អន្តរជាតិ
ចិន ដាក់ទណ្ឌកម្មក្រុមហ៊ុនអាម៉េរិក២ ដោយសារលក់អាវុធទៅតៃវ៉ាន់
15, Sep 2023 , 8:59 pm        
រូបភាព
ចិន នឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាម៉េរិកចំនួន២ ដែលលក់អាវុធទៅកោះតៃវ៉ាន់។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥ ខែកញ្ញា។

 
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុន Northrop Grumman និងក្រុមហ៊ុន Lockheed Martin ក្រោមហេតុផលលក់អាវុធឱ្យកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាដែនដីមួយរបស់ខ្លួន។ 
 
«យើងជំរុញឱ្យអាម៉េរិក គោរពគោលការណ៍ចិនតែមួយឱ្យមានប្រសិទ្ធភាព...ឈប់ពាក់ព័ន្ធកិច្ចការយោធាតៃវ៉ាន់ និងឈប់ផ្តល់អាវុធឱ្យតៃវ៉ាន់»។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៥ ខែកញ្ញា ដោយបន្តព្រមាន បើមិនដូច្នោះទេ ចិននឹងសងសឹកឱ្យបានខ្លាំងបំផុត។ យ៉ាងណាមិញ មន្រ្តីក្រសួងការបរទេសចិនរូបនេះ មិនបានបញ្ជាក់ឡើយ ថាតើទណ្ឌកម្មនោះ មានលក្ខណៈបែបណា។ 
 
នេះមិនមែនជាលើកទីមួយឡើយ ដែលរដ្ឋាភិបាលក្រុងប៉េកាំងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាម៉េរិក Lockheed Martin ក្រោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនផ្តល់ភ្លើងបៃតង ក្នុងការលក់អាវុធ។ 
 
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា ទណ្ឌកម្មនោះ ធ្វើឡើងដោយផ្អែកលើច្បាប់ទណ្ឌកម្មប្រឆាំងបរទេសរបស់ខ្លួន។ 
 
គួររំឮកថា អាម៉េរិក បានផ្តល់ភ្លើងបៃតង លក់អាវុធ ដើម្បីពង្រឹងសមត្ថភាពកងទ័ព និងអភិវឌ្ឍប្រព័ន្ធខែលមីស៊ីលជាបន្តបន្ទាប់។ នៅក្នុងខែសីហា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានឯកភាពក្នុងការផ្ទេរមូលនិធិទៅតៃវ៉ាន់ប្រមាណ ៨០លានដុល្លារ ក្រោមកម្មវិធីការផ្តល់ហិរញ្ញវត្ថុយោធាបរទេសថែមទៀត។ នេះបើតាមការជូនដំណឹងទៅកាន់សភាអាម៉េរិក៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com