ជាតិ
ក្រសួងអប់រំ ​រៀបចំប្រឡងការតែងនិពន្ធ និងស្មូតកំណាព្យ ដើម្បីអបអរ​ទិវាគ្រូបង្រៀន​​
09, Sep 2023 , 7:59 am        
រូបភាព
ភ្នំពេញ៖ ​ក្រសួងអប់រំ បានណែនាំមន្ត្រីថ្នាក់ក្រោម ឱ្យរៀបចំការប្រឡងប្រណាំង តែងនិពន្ធ និង ស្មូត កំណាព្យប្រចាំឆ្នាំ ដើម្បីអបអរ​ទិវាគ្រូបង្រៀន​ ៥តុលា។ ប្រធានបទនៃការប្រឡង តែងនិពន្ធ ស្មូតកំណាព្យនេះ គឺ«គ្រូបង្រៀនជាសសរស្តម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរក ឧត្តមភាព»។

 
បើតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ ចេញថ្ងៃទី៦កញ្ញា ក្រសួង​កំណត់ឈ្មោះ ពានរង្វាន់​នៃការប្រឡងតែងនិពន្ធថា ពានរង្វាន់ សម្ដេចព្រះសង្ឃរាជ ជួនណាត និងពានរង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ សម្រាប់ការប្រឡងស្មូតកំណាព្យ​។
 
ការប្រួតនេះ ត្រូវរៀបចំឡើងជាពីរដំណាក់កាល។ ទី១ គឺការិយាល័យអប់រំ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន កំណត់ពេលប្រឡង​រើស​បេក្ខជន​ចំណាត់ថ្នាក់​លេខ១ ទាំងពីរវិញ្ញាសា មានតែងនិពន្ធនិងស្មូតកំណាព្យ។ ដំណាក់​កាលទី២ គ្រប់មន្ទីរត្រូវរៀបចំប្រឡងរើសបេក្ខជនលេខ១ប្រចាំរាជធានី-ខេត្ត ឱ្យហើយត្រឹម​ថ្ងៃទី២០កញ្ញា។ ជាមួយគ្នាដែរ មន្ត្រីមន្ទីរអប់រំ ត្រូវបញ្ជូនឈ្មោះបេក្ខជនលេខមួយ ទាំងពីរ​វិញ្ញាសា ទៅក្រសួងឱ្យបានមុនថ្ងៃទី២៥កញ្ញា។ 
 
ចំពោះការប្រឡងតែងនិពន្ធ និងស្មូតកំណាព្យថ្នាក់ជាតិ ក្រសួងនឹងរៀបឡើង​នៅថ្ងៃទី២​ដល់ថ្ងៃទី៤តុលា នៅក្រសួងអប់រំ។ រីឯ ការប្រកាសលទ្ធផល និងប្រគល់ពានរង្វាន់ លើ​វិញ្ញាសា​ទាំងពីរ ដល់បេក្ខជនទទួលបានជ័យលាភីលេខ១ លេខ២ និងលេខ៣ នឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី៥តុលា​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ 
 
គោលការណ៍ ដាក់ពិន្ទុនិងលក្ខណៈវិនិច្ឆ័យ ក្នុងការប្រកួតតែងនិពន្ធ គឺផ្ដោតទៅលើ អត្ថរូប​(រង្វាស់កាព្យ ចំណាប់ចួន ភាសាកាព្យ) អត្ថន័យ(ត្រឹមត្រូវតាមប្រធានបទ) អត្ថ​រស(តម្លៃអប់រំ គុណធម៌ និងសីលធម៌) និងអក្ខរាវិរុទ្ធ។ ដោយឡែក ការប្រកួតស្មូតកំណាព្យ គឺគណៈ​កម្មការ​វាយតម្លៃលើស្មូតគោលតាមលំនាំបទនៃកំណាព្យ ទឹកដមសំឡេងពីរោះ​ក្រអួន​ក្រអៅ សំឡេងមិនដាច់ មិនភ្លាត់ ឬភ្លាវខុសចង្វាក់ រួមទាំងទឹកមុខ កាយវិការតាម​បរិយាកាស​នៃបទ៕ 
 
 

Tag:
 អប់រំ
  តែងនិពន្ធ
  កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com