ជាតិ
សង្គមជាតិ
សមត្ថកិច្ចភ្នំពេញ បង្ក្រាបក្មេងទំនើងដើរបង្កហិង្សានាពេលយប់បានជិត២០នាក់
08, Sep 2023 , 5:29 pm        
រូបភាព
រដ្ឋាភិបាលជប៉ុន គាំទ្រការអភិវឌ្ឍប្រជាធិបតេយ្យរបស់កម្ពុជា
រដ្ឋាភិបាលជប៉ុន គាំទ្រការអភិវឌ្ឍប្រជាធិបតេយ្យរបស់កម្ពុជា
ភ្នំពេញ៖ ត្រឹមរយៈពេលមួយយប់ កម្លាំងនគរបាលរាជធានីភ្នំពេញ បង្រ្កាបករណីក្មេងទំនើង១៩នាក់។ សមត្ថកិច្ចអះអាងថា ពួកក្មេងទំនើងទាំងនោះ ជាក្រុមផឹកស៊ី និងវាយគ្នាតាមដងផ្លូវ យ៉ាងអនាធិបតេយ្យ។

 
កម្លាំងអន្តរាគមន៍នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសហការជាមួយជាកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានចេញល្បាតត្រួតពិនិត្យពង្រឹងសន្តិសុខ ដោយបង្រ្កាបក្មេងចំនួនពីរទីតាំង កាលពីយប់ថ្ងៃទី៧ ឈានចូលទី៨កញ្ញា។ 
 
បើតាមស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ នៅចំណុចសួនសុខា សមត្ថកិច្ចបានបង្ក្រាប ក្មេងទំនើងជាស្រ្តីវ័យក្មេងបាន៧នាក់។ សមត្ថកិច្ចបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនោះ ដើរផឹកស៊ី ដល់ពាក់កណ្ដាលយប់ ហើយវាយគ្នានៅលើសួនសុខា បណ្ដាលឱ្យមានការភ្ញាក់ផ្អើល។ 
 
ក្មេងទំនើងមួយក្រុមទៀត មានចំនួន១២នាក់ ដែលមានអាយុចន្លោះពី១៣ដល់១៧ឆ្នាំ ត្រូវកម្លាំងសមត្ថកិច្ច បង្រ្កាបបាននៅម្ដុំបឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្រុមក្មេងទំនើងប្រុសៗទាំងនោះ បាននាំគ្នាជិះម៉ូតូដេញវាយគ្នា។ ​
 
បច្ចុប្បន្នក្មេងទំនើងជិត២០នាក់នេះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីរៀបចំនីតិវិធីដោះស្រាយតាមផ្លូវច្បាប់។ 
 
នាពេលថ្មីៗ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យក្រុមកម្លាំងអន្តរាគមន៍ពិសេស ចេញល្បាតតាមគោលដៅ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ពាក់ព័ន្ធនឹងក្មេងទំនើង ក៏ដូចជាការពារសន្តិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋផងដែរ៕ 
 

Tag:
 ក្មេងទំនើង
© រក្សាសិទ្ធិដោយ thmeythmey.com