ជាតិ
សេដ្ឋកិច្ច
កម្ពុជាចាប់ផ្តើមនាំអន្ទង់ និងកំពឹសទឹកសាប ទៅចិនហើយ
15, Sep 2023 , 11:37 am        
រូបភាព
ការវេចខ្ចប់​ផលិតផល​អន្ទង់ទឹក​សាប កាលពីថ្ងៃទី​៧ ខែកញ្ញា។ រូបថត Van Pov/Xinhua)
ការវេចខ្ចប់​ផលិតផល​អន្ទង់ទឹក​សាប កាលពីថ្ងៃទី​៧ ខែកញ្ញា។ រូបថត Van Pov/Xinhua)
កម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា បាននាំចេញផលិតផលជលផល ដែលអន្ទង់ និងកំពឹសទឹកសាបទៅចិនដោយផ្ទាល់ជាលើកដំបូង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua



«នេះជាលើកដំបូងដែលកម្ពុជានាំផលិតផលជលផលទៅកាន់ប្រទេសចិនដោយផ្ទាល់ ពីកំពង់ផែព្រះសីហនុ ឆ្ពោះទៅកាន់ផែសៀងហៃ»។ លោក ហេង ម៉េងទី អ្នកគ្រប់ការនាំចេញរបស់ក្រុមហ៊ុន Kim Chou បានអះអាងយ៉ាងដូច្នេះ។

លោកបានបន្ថែមថា ផលិតផលនាំចេញដំបូងនេះ មាន២ប្រភេទ គឺអន្ទង់ក្លាសេ និងកំពឹសទឹកសាប ដែលមានបរិមាណសរុប១០តោន ហើយរំពឹងទៅដល់សៀងហៃ នាថ្ងៃទី១៥ ឬទី១៦ ខែតុលា។

ថ្លែងប្រាប់ Xinhua ដដែល លោក ហេង ម៉េងទី បានបញ្ជាក់ថា ផលិតផលជលផលទាំងនេះ ត្រូវបានបញ្ជាទិញពីអ្នកនេសាទដែលរស់នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប រួមមានកំពង់ធំ សៀមរាប និងពោធិ៍សាត់។

ផលិតផលទាំងនេះ នឹងដាក់លក់នៅលើទីផ្សារនានាក្នុងប្រទេសចិន ដូចផលិតផលម្រេចកន្លងមកផងដែរ។

អន្ទង់ទឹកសាប និងកំពឹសទឹកសាប ស្ថិតក្នុងចំណោមផលិតផលជលផលធម្មជាតិជាង១០ប្រទេស ដែលទើបទទួលបានការអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយក្រៅពីនោះ មានដូចជា ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាប ២ ប្រភេទ, បង្កងកណ្តូប ២ ប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា។

ការនាំចេញផលិតផលជលផលដំបូងនេះ ក៏កើតឡើងស្របពេលដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្ថិតក្នុងទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដែលជាមិត្តដែកថែបផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com