អន្តរជាតិ
អាស៊ាន
មេទ័ពអាកាសប្រទេសអាស៊ាន៤ អត់ទៅប្រជុំនៅមីយ៉ាន់ម៉ា
15, Sep 2023 , 11:49 am        
រូបភាព
ប្រមុខកងទ័ពអាកាសរបស់ប្រទេសកម្ពុជា ឡាវ វៀតណាម ថៃ ព្រុយណេ និងមីយ៉ាន់ម៉ា នៅក្នុងសន្និសីទមេបញ្ជាការទ័ពអាកាសអាស៊ានលើកទី២០។ រូបភាព Irrawaddy
ប្រមុខកងទ័ពអាកាសរបស់ប្រទេសកម្ពុជា ឡាវ វៀតណាម ថៃ ព្រុយណេ និងមីយ៉ាន់ម៉ា នៅក្នុងសន្និសីទមេបញ្ជាការទ័ពអាកាសអាស៊ានលើកទី២០។ រូបភាព Irrawaddy
មេបញ្ជាការទ័ពអាកាសរបស់សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូណេស៊ី បានអវត្តមាននៅក្នុងសន្និសីទមេបញ្ជាការទ័ពអាកាសអាស៊ាន ដែលត្រូវបានរៀបចំដោយមីយ៉ាន់ម៉ា។


 
មីយ៉ាន់ម៉ា នៅថ្ងៃទី១៣ ខែកញ្ញា បានរៀបចំសន្និសីទប្រមុខកងទ័ពអាកាសប្រចាំឆ្នាំ នៅទីក្រុងណៃពិដោ ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការលើវិស័យការពារ ការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម និងការជួយសង្រ្គោះ ក្នុងពេលមានគ្រោះមហន្តរាយជាដើម។ យ៉ាងណាមិញ សន្និសីទដែលត្រូវបានរំពឹងបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញានេះ មិនមានមុខមេបញ្ជាការទ័ពអាកាសរបស់សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូណេស៊ីទេ។
 
ប្រមុខកងទ័ពអាកាសសិង្ហបុរី និងហ្វីលីពីន ថ្លែងសុន្ទរកថាតាមវីដេអូ ខណៈមេទ័ពម៉ាឡេស៊ី និងឥណ្ឌូណេស៊ី មិនអើពើនឹងសន្និសីទនេះតែម្តង។ មេបញ្ជាការទ័ពអាកាសព្រុយណេ កម្ពុជា ឡាវ ថៃ និងវៀតណាម បានចូលរួមកិច្ចប្រជុំ។ 
 
មកទល់ពេលនេះ មីយ៉ាន់ម៉ា នៅតែមិនទាន់មានដំណោះស្រាយផ្នែកនយោបាយ ខណៈប្រទេសមួយនេះ បន្តមានការវាយប្រហាររវាងយោធា និងរដ្ឋាភិបាលស្រមោល រួមទាំងការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន។ ចាប់តាំងពីរដ្ឋប្រហារនៅក្នុងឆ្នាំ២០២១ អាស៊ាន បានសម្រេចអញ្ជើញត្រឹមអ្នកតំណាងមិនមែននយោបាយរបស់មីយ៉ាន់ម៉ាមកចូលរួមកិច្ចប្រជុំអាស៊ានប៉ុណ្ណោះ ប៉ុន្តែរដ្ឋាភិបាលយោធា មិនបានបញ្ជូនតំណាងនោះមកឡើយ។ 
 
នៅក្រៅសន្និសីទមេបញ្ជាការទ័ពអាកាសអាស៊ាន ប្រមុខទ័ពអាកាសមីយ៉ាន់ម៉ា លោក Htun Aung ដែលរងទណ្ឌកម្មពីសំណាក់អាម៉េរិក និងអង់គ្លេស ក៏បានជួបប្រមុខកងទ័ពអាកាសមកពីព្រុយណេ កម្ពុជា ឡាវ ថៃ និងវៀតណាម ក្នុងលក្ខណៈទ្វេភាគី។
 
លោក Htun Aung ត្រូវបានរងការចោទប្រកាន់ថា នៅពីក្រោយការវាយប្រហារផ្លូវអាកាសនៅតំបន់ជាច្រើនដែលសំដៅលើក្រុមប្រឆាំង។
 
ស្របគ្នានេះ ប្រមុខកងទ័ពអាកាសមីយ៉ាន់ម៉ា ក៏បានប្រគល់តំណែងជាប្រធានមកកម្ពុជា សម្រាប់រៀបចំសន្និសីទប្រមុខកងទ័ពអាកាស នៅឆ្នាំ២០២៤ ផង។ 
 
គួររំឮកថា នៅក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ានលើកទី៤៣ អាស៊ានបានឯកភាពបង្កើតយន្តការ Troika ដែលមានការចូលរួមពីប្រធានអាស៊ានផ្លាស់វេនចំនួន៣ ដើម្បីចូលរួមដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលបន្តជាប់គាំង និងគ្មានច្រកចេញ៕ 
 

Tag:
 កម្ពុជា
  អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com