា ​ជាជាងដែក​មិនមែន​គ្រាន់តែ​ចេះ​ដំ​ដែក​​ឱ្យចេញជាឧបករណ៍ប៉ុណ្ណោះទេ តែត្រូវចេះ​រើសប្រភេទដែកដែលមានគុណ​ភាព​យក​មក​ធ្វើផងដែរ។ ​លោកតា ហៃ សង្កត់ធ្ងន់ថា ​​ដែកល្អ​ ទើប​ទទួល​បាន​សម្ភារ​​​មាន​គុណ​ភាព។ 
 
ទោះមានវ័យចំណាស់ក៏ពិតមែន តែលោកតា ប្រាក់ ហៃ នៅតែបន្តការងារដំដែករបស់ខ្លួន រហូត​ដល់ពេលដែលលោកតា លើកញញួរលែងរួច។ សព្វថ្ងៃនេះ លោកតាមមាញឹក​ក្នុងការ​ធ្វើ​កាំបិត​ក្រឡា ដែលអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ក​ម្ម៉​ង់​ទិញ និងមួយ​ចំនួន​ទៀត​អ្នកភូមិ ឱ្យលោកតាធ្វើសម្ភារប្រើប្រាស់នានា៕ 
 

Tag:
 ThmeyThmey
  ប្រាក់ ហៃ
  ជាងដែក
  ភ្នំគូលែន
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com