ជាតិ
សេដ្ឋកិច្ច
បើគ្មានអ្វីប្រែប្រែលទេ! រដ្ឋ នឹងអនុវត្តពន្ធលើចំណេញមូលធន២០ភាគរយ នៅដើមឆ្នាំ២០២៤
15, Sep 2023 , 9:29 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ​រូបថត៖ GDT
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ​រូបថត៖ GDT
សល់ជាង៣ខែទៀតប៉ុណ្ណោះ  អគ្គនាយកដ្ឋានពន្ធដារ នឹង​អនុវត្ត​ពន្ធលើចំណេញ​មូលធន ចំនួន២០ភាគរយ។​ ការប្រមូលពន្ធនេះ នឹងចាប់ផ្តើមពីថ្ងៃទី១មករា ឆ្នាំ២០២៤ទៅ បន្ទាប់ពីរដ្ឋាភិបាលពន្យារពេល អស់៣ឆ្នាំ ក្នុងការអនុវត្តពន្ធប្រភេទនេះ ព្រោះតែការឆ្លងរីករាលនៃជំងឺកូវីដ-១៩។

 
«យើងខ្ញុំបានត្រៀមខ្លួនរួចហើយ ក្នុងការដាក់ឱ្យអនុវត្តនូវពន្ធនេះ[ពន្ធចំណេញមូលធន]»។ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយដ្ឋានពន្ធដារ ថ្លែងបែបនេះក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស ស្តីពី ការយល់ដឹងអំពីពន្ធដារ នាព្រឹកថ្ងៃទី១៥កញ្ញានេះ ដោយបញ្ជាក់ថា ការអនុវត្តពន្ធនេះ គឺមិនប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅកម្ពុជា​ ដែលកំពុងជាប់គាំងឡើយ។ ​​​
 


បើតាមលោក គង់ វិបុល ការយកពន្ធលើចំណេញមូលធន២០ភាគរយពីម្ចាស់អចលនទ្រព្យនេះ  ធ្វើឡើងបន្ទាប់ពីរដ្ឋអនុញ្ញាតឱ្យកាត់កង៨០ភាគរយនៃប្រាក់ចំណេញសរុប។ លោកបានពន្យល់យ៉ាងដូច្នេះ៖ «ឥឡូវយើងលក់[អចលនទ្រព្យ]បាន១លាន[ដុល្លារ] ហើយតាមច្បាប់​និងបទបញ្ញាត្តិត្រូវកាត់កង៨០ម៉ឺនដុល្លារចេញ។ លុយដែលនៅសល់២០ម៉ឺនដុល្លារនេះ យើងយកគុណនឹង២០ភាគរយ គឺវាស្មើនឹង៤ម៉ឺន[ដុល្លារ]។ អ៊ីចឹង! ១លានដុល្លារ​ដែលបានពីការលក់អចលនទ្រព្យ គឺម្ចាស់បង់៤ម៉ឺនដុល្លារ»។​ 
 
ដោយឡែក ពលរដ្ឋដែលលក់អចលនទ្រព្យរបស់ខ្លួនទៅខាត ឬបានត្រឹមតែរួចខ្លួនទេ គឺមិនជាប់ពន្ធលើចំណេញមូលធននេះឡើយ។
 
មុន​ពន្ធ​មូលធន​នេះ លេចចេញ​ជា​រូបរាង សាធារណជន ជាពិសេស​អ្នករកស៊ី​អចលនទ្រព្យ កំពុង​បង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​អាជីវកម្ម​ខ្លួន ស្រប​ពេលដែល​វិស័យនេះកំពុងជាប់គាំង។  
 
​ផ្ទុយ​ពី​ក្តី​ព្រួយបារម្ភ​នេះ កន្លងមក លោក គង់ វិបុល អះអាងថា ការអនុវត្ត​ពន្ធ​នេះ មិនមែន​ជាការ​សង្កត់​«​ក​» រាស្ត្រ​នោះទេ​។ បើតាម​លោក គង់ វិបុល ការបង្កើត​ពន្ធ​នេះ គឺ​ដើម្បី​យកប្រាក់​ចំណេញ​ពី​អ្នកលក់​អចលនទ្រព្យ មកជួយ​ពលរដ្ឋ​ក្រីក្រ​ប៉ុណ្ណោះ​។​
 
លោក គង់ វិបុល បាន​សង្កត់ធ្ងន់ថា ពន្ធ​លើ​ចំណេញ​មូលធន​នេះ វា​នឹង​អត្ថប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ក្រក្រី រួមទាំង​ការអភិវឌ្ឍ​ជនបទ កសាង​មន្ទីរពេទ្យ សាលារៀន ផ្លូវ អណ្ដូងទឹក និង​ស្រះ​ទឹកជា​ដើម​។ «​បើសិនជា​យើង មិន​យក​(​ពន្ធ​)​ពី​អ្នក​ដែលមាន​ប្រាក់ចំណេញ វា​ហាកបីដូចជា​បាន​ពន្ធ​ពី​ណា​យក ។ ហើយ​រដ្ឋ​អត់​យកពន្ធ​ទេ ពី​អ្នក​ដែល​លក់​ខាត ហើយ​ប្រជាពលរដ្ឋ​ទូទៅ បើសិនជា​អត់​មានការ​លក់ ក៏​អត់​ជាប់ពន្ធ​ដែរ​។ ពន្ធ​មូលធន​នេះ បើ​លក់​ចំណេញ​ចាំ​បង់ បើ​លក់​មិន​ចំណេញ អត់​បង់ អត់​ត្រូវ​ជាប់​(​ពន្ធ​)​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គង់ វិបុល នៅក្នុងកម្មវិធី​ពន្ធដារ​កម្ពុជា ស្តីពី «​ពន្ធ​លើ​ចំណេញ​មូលធន​» នៅ​ថ្ងៃទី​១ តុលា​ ឆ្នាំ២០២០៕​ 
 

Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com