អន្តរជាតិ
លោក Pita លាលែងពីតំណែងមេដឹកនាំបក្សឆ្ពោះទៅមុខ
15, Sep 2023 , 5:18 pm        
រូបភាព
លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ នៅថ្ងៃទី១៥ ខែកញ្ញា បានប្រកាសលាលែងពីតំណែងប្រធានបក្ស ដើម្បីត្រួសត្រាយផ្លូវឱ្យអ្នកផ្សេងអាចកាន់តំណែងប្រធានក្រុមប្រឆាំងនៅក្នុងសភាបាន។

 
ខណៈតុលាការធម្មនុញ្ញ បន្តព្យួរសមាជិកសភា លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ បានសម្រេចលាលែងពីតំណែងមួយនេះ នៅថ្ងៃទី១៥ ខែកញ្ញា។ ការលាលែងពីតំណែងប្រធានបក្សនេះ ដើម្បីជាការត្រួសត្រាយផ្លូវសម្រាប់អ្នកបន្ទាប់អាចកាន់តំណែងជាមេដឹកនាំប្រឆាំងក្នុងសភា។
 
«ខ្ញុំ ប្រកាសលាលែងពីតំណែងមេដឹកនាំបក្សឆ្ពោះទៅមុខ ដើម្បីបើកផ្លូវឱ្យសមាជិកសភាមកពីបក្សអាចមានសំឡេងមួយនៅក្នុងសភា»។ លោក Pita ដែលជាអតីតបេក្ខជននាយករដ្ឋមន្រ្តី បានបញ្ជាក់បែបនេះ នៅក្នុង Facebook Page ផ្លូវការរបស់ខ្លួន ដោយបន្តថា លោកនឹងបន្តការងាររបស់ខ្លួន ជាមួយបក្សឆ្ពោះទៅមុខដដែល។ 
 
តាមច្បាប់ថៃ មេដឹកនាំបក្សប្រឆាំងនៅក្នុងរដ្ឋសភា ត្រូវតែជាសមាជិកសភា ហើយមិនមែនជាប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងសមាជិករដ្ឋាភិបាល។ ដោយសារតែបញ្ហានេះ លោកPita បានសម្រេចលាលែងពីតំណែងប្រមុខបក្ស។ 
 
បន្ថែមពីនេះ អ្នកនយោបាយវ័យក្មេងរូបនេះ បានប្តេជ្ញាបន្តធ្វើការជាមួយប្រជាជនឱ្យខ្លាំងបំផុត ដើម្បីអាចឱ្យពួកគេសម្រេចអ្វីមួយរួមគ្នា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
កន្លងមក សភាថៃទាំងពីរថ្នាក់ បានបដិសេធមិនគាំទ្រលោក Pita ធ្វើជានាយករដ្ឋមន្រ្តី ក្រោមហេតុផលមិនចង់ឱ្យមានការធ្វើកំណែទម្រង់ស្ថាប័ន្ធព្រះមហាក្សត្រ។ មិនតែប៉ុណ្ណោះ អ្នកនយោបាយរូបនេះ ត្រូវបានតុលាការធម្មនុញ្ញ ព្យួរសមាជិកសភារបស់លោកផង ដោយសារតែកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន iTV ដែលមិនបានធ្វើប្រតិបត្តិការជាច្រើនឆ្នាំមកហើយ។
 
សូមបញ្ជាក់ថា ថ្មីៗនេះ លោក Pita ត្រូវបានទស្សនាវដ្តី Time ចាត់ទុកជាមេដឹកនាំ ដែលកែប្រែអនាគត និងកំណត់ពីភាពជាអ្នកដឹកនាំនៅពេលអនាគត៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com