អន្តរជាតិ
លោក សេដ្ឋា សន្យាដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាឱ្យបានជាង១១ដុល្លារ នៅមុនឆ្នាំ២០២៤
18, Sep 2023 , 6:36 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៅថ្ងៃទី១៨ ខែកញ្ញា បានសន្យាដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាឱ្យបានជាង១១ដុល្លារ (៤០០បាត) ឱ្យបានមុនចូលឆ្នាំ២០២៤។ រដ្ឋាភិបាលថៃ ប្តេជ្ញាបញ្ចុះតម្លៃអគ្គិសនីក្រោមតម្លៃ០,១១ដុល្លារ (៤បាត)ផង។

 
លោកសេដ្ឋា ថាវីស៊ីន បានដាក់ចេញគោលនយោបាយជាច្រើនពាក់ព័ន្ធសេដ្ឋកិច្ច ក្នុងនោះរួមទាំងការដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាឱ្យបានជាង១១,២០ដុល្លារ (៤០០បាត)ផង។ 
 
«យើងនឹងពិនិត្យលើបញ្ហានេះ ហើយរំពឹងថា ប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមានឹងឡើងដល់ប្រមាណ ១១,២០ដុល្លារ មុនឆ្នាំថ្មី ឬត្រឹមខែវិច្ឆិកា ឬខែធ្នូ»។ លោកសេដ្ឋា បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៨ ខែកញ្ញា ដោយបន្តថា ក្នុងពេលបច្ចុប្បន្ន កម្មករមួយចំនួន បានទទួលប្រាក់ឈ្នួលប្រចាំថ្ងៃលើសពី១១,២០ដុល្លាររួចហើយ ប៉ុន្តែមិនមែនគ្រប់ខេត្តឡើយ។ 
 
បើតាមលោក សេដ្ឋា ដែលជារដ្ឋមន្រ្តីហិរញ្ញវត្ថុផងនោះ ការបង្កើនប្រាក់ឈ្នួលអប្បបរមា ជាគោលនយោបាយរយៈពេលខ្លីក្នុងការកែលម្អសុខមាលភាពផ្នែកសេដ្ឋកិច្ចរបស់ប្រជាជន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងទៅ បក្សភឿថៃ បានសន្យាដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាដល់១៦,៨៥ដុល្លារ (៦០០បាត) នៅត្រឹមឆ្នាំ២០២៧។ ក្នុងពេលបច្ចុប្បន្ន ប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមា មានចន្លោះពី៩,២១ដុល្លារ (៣២៨បាត) ទៅ៩,៩៤ដុល្លារ (៣៥៤បាត) ដោយផ្អែកលើស្ថានភាពតំបន់នីមួយៗ។
 
ក្នុងថ្ងៃដដែលនេះ លោកសេដ្ឋា ក៏បានប្តេជ្ញាបញ្ចុះតម្លៃអគ្គិសនីឱ្យបានក្រោម ០,១១ដុល្លារ (៤បាត)ផង។ ពីវេទិកា Thairath Forum 2023 មេដឹកនាំថៃរូបនេះ បានអះអាងថា កន្លងមក រដ្ឋាភិបាលថៃថ្មី បានបញ្ចុះតម្លៃអគ្គិសនីមកត្រឹម ០,១១ដុល្លារប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់ម៉ោង ប៉ុន្តែលោកចង់ឃើញតម្លៃអគ្គិសនី ថយទាបជាង ០,១១ដុល្លារ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com