ជាតិ
សង្គមជាតិ
សង្គមស៊ីវិល៖ សេរីភាពមូលដ្ឋានកម្ពុជា ក្នុងឆ្នាំ២០២២ រងការរំលោភបំពានកាន់តែធ្ងន់
08, Sep 2023 , 9:29 pm        
រូបភាព
របាយការណ៍ សេរីភាពមូលដ្ឋាននៅកម្ពុជាឆ្នាំ២០២២។ រូបពី CCHR
របាយការណ៍ សេរីភាពមូលដ្ឋាននៅកម្ពុជាឆ្នាំ២០២២។ រូបពី CCHR
ភ្នំពេញ៖ របាយការណ៍ឃ្លាំងមើលសេរីភាពមូលដ្ឋានកម្ពុជា របស់អង្គការ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សមាគមអាដហុក(ADHOC)
និងមជ្ឈមណ្ឌលសាមគ្គីភាព បានរកឃើញថាក្នុងឆ្នាំ២០២២ កម្ពុជារងការរឹតត្បិត និងរំលោភបំពាន កាន់តែធ្ងន់ បើធៀបនឹងឆ្នាំ២០២១។

 
របាយការណ៍នេះ មាន១២៩ទំព័រ នាថ្ងៃទី៧កញ្ញា បានបង្ហាញចំណុចសំខាន់នៃរបកគំហើញចំនួន៤ សម្រាប់សំអាងថា សេរីភាពមូលដ្ឋានកាន់តែធ្លាក់ចុះ។ 
 
របាយការណ៍ស្ដីពី ការឃ្លាំងមើលសេរីភាពមូលដ្ឋានប្រចាំឆ្នាំ២០២២ របស់ក្រុមសង្គមស៊ីវិលទាំងនោះ បានរកឃើញរបកគំហើញទី១ គឺ ការអនុម័តអនុក្រឹត្យស្ដីពី ការគ្រប់គ្រងនិងប្រើប្រាស់ឈ្មោះដែនជាតិ នៅក្នុងប្រព័ន្ធអ៊ីនធឺណិត។ សង្គមស៊ីវិលអះអាងថា អនុក្រឹត្យនេះ រឹតត្បិតសិទ្ធិបញ្ចេញមតិ ដោយសារក្នុងអនុក្រឹត្យចែង ឬប្រើប្រាស់ពាក្យ ឬភាសាមិនច្បាស់លាស់។ ដូច្នេះ សង្គមស៊ីវិលយល់ថា អ្នកអនុវត្តច្បាប់អាចបកស្រាយខុសៗគ្នា។ 
 
របកគំហើញទី២ គឺពួកគេបានកត់ត្រា ពីករណីរំលោភបំពាន និងរឹតត្បិតសិទ្ធិសេរីភាពនៅគ្រប់រាជធានី-ខេត្ត ដែលមានហេតុការណ៍ទាំងអស់៥៦៦ករណី។ ករណីរងគ្រោះច្រើនជាងគេ គឺរាជធានីភ្នំពែញ ដែលមានរហូតដល់២៨៧ករណី។ ជាក់ស្ដែង ក្នុងរបាយការណ៍ ក៏មានការលើកឡើងពីករណីក្រុមអ្នកតវ៉ា នៃក្រុមហ៊ុនណាហ្គាវើលដ៍ រងការបង្ក្រាបពីអាជ្ញាធរ។ 
 
ហេតុការណ៍ជាង៥០០ករណីខាងលើនេះ មាន៣៥៤ករណីបង្ហាញថា មានការរំលោភសេរីភាពមូលដ្ឋាន(កើនឡើង៤៣ភាគរយធៀបនឹងឆ្នាំ២០២១) ហើយមាន២០៩ករណីរឹតត្បិត (កើនឡើង១៥០ភាគរយធៀបនឹងឆ្នាំ២០២១)។ ចំណែក ហេតុការណ៍ដែលមានការការពារ គឺមានតែ៣ករណីប៉ុណ្ណោះ។ ដូច្នេះ ពួកគេអះអាងថា សេរីភាពមូលដ្ឋាននៅតែបន្តធ្លាក់ចុះ ដោយសារការអនុវត្តសេរីភាពមូលដ្ឋានត្រូវបានយាយីផ្លូវកាយ និងតាមផ្លូវច្បាប់។ 
 
របកគំហើញទី៣ គឺការយល់ដឹងអំពីសេរីភាពមូលដ្ឋាននៅមានកម្រិតទាប ហើយការភ័យខ្លាចនៃផលប៉ះពាល់អំឡុងពេលអនុវត្តសេរីភាពមូលដ្ឋាន នៅតែបន្តកើតមាន។
 
របកគំហើញទី៤ គឺក្នុងឆ្នាំ២០២២ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល សហជីព នៅមានកម្រិតទាប ដោយសាររដ្ឋាភិបាលមើលមិនឃើញក្រុមសង្គមស៊ីវិល និងសហជីពថា ជាដៃគូមានសមត្ថភាពក្នុងដំណើរការធ្វើសេចក្ដីសម្រេច និងការតាក់តែងច្បាប់នៅឡើយ។ 
 
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឆ្លើយតបនឹងរបាយការណ៍សង្គមស៊ីវិលទាំងនោះ បាននៅឡើយទេ។
 
សូមជម្រាបថា កាលពីឆ្នាំមុន សង្គមស៊ីវិលដែលឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ក៏បានរកឃើញដែរថា រាជធានីភ្នំពេញ រងការរឹតត្បិតយ៉ាងខ្លាំង ជាងបណ្ដាខេត្តក្រុងដទៃទៀត ដោយសារអាជ្ញាធរអនុវត្តច្បាប់បំពានលើរាស្រ្ត។ ប៉ុន្តែកាលនោះ មន្រី្តរដ្ឋាភិបាល អះអាងថា សិទ្ធិសេរីភាពរឹតត្បិតតែក្រុមមួយចំនួនតូច ដែលធ្វើសកម្មភាពខុសច្បាប់ប៉ុណ្ណោះ៕ 
 
 

Tag:
 សិទ្ធិសេរីភាព
  NGO
© រក្សាសិទ្ធិដោយ thmeythmey.com