ជាតិ
ព្រះចៅអធិការវត្តអារញ្ញសាគរ ជួសជុលកុដិចាស់មួយខ្នងដើម្បីតម្កល់គម្ពីរស្លឹករឹត និងវត្ថុបុរាណផ្សេងៗ
×
ថោង ប្រណី
សៀមរាប៖ កុដិចំណាស់មួយខ្នងដែលមានអាយុកាលជាង៣០ឆ្នាំ ក្នុងវត្តអារញ្ញសាគរ ត្រូវបានជួសជុលឡើងវិញដើម្បីតម្កល់គម្ពីរសាស្ត្រាស្លឹករឹត និងដាក់តាំងវត្ថុបុរាណផ្សេងៗដែលមានសេសសល់ក្នុងវត្ត សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា។
ព្រះតេជគុណ ហ៊ាក់ គឹមហ៊ត់ ជាព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ ក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប បានដឹកនាំពុទ្ធបរិស័ទរៀបចំជួសជុល កុដិចំណាស់មួយខ្នង មានអាយុកាលជាង៣០ឆ្នាំ ដែលមានសភាពទ្រុឌទ្រោមជាខ្លាំង ដើម្បីអាចបន្តអាយុកាល បានយូរអង្វែងតទៅទៀត និងដើម្បីអភិរក្សកុដិឈើកុំឱ្យបាត់បង់ពីទីអារាមមួយនេះ។
បើតាមព្រះតេជគុណ ហ៊ាក់ គឹមហ៊ត់ មានបន្ទូលប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា លើសពីការអភិរក្ស គោលបំណងសំខាន់នៃការជួសជុលកុដិនេះ គឺដើម្បីដាក់តម្កល់ គម្ពីរសាស្រ្តាស្លឹករឹត ដែលនៅសេសសល់ពីបុរាណ និងគម្ពីរដីកាផ្សេងៗក្នុងព្រះពុទ្ធសាសនា សម្រាប់ព្រះសង្ស ឬសិស្សនិសិ្សតមកសិក្សាស្រាវជ្រាវ ហើយថែមទាំងមានការដាក់តាំង វង់ភ្លេងពិណពាទ្យទៀតផង។
ក្រៅពីនេះ ព្រះអង្គនឹងរៀបចំដាក់តាំងវត្ថុបុរាណផ្សេងៗដែលមានក្នុងវត្ត ដើម្បីទាក់ទាញទាំងភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា ព្រោះថាទីអារាមនេះ ស្ថិតក្នុងចំណោមអារាមទេសចរណ៍ទាំង៩ នៅតាមបណ្តោយដងស្ទឹងសៀមរាប ដ៏មាន សក្តានុពល ក្នុងការជួយលើកស្ទួយតម្លៃវប្បធម៌ និងកេរដំណែលដែលដូនតាបានបន្សល់ ទុកឱ្យរហូតមកដល់សព្វថ្ងៃ។
សូមរំលឹកដែរថា វត្តអារញ្ញសាគរ មានព្រះវិហារដ៏ចំណាស់មួយ ជាស្ថាបត្យកម្មដ៏អស្ចារ្យព្រោះត្រូវបានសាងសង់ឡើងអំពីឥដ្ឋតាន់ និងមានសសរជុំវិញធ្វើឡើងពីឥដ្ឋរមួលស្រាប់ ហើយភាពរមួលនេះគឺមានសភាពខុសៗគ្នាទៀត ដែលជាលក្ខណៈពិសេសគួរជាទីចាប់ អារម្មណ៍នៃមហាជនទូទៅ ឱ្យចូលមកទស្សនាទីអារាមមួយនេះ ជារឿយៗផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com