ជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ បណ្តាអភិបាលខេត្ត ត្រូវប្រកួតប្រជែងគ្នាដើម្បីទាក់ម៉ូយសម្រាប់ការអភិវឌ្ឍមូលដ្ឋានខ្លួន
19, Sep 2023 , 9:30 am        
រូបភាព
ថ្លែងនាជំនួបជាមួយកម្មករ នយោជិតជាង១៨០០០នាក់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រឹកថ្ងៃអង្គារនេះ បានលើកទឹកចិត្តថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តឱ្យប្រកួតប្រជែងគ្នាដើម្បីទាក់ទាញការវិនិយោគ និងផ្តល់ការអនុគ្រោះមួយចំនួន សម្រាប់ការរីកចម្រើននៅមូលដ្ឋានរបស់ខ្លួន។



«ទាក់ម៉ូយ»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត ដែលមានន័យថា ជាការកៀរគរអ្នកវិនិយោគ ហើយផ្តល់ការអនុគ្រោះបន្ថែម ទៅតាមគោលនយោបាយវិមជ្ឈការ ដើម្បីពង្រីកសក្តានុពលតាមវិស័យនៅបណ្តាខេត្តនីមួយៗ។

សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នាកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី សម្តេចឆ្លងកាត់ការប្រជុំដោយអត់បាយ ដោយសារប្រឹងប្រែងទាក់ម៉ូយពីជប៉ុន ចិន និងបណ្តាប្រទេសអាស៊ាន ហើយនៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅចិន ជាពិសេសក្នុងពិព័រណ៌នៅក្រុងណាននីង សម្តេចក៏បានជួបអ្នកវិនិយោគចិនជាច្រើនផងដែរ។

ឆ្លៀតឱកាសពេលទៅចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅក្រុងញូវយ៉ក នាពេលខាងមុខ សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា សម្តេចក៏គ្រោងជួបអ្នកវិនិយោគអាម៉េរិក និងខ្មែរអាម៉េរិកនៅទីនោះផងដែរ។

សម្តេចលើកឡើងថា ការទាក់ទាញវិនិយោគ មិនអាចរដ្ឋាភិបាលធ្វើតែម្នាក់ឯងនោះឡើយ ដោយចាំបាច់គឺត្រូវការការចូលរួមពីបណ្តាថ្នាក់ដឹកនាំខេត្ត ដើម្បីផលប្រយោជន៍ទាំងអស់គ្នា៕



© រក្សាសិទ្ធិដោយ thmeythmey.com