ជាតិ
រដ្ឋសភាកម្ពុជា-កូរ៉េខាងត្បូង ព្រមព្រៀងជំរុញទំនាក់ទំនងឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
07, Sep 2023 , 8:19 pm        
រូបភាព
លោក គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ(ខាងឆ្វេង) និងសម្ដេ​ច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។ រូបពី រដ្ឋសភា
លោក គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ(ខាងឆ្វេង) និងសម្ដេ​ច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។ រូបពី រដ្ឋសភា
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកម្ពុជា លោក គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ បានជួបសម្ដេច ឃួន សុដារី ប្រធារដ្ឋសភាកម្ពុជា ហើយបានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងលើកកទឹកចិត្តឱ្យរដ្ឋាភិបាលទាំងពីរ ធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា។

 
លោក គីម ជីន ព្យូ មកទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩កញ្ញា ។ ក្នុងជំនួបពិភាក្សា ជាមួយសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា នាថ្ងៃទី៧ កញ្ញានេះ ភាគីទាំងពីរ បង្ហាញគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដើម្បីផលប្រយោជន៍រួម។ ក្នុងជំនួបនេះ ភាគីកម្ពុជា បានស្នើឱ្យភាគីកូរ៉េបង្កើនការនាំចូលផលិតផល ទំនិញកសិកម្ម និងកសិផលកែច្នៃពីកម្ពុជា។ 
 
ទន្ទឹមនឹងនេះ ប្រធានរដ្ឋសភាកម្ពុជា បានស្នើឱ្យកូរ៉េជួយបណ្ដុះបណ្ដាលផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យសភាកម្ពុជា ក្លាយជាសភាឌីជីថល។ ក្រៅពីនេះ ភាគីកម្ពុជាសុំឱ្យប្រធានរដ្ឋសភាកូរ៉េ ជំរុញភ្ញៀវទេសចរ និងអ្នកវិនិយោគ នៅកូរ៉េមកកាន់កម្ពុជាឱ្យកាន់តែច្រើន។ 
 
យ៉ាងណាភាគីរដ្ឋសភាកូរ៉េ បានសន្យា ជួយគាំទ្រកម្ពុជា ដើម្បីសម្រេចនូវចក្ខុវិស័យ នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាកសិកម្ម អព្យាក្រឹតកាបោន និងទេសចរណ៍។
 
ភាគីទាំងពីរ ក៏បានឯកភាពបន្តកិច្ចសហប្រតិប​ត្តិការលើការកសាងសមត្ថភាព ការអភិវឌ្ឍធនធានមនុស្ស ភាពប្រទាក់ក្រឡាគ្នា នៃសន្តិសុខទឹក ឋាមពល និងស្បៀង និងការផ្លាស់ប្ដូរគ្នាទៅវិញទៅមកនៃចក្ខុវិស័យអប់រំ និងវប្បធម៌ រួមទាំងការគាំទ្រគ្នាលើវេទិកាពហុភាគីផ្សេងទៀត៕
 

Tag:
 រដ្ឋសភា
  កម្ពុជា-កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com