ជាតិ
សេដ្ឋកិច្ច
សម្តេច​ ហ៊ុន ម៉ាណែត ស្នើក្រុមហ៊ុនចិនឱ្យ​ជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា លើវិស័យអគ្គិសនី
15, Sep 2023 , 11:19 am        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត ចាប់ដៃជាមួយ លោក វិន ស៊ូកាំងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Huaneng Group នៅទីក្រុងប៉េកាំង នាថ្ងៃទី១៤កញ្ញា ឆ្នាំ២០២៣។ រូបថត៖ PM
សម្តេច ហ៊ុន ម៉ាណែត ចាប់ដៃជាមួយ លោក វិន ស៊ូកាំងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Huaneng Group នៅទីក្រុងប៉េកាំង នាថ្ងៃទី១៤កញ្ញា ឆ្នាំ២០២៣។ រូបថត៖ PM
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល​សម្តេច ហ៊ុន ម៉ាណែត​ ស្នើដល់ក្រុមហ៊ុន China Huaneng Group ​ឱ្យជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើវិស័យអគ្គិសនី។ ការស្នើរបស់សម្តេចបានធ្វើឡើងនៅចំពោះមុខ លោក វិន ស៊ូកាំង (Wen Shugang) ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Huaneng Group ​នៅទីក្រុងប៉េកាំង នាថ្ងៃទី១៤​កញ្ញា ឆ្នាំ២០២៣។​​​

 
ក្រុមហ៊ុន China Huaneng Group បានសម្រេចនូវសមិទ្ធផលជាច្រើននៅកម្ពុជា តាមរយៈគម្រោងវិនិយោគលើគម្រោងវារីអគ្គិសនី។ ជាពិសេស គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងមួយដ៏ធំ និងអាចចាត់ទុកថាជាស្ថានីយគំរូមួយ ធានាបាននូវបរិស្ថានល្អ។ សម្តេច ហ៊ុន ម៉ាណែត បានសាទរចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន​​កន្លងមកនេះ ហើយក៏ ស្វាគមន៍ចំពោះការនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីអភិវឌ្ឍវិស័យថាមពលនៅកម្ពុជាផងដែរ។
 
សម្តេចនាយករដ្ឋមន្ត្រី  លើកទឹកចិត្តឱ្យក្រុមហ៊ុនមួយនេះ ជួយសិក្សាបន្ថែមអំពីការពង្រីកការតបណ្តាញអគ្គិសនីឱ្យកាន់តែទូលំទូលាយ សំដៅបម្រើផលប្រយោជន៍ប្រជាជនឱ្យកាន់តែប្រសើរឡើង​និងជួយអភិវឌ្ឍប្រព័ន្ធថាមពលស្អាត និងប្រព័ន្ធថាមពលដែលផលិតពីអាគុយ​ ជាដើម។ ជាមួយគ្នានេះ សម្តេចក៏បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គិសនីផងដែរ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអគ្គីសនីកម្ពុជា។​
 
ជាការឆ្លើយតប លោក វិន ស៊ូកាំង បានអះអាងចំពោះ សម្តេច ហ៊ុន ម៉ាណែត ថា  ក្រុមហ៊ុននឹងបន្តជំរុញការសិក្សា និងការនាំយកនូវបច្ចេកទេសថ្មីៗ ហើយក្រុមហ៊ុនក៏នឹងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងពិនិត្យលទ្ធភាពបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែកអគ្គិសនីនេះ ទៅដល់យុវជនកម្ពុជា ផងដែរ ។ 
 
​គួរជម្រាបថា China Huaneng Group  គឺជាក្រុមហ៊ុនវិនិយោគធំជាងរបស់កម្ពុជាលើវិស័យអគ្គិសនី។ កាលឆ្នាំ២០១៨ ក្រុមហ៊ុននេះ​ បានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម២ក្នុងតម្លៃវិនិយោគ ៧៨១,៥២ លាន​ដុល្លារ។ នេះជាគម្រោងធំជាងរបស់ក្រុមហ៊ុនក្នុងទឹកដីកម្ពុជា ហើយក៏ត្រូវបានចាត់ទុក ជា​គម្រោង​គំរូ​មួយ​នៅក្នុង​ក្របខណ្ឌ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ប្រធានាធិបតី​ចិន។ ក្រៅពីគម្រោងនេះ ក្រុមហ៊ុន​ក៏បន្តវិនិយោគលើគម្រោងផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ចំនួន២០០ មេហ្គា​វ៉ាត់ នៅកម្ពុជា​ផងដែរ៕ 
 

Tag:
 អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com