អន្តរជាតិ
លោក គីម ជុងអ៊ុន បញ្ចប់ទស្សនកិច្ចនៅរុស្ស៊ី ដោយទទួលបានអំណោយជាដ្រូនមកវិញ
18, Sep 2023 , 2:17 pm        
រូបភាព
លោក គីម ជុងអ៊ុន ចាកចេញពីរុស្ស៊ី មកកូរ៉េខាងជើងវិញ តាមរយៈរថភ្លើងឯកជនរបស់ខ្លួន។ រូបភាព KCNA
លោក គីម ជុងអ៊ុន ចាកចេញពីរុស្ស៊ី មកកូរ៉េខាងជើងវិញ តាមរយៈរថភ្លើងឯកជនរបស់ខ្លួន។ រូបភាព KCNA
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅថ្ងៃទី១៧ ខែកញ្ញា បានចាកចេញពីរុស្ស៊ីហើយ ក្រោយដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃ។ មុនពេលចាកចេញ លោកគីម បានទទួលអំណោយជាដ្រូនស៊ើបការណ៍ រួមទាំងអាវការពារគ្រាប់ ពីអភិបាលតំបន់ Primorye ដែលមានព្រំដែនជាប់ជាមួយចិន និងកូរ៉េខាងជើង។

 
ក្រោយបំពេញទស្សនកិច្ចនៅរុស្ស៊ីរយៈពេល ៦ថ្ងៃ លោកគីម ជុងអ៊ុន នៅថ្ងៃទី១៧ ខែកញ្ញា បានចាកចេញពីរុស្ស៊ីហើយ ខណៈរដ្ឋាភិបាលក្រុងមូស្គូ បានប្តេជ្ញាស្វះស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រុងព្យុងយ៉ាង។ 
 
មុនពេលចាកចេញពីក្រុង Vladivostok ទីក្រុងកំពង់ផែរុស្ស៊ី លោកគីម បានទទួលអំណោចជាដ្រូនផ្ទុះចំនួន៥គ្រឿង, ដ្រូនស៊ើបអង្កេតចំនួន១គ្រឿង និងអាវការពារគ្រាប់ផង ពីអភិបាលតំបន់Primorye ដែលមានព្រំដែនជាប់ជាមួយចិន និងកូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
តាមរយៈដំណើរទស្សនកិច្ចរបស់លោក គីម ទៅរុស្ស៊ីជាលើកដំបូង ចាប់តាំងពីជំងឺកូវីដ-១៩ ផ្ទុះឡើង រដ្ឋាភិបាលក្រុងមូស្គូ បានសន្យាធ្វើការជាមួយកូរ៉េខាងជើង ដែលរងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបណ្តាប្រទេសមួយចំនួន។ 
 
«យើងនឹងមិនប្រកាសដាក់ទណ្ឌកម្មលើកូរ៉េខាងជើងឡើយ ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខបានធ្វើវា»។ លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានបញ្ជាក់បែបនេះ នៅតាមកញ្ចក់ទូរទស្សន៍រុស្ស៊ីចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា។ បើតាមលោកឡាវរ៉ូវ រុស្ស៊ី នឹងអភិវឌ្ឍទំនាក់ទំនងប្រកបដោយស្មើភាព និងត្រឹមត្រូវជាមួយកូរ៉េខាងជើង។ 
 
បើទោះប្រមុខការទូតរុស្ស៊ី បានបញ្ជាក់បែបនេះក៏ដោយ ប៉ុន្តែរាល់ការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ គឺទាមទារការយល់ព្រមពីសមាជិកអចិន្រ្តៃយ៍ទាំងអស់ ដោយក្នុងនោះមានរុស្ស៊ីដែរ។ កន្លងមក ក្រុមប្រឹក្សាសន្តិសុខ បានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងជាច្រើន ដើម្បីរឹតត្បិតកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង។ 
 
ចំណែករដ្ឋមន្រ្តីធនធានធម្មជាតិរុស្ស៊ី លោក Alexander Kozlov ជាអ្នកជូនដំណើរលោកគីម ក្នុងការធ្វើទស្សនកិច្ចនៅរុស្ស៊ី បានអះអាងថា វាមានរឿងជាច្រើន ដែលត្រូវបានពិភាក្សា ហើយលោកគីម បានចាប់អារម្មណ៍យ៉ាងខ្លាំង សូម្បីតែព័ត៌មានលម្អិតៗ។ 
 
យ៉ាងណាមិញ រដ្ឋមន្រ្តីរូបនេះ មិនបានបញ្ជាក់ពីកិច្ចព្រមព្រៀងយោធាឡើយ ប៉ុន្តែលោកបានអះអាងថា ភាគីទាំងពីរ បានឯកភាពក្នុងការបង្កើនការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងការប្រើប្រាស់ជើងហោះហើរផ្លូវអាកាស។ 
 
ក្នុងដំណើរទស្សនកិច្ចនេះ លោកគីម បានបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលបាញ់យានអវកាសទៅលំហ ប្រព័ន្ធមីស៊ីលមានល្បឿនលឿនជាងសំឡេង Hypersonic រួមទាំងកម្លាំងជើងទឹកកូរ៉េខាងជើងផង៕ 

Tag:
 រុស្ស៊ី
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com