ជាតិ
រដ្ឋបាលខេត្តកំពង់ធំ អំពាវនាវឱ្យពលរដ្ឋរស់នៅក្បែរស្ទឹងសែន ប្រុងប្រយ័ត្នលើស្ថានភាពទឹកជំនន់
17, Sep 2023 , 3:11 pm        
រូបភាព
 រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ អំពាវនាវឱ្យពលរដ្ឋរស់នៅក្បែរស្ទឹងសែន ប្រុងប្រយ័ត្នលើស្ថានភាពទឹកជំនន់ បន្ទាប់ពីពិនិត្យឃើញ ទឹកស្ទឹងសែន​បាននឹងកំពុងបន្តកើនឡើងជាសន្សឹមៗ។ គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ទឹកស្ទឹងសែន នៅស្ថានីយជលសាស្ត្រក្រុងស្ទឹងសែន មានកម្ពស់ ១៣,៤១ម៉ែត្រ ដោយ កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១៣,៥០ម៉ែត្រ។



នាថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ២០២៣ រដ្ឋលេខាធិការ​ក្រសួងធនធានទឹក រួមទាំងក្រុមការងារសម្របសម្រួលធនធានទឹកប្រចាំ​ខេត្តកំពង់ធំ សៀមរាប ព្រះវិហារ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះពិនិត្យស្ថានភាពផលប៉ះពាល់ដែលបង្កឡើងដោយទឹកជំនន់ស្ទឹងសែន ខេត្តកំពង់ធំ។
 
គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ ទឹកស្ទឹងសែន នៅស្ថានីយជលសាស្ត្រក្រុងស្ទឹងសែន មានកម្ពស់ ១៣,៤១ម៉ែត្រ ដោយកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១៣,៥០ម៉ែត្រ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត​កំពង់ធំ ក៏បានប្រកាសពីស្ថានភាព​កម្ពស់ទឹកស្ទឹងសែនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដល់សាធារណជន។ ជាពិសេស ពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបអមសងខាងស្ទឹងសែនឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពទឹកជំនន់ស្ទឹងសែន នាពេលនេះ។
 
សូមបញ្ជាក់ថា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករពីស្ថានភាពទឹកទន្លេ កំពុងកើនឡើងជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះ ទន្លេមេគង្គនៃខេត្តស្ទឹងត្រែង មានកម្ពស់ ៩,៤៥ម៉ែត្រ(កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ)។ ទន្លេមេគង្គនៃខេត្តក្រចេះ មានកម្ពស់ទឹក ១៩,៩៥ម៉ែត (កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ២២ម៉ែត្រ), ទន្លេមេគង្គនៃខេត្តកំពង់ចាម មានកម្ពស់ទឹក ១២,៦៦ម៉ែត្រ (កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ)ផងដែរ៕
 

Tag:
 ThmeyThmey
 ​ កំពង់ធំ
  ទឹកជំនន់
  ស្ទឹងសែន
© រក្សាសិទ្ធិដោយ thmeythmey.com