ជាតិ
អ្នកនាំពាក្យរដ្ឋាភិបាល៖«មានអ្នកដែលសញ្ញាបត្រខ្ពស់ តែបានធ្វើត្រឹមមន្ត្រីជាប់កិច្ចសន្យា»
09, Sep 2023 , 4:49 pm        
រូបភាព
ដោយ: រត្តញូ
កំណែទម្រង់មុខងារសាធារណៈ កំពុងក្លាយជាកិច្ចការអាទិភាពមួយក្នុងដំណើរចាប់ផ្តើមនៃរដ្ឋាភិបាលបន្តវេន។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើដល់ក្រសួងទាំងអស់ផ្អាករៀបចំការប្រឡងជ្រើសររើសមន្ត្រី រហូតដល់មានការប្រកាសដាក់ចេញនូវយន្តការថ្មី។

 
ហេតុអ្វីរដ្ឋាភិបាលត្រូវរៀបចំយន្តការរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការ? លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានពន្យល់ប្រាប់សារព័ត៌មានថ្មីៗថា យន្តការថ្មីនោះនឹងក្លាយជាយន្តការថ្នាក់ជាតិមួយដែលធានាអំពីយុត្តិធម៌ និងភាពត្រឹមត្រូវនៃដំណើរការប្រឡង និងលទ្ធផលនៃការប្រឡង។ 
 
លោក ប៉ែន បូណា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖«បច្ចុប្បន្ននេះ មានអ្នកដែលមានបំណងចង់ចូលធ្វើមន្ត្រីរាជការច្រើនណាស់។ អ្នកខ្លះមានសញ្ញាបត្រខ្ពស់រហូតដល់អនុបណ្ឌិត និងបណ្ឌិត។ ប៉ុន្តែពួកគាត់បានធ្វើត្រឹមតែមន្ត្រីជាប់កិច្ចសន្យា ដោយសារតែប្រឡងមិនជាប់។»។
 
មានសញ្ញាបត្រខ្ពស់ ប៉ុន្តែប្រឡងមិនជាប់ក្លាយជាមន្ត្រីឡើយ។ ដោយសារតែមានបញ្ហាមិនប្រក្រតីយ៉ាងដូច្នេះ ទើបត្រូវមានយន្តការថ្នាក់ជាតិថ្មី?
 
អ្នកនាំពាក្យរដ្ឋាភិបាលដដែលបានបញ្ជាក់បន្តថា៖« រដ្ឋាភិបាលចង់បានមនុស្សដែលមានគុណភាពពិតប្រាកដជាមន្ត្រីរាជការ។ ដូច្នេះត្រូវមានយន្តកាប្រឡងថ្នាក់ជាតិមួយ ដែលមានសុក្រឹតភាព។»។
 
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសឱ្យផ្អាកការរៀបចំជ្រើសរើសមន្ត្រី តាមរយៈសារជាសំឡេងមួយផ្ញើទៅកាន់សមាជិករដ្ឋាភិបាល ហើយដែលត្រូវបាន ផ្សាយជាសាធារណៈកាលពីយប់ថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៣នេះ។ យោងតាមសារសំឡេងនោះ សម្តេចនាយករដ្ឋមន្ត្រីមានបំណងអនុវត្តពាក្យស្លោកមួយដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីអប់រំ ហង់ ជូន ណារ៉ុន រួចហើយគឺ «អ្នកចេះ គឺជាប់»។
 
ប៉ុន្មានម៉ោងក្រោយការប្រកាសឡើងវិញរបស់សម្តេច ហ៊ុន ម៉ាណែត ដែលថារដ្ឋាភិបាលកំពុងតាក់តែងយន្តការថ្មីសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការនេះ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈបានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ប្រកាសគាំទ្រសេចក្តីសម្រេចចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី។
 
លោក ហ៊ុន ម៉ានី បានសរសេរយ៉ាងដូច្នេះ៖« ខ្ញុំគាំទ្រឥតងាករេ លើប្រសាសន៍ និងគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យមុខងារសាធារណៈ និងធ្វើយ៉ាងណាខិតខំប្រឹង ប្រែងពន្លឿនយន្តការដ៏មានសារសំខាន់នេះ ឱ្យសម្រេចបានកាន់តែឆាប់រហ័ស។»៕

© រក្សាសិទ្ធិដោយ thmeythmey.com