ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន ម៉ាណែត ស្នើវិស័យឯកជនប្តូរពីការប្រកួតប្រជែងទៅជាការរួមគ្នាលើការនាំចេញ
19, Sep 2023 , 10:28 am        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត ថ្លែងនាជំនួបកម្មករជិត២ម៉ឺននាក់នៅស្រុក​បាទី ខេត្តតាកែវ ព្រឹកថ្ងៃទី​១៩ ខែកញ្ញា។ រូបថត STPM
សម្តេច ហ៊ុន ម៉ាណែត ថ្លែងនាជំនួបកម្មករជិត២ម៉ឺននាក់នៅស្រុក​បាទី ខេត្តតាកែវ ព្រឹកថ្ងៃទី​១៩ ខែកញ្ញា។ រូបថត STPM
ដោយ: រួបរួម
«យុទ្ធសាស្ត្រមួយ ផែនការសកម្មភាពមួយ និងសំឡេងមួយ»។ នេះជាពាក្យស្លោកដែលសម្តេច ហ៊ុន ម៉ាណែត ថ្លែងទៅកាន់ក្រសួងពាក់ព័ន្ធ និងបណ្តាវិស័យឯកជនឱ្យសហការគ្នាជាធ្លុងមួយសម្រាប់ការនាំចេញផលិតផលទៅក្រៅប្រទេស។



នាជំនួបជាមួយកម្មករ និយោជិតជាង១៨០០០នាក់នៅខេត្តតាកែវ ព្រឹកថ្ងៃអង្គារនេះ ប្រមុខរដ្ឋាភិបាល លើកទឹកចិត្តជាពិសេសដល់វិស័យឯកជនឱ្យមានការរួមសហការគ្នា ជាជាងការប្រកួតប្រជែងគ្នាឯង។ សម្តេចលើកឡើងថា៖ «បើយើងប្រកួតប្រជែងតែគ្នាឯងនៅក្នុងប្រទេសតូចមួយ ប្រទេសជិតខាងគេធំណាស់។ យើងគួរតែឯកភាពគ្នា រួមគ្នា បង្កើតជាកម្លាំងសរុប ដើម្បីយើងធានាតម្លៃ ធានាគុណភាព ធានាបរិមាណធ្វើការជាមួយគ្នា បើមិនអ៊ីចឹងទេ យើងធ្វើអត់ឈ្នះគេទេ»។

សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា សម្តេចបានជួបជាមួយវិស័យឯកជនជាច្រើន រួមមានយន្តការជាច្រើនផងដែរសម្រាប់ធ្វើ ប៉ុន្តែពេលនេះ សម្តេចដាក់គោលដៅឱ្យយកតែផលិតផលជាក់លាក់មួយ ឬពីរ លើការនាំចេញ ដោយមានក្រុមការងារចំពោះកិច្ចដើរទៅតាមបណ្តាប្រទេសគោលដៅនីមួយៗ។

បើតាមសម្តេច ការតាំងពិព័រណ៌ផលិតផលតែមួយ មិនគ្រប់គ្រងនោះឡើយ ដោយចាំបាច់ត្រូវមានក្រុមការងារចំពោះកិច្ច រួមទាំងមានការសិក្សាពីតម្រូវការច្បាស់នៅតាមបណ្តាប្រទេសគោលដៅ ដូចជាការនាំចេញម្រេចទៅទីផ្សារអារ៉ាប៊ីសាអូឌីត ឬការនាំអង្ករទៅបណ្តាខេត្តនានានៅចិន ជាដើម ដោយមិនត្រូវមើលតែក្រុងប៉េកាំងនោះឡើយ។

សម្តេច ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ការមិនរួមគ្នាជាធ្លុងមួយ ធ្វើឱ្យការចរចាមិនសូវមានប្រសិទ្ធភាព ដោយសារសំឡេងអត់មូល។ «កុំមើលគ្នាឯងជាគូប្រជែងប្រជែងខ្លាំងពេក ប្រកួតប្រជែងក្នុងក្របខណ្ឌមួយ ប៉ុន្តែត្រូវដាក់សរុបរួមគ្នាដើម្បីយើងបានផលនឹងគេ។ យើងចំណេញ២០ភាគរយ បានតែ១០ សុខចិត្តចំណេញ១០ តែលក់បាន២០ភាគរយ»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលដែលលើកទឹកចិត្តឱ្យមានការរួមគ្នាក្នុងការនាំចេញផលិតផលទៅក្រៅប្រទេស៕



© រក្សាសិទ្ធិដោយ thmeythmey.com