អន្តរជាតិ
តើមានហេតុផលអ្វី ដែលឥណ្ឌា ចង់ផ្លាស់ប្តូរឈ្មោះទៅ Bharat?
16, Sep 2023 , 2:39 pm        
រូបភាព
នៅពេលថ្មីៗនេះ សារព័ត៌មានព្រោងព្រាត បានចុះផ្សាយ ឥណ្ឌាចង់ផ្លាស់ប្តូរឈ្មោះទៅ បារ៉ាត (Bharat)។ ចេតនាបែបនេះ ត្រូវបានបង្ហាញឱ្យឃើញនៅក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) នៅក្នុងក្រុងញូវដែលី។ នៅក្នុងកិច្ចប្រជុំនោះ នៅលើស្លាកតំណាងប្រទេសពីមុខលោក នារិន្រ្ទា ម៉ូឌី នាយករដ្ឋមន្រ្តី មិនបានដាក់ថា ឥណ្ឌាឡើយ។ ផ្ទុយទៅវិញ ស្លាកនោះ​ បានដាក់ថា ជា បារ៉ាត (Bharat) ទៅវិញ។

 
តើមានការយល់ឃើញបែបណា ចំពោះឈ្មោះបារ៉ាត និងឥណ្ឌា?
 
ជាការពិត បារ៉ាត ត្រូវបានអ្នកប្រវត្តិសាស្រ្តអះអាងថា ជាពាក្យសំស្រ្កឹតបុរាណ ដែលត្រូវបានសរសេរទុកនៅក្នុងគម្ពីរហិណ្ឌូជាច្រើនឆ្នាំមកហើយ។ បន្ថែមពីនេះ ឈ្មោះបារ៉ាតនេះ ត្រូវបានគេជឿថា ត្រូវបានប្រើប្រាស់នៅក្នុងសម័យបុរាណ ដើម្បីសម្គាល់តំបន់មួយដែលស្ថិតនៅចន្លោះភ្នំ និងសមុទ្រ និងជាអ្នកបន្តវេនពីស្តេច Bharata។ 
 
ចំណែកពាក្យថា ឥណ្ឌាវិញ ត្រូវបានមន្រ្តីបក្ស  Bharatiya Janata Party របស់លោកម៉ូឌី យល់ថា ត្រូវបានដាក់ដោយអាណានិគមអង់គ្លេស ដែលមានន័យស្មើរនឹងទាសករ។ 
 
យ៉ាងណាមិញ អ្នកប្រវត្តិសាស្រ្តឥណ្ឌា បានអះអាងថា ពាក្យនេះ មិនមែនទើបតែមាននៅក្នុងសម័យអាណានិគមអង់គ្លេសទេ ប៉ុន្តែវាមានតាំងពីមុនមកម្លេះ។ តាមការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន ពាក្យ ឥណ្ឌានេះ អាចមានមានរឹសគស់ចេញពីទន្លេ Indus ដែលត្រូវបានហៅថា Sindhu នៅក្នុងភាសាសំស្ក្រឹត។ 
 
មែនទែនទៅ ឈ្មោះទាំងពីរនេះ ត្រូវបានស្គាល់នៅប្រទេសឥណ្ឌាបែបប្រពៃណីទៅហើយ។ ឥណ្ឌា​ មិនមែនមានតែឈ្មោះពីរនេះទេ ប៉ុន្តែឥណ្ឌាក៏ត្រូវបានហៅក្រៅថា Hindustan ផងដែរ ដែលមានន័យថា ដែនដីរបស់ឥណ្ឌា។ ប៉ុន្តែការហៅ Hindustan គ្រាន់តែជាភាសាក្រៅផ្លូវការប៉ុណ្ណោះ។ 
 

តើការប្តូរឈ្មោះពី ឥណ្ឌា ទៅបារ៉ាត អាចធ្វើឡើងបានទេ? 
 
មកទល់ពេលនេះ វាមិនទាន់ច្បាស់ទេ ថាតើមេដឹកនាំប្រទេសអាស៊ីខាងត្បូងមួយនេះ អាចប្តូរឈ្មោះពីឥណ្ឌា ដែលគេស្គាល់នៅទូទាំងពិភពលោក ទៅជាបារ៉ាត។ សូម្បីតែសារព័ត៌មានធំៗ​ ក៏បានត្រឹមដាក់ការសង្ស័យប៉ុណ្ណោះ ថាឥណ្ឌាអាចនឹងប្តូរឈ្មោះពីឥណ្ឌាទៅបារ៉ាត តាមរយៈការបង្ហាញរបស់ឥណ្ឌា នៅក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) កន្លងមក។ សូម្បីតែការហៅលោកនារិន្រ្ទា ម៉ូឌី នោះទៀតសោត ក៏ត្រូវបានបក្សរបស់លោក Bharatiya Janata Party ហៅថានាយករដ្ឋមន្រ្តីបារ៉ាតដែរ។ 
 
ជាការពិត ឥណ្ឌា អាចនឹងប្រើឈ្មោះផ្លូវការទាំងពីរ ដោយសារកន្លងមក ឈ្មោះបារ៉ាតនេះ ក៏ត្រូវបានមន្រ្តីឥណ្ឌា ប្រើប្រាស់នៅក្នុងពិធីផ្លូវការដែរ មិនត្រឹមតែឈ្មោះឥណ្ឌាមួយទេ។ នៅក្នុងកិច្ចប្រជុំ ក្រុមប្រទេស G20 នៅក្រុងញូវដែលីកន្លងមក ឥណ្ឌា បានប្រើប្រាស់ឈ្មោះទាំងពីរនេះទៅហើយ។ នៅក្នុងជំនួបជាមួយមេដឹកនាំបណ្តាប្រទេសផ្សេង លក្ខណៈទ្វេភាគី រដ្ឋាភិបាលក្រុងញូវដែលី បានដាក់ឈ្មោះ India ជាភាសាអង់គ្លេស និងបារ៉ាត ជាភាសារបស់ខ្លួន នៅផ្ទាំងខាងក្រោយនៃជំនួបថ្នាក់ដឹកនាំ។ 
 
ម្យ៉ាងវិញទៀត លោក Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា ក៏បានអះអាងផងដែរថា នៅក្នុងរដ្ឋធម្មនុញ្ញ បានចែងថា ឥណ្ឌា ជាបារ៉ាត។​
 
តើមានការរិះគន់ទេ លើការប៉ុនប៉ងផ្លាស់ប្តូរឈ្មោះប្រទេសបែបនេះ?
 
ពិតណាស់ វាប្រាកដជាមានការរិះគន់លើការផ្លាស់ប្តូរឈ្មោះពីឥណ្ឌា ដែលគេស្គាល់នៅទូទាំងពីភពលោក ទៅបារ៉ាត។ លោក Shashi Tharoor ដែលជាមេធាវីនៅប្រទេសឥណ្ឌា បានយល់ថា បើទោះគ្មានការហាមឃាត់ពីរដ្ឋធម្មនុញ្ញក្នុងការប្តូរឈ្មោះ ប៉ុន្តែលោកជឿថា រដ្ឋាភិបាល នឹងមិនប្តូរឈ្មោះឥណ្ឌានេះ ទៅបារ៉ាត។ បើតាមមេធាវីឥណ្ឌារូបនេះ ឈ្មោះឥណ្ឌាហ្នឹងត្រូវបាន ធ្វើឱ្យស្គាល់ជាច្រើនសតវត្សរ៍ទៅហើយ។ ជុំវិញបញ្ហានេះ លោកមេធាវី បានទទូចឱ្យរដ្ឋាភិបាលឥណ្ឌាហ្នឹង ប្រើប្រាស់ទាំងពីរ ក៏វាមិនខុសទាស់អ្វីដែរ។ 
 
កន្លងមកហ្នឹងវាមានការចោទប្រកាន់រដ្ឋាភិបាលឥណ្ឌាហ្នឹង ព្យាយាមលុបបំបាត់ឈ្មោះតំបន់ ឬទីក្រុងពាក់ព័ន្ធនឹងចក្រភព Mughal និងសម័យអាណានិគម។ 
 
ក្រៅពីឥណ្ឌា តើមានប្រទេសណាប្តូរឈ្មោះប្រទេសទេ? 
 
ក្រៅពីឥណ្ឌា វាក៏មានប្រទេសផ្សេងទៀតដែរ សារព័ត៌មានថ្មីៗ នឹងលើកយកករណីការប្តូរឈ្មោះប្រទេសចំនួន ៣ មកនិយាយ៖ 
 
នៅក្នុងឆ្នាំ២០២២ ប្រធានាធិបតីតួកគី​ លោក តៃយីប អ៊ែរដូហ្កាន់ បានប្រាប់ទៅអង្គការសហប្រជាជាតិថា ប្រទេសTurkey នឹងប្តូរទៅ Turkiye។ ពាក្យថា Turkiyeនេះ គឺល្អបំផុតក្នុងការតំណាងឱ្យវប្បធម៌ អរិយធម៌ និងតម្លៃប្រជាជនតួកគីទាំងមូល។ ការសម្រេចប្តូរឈ្មោះបែបនេះ គឺដើម្បីឱ្យមានឈ្មោះតំណាងប្រទេសត្រឹមត្រូវ ជាងជាយល់ច្រឡំនឹងឈ្មោះរបស់បក្សី ម្យ៉ាងដែលគេហៅថា មាន់តួកគី។ 
 
នៅក្នុងឆ្នាំ២០២០ ប្រទេស Netherland បានសម្រេចបោះបង់ឈ្មោះ Holland ចោល។ បើតាមរដ្ឋាភិបាលប្រទេសនៅតំបន់អឺរ៉ុបមួយនេះ ក៏ប្តូរឈ្មោះប្រទេសមក Netherland គឺតំណាងឱ្យប្រទេសល្អជាង រួមទាំងមានភាពបើកចំហ ទំនើប និងការរួមបញ្ជូលពីប្រជាជនទាំងអស់។ 
 
នៅក្នុងឆ្នាំ ២០១៩ Macedonia ត្រូវបានប្តូរទៅជា North Macedonia។ ការសម្រេចចិត្តប្តូរឈ្មោះបែបនេះ គឺដោយសារកាលនោះ Macedonia មានជម្លោះជាមួយក្រិក ហើយតំបន់មួយនៅក្រិកក៏ឈ្មោះ Macedonia ដែរ។ ដើម្បីបង្ការកុំឱ្យមានការយល់ច្រឡំរដ្ឋាភិបាលប្រទេសមួយនេះ បានប្តូរទៅ North Macedonia ជាដើម។ 
 
តើការប្តូរឈ្មោះប្រទេសមានផលវិបាកដែរឬទេ? 
 
យ៉ាងណាមិញ ការផ្លាស់ប្តូរឈ្មោះផ្លូវការរបស់ប្រទេសបែបនេះ គឺត្រូវចំណាយថវិកាច្រើន ដើម្បីកែប្រែលិខិតបទដ្ឋានគតិយុទ្ធ និងប្រព័ន្ធរដ្ឋបាលមួយចំនួន ដែលមានឈ្មោះប្រទេសចាស់ ត្រូវប្តូរទៅឈ្មោះប្រទេសថ្មី។ បន្ថែមពីនេះ សូម្បីតែស្លាកលេងរថយន្ត ឯកសណ្ឋានរបស់យោធា ក្រុមកីឡាជាតិ ឬរូបិយវត្ថុ ក៏ត្រូវផ្លាស់ប្តូរ ទៅតាមឈ្មោះដែលបានដាក់ថ្មីផង។ 
 
មិនតែប៉ុណ្ណោះ​ រដ្ឋប្តូរឈ្មោះ ក៏ត្រូវជូនដំណឹងទៅអង្គការសហប្រជាជាតិផងដែរ ដើម្បីទទួលបានការអនុម័ត៕ 
 

Tag:
 ឥណ្ឌា
  G20
© រក្សាសិទ្ធិដោយ thmeythmey.com