អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង ចុះហត្ថលេខាស្នើឱ្យសភាយល់ព្រមចាប់ខ្លួនមេបក្សប្រឆាំង
19, Sep 2023 , 2:05 pm        
រូបភាព
លោក  Lee Jae-myung មេដឹកនាំបក្សប្រជាធិបតេយ្យ។ រូបភាព JOINT PRESS CORPS
លោក Lee Jae-myung មេដឹកនាំបក្សប្រជាធិបតេយ្យ។ រូបភាព JOINT PRESS CORPS
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល់ នៅថ្ងៃទី១៩ ខែកញ្ញា បានចុះហត្ថលេខាលើសំណើមួយដែលស្នើសភាផ្ដល់ការយល់ព្រមចាប់ខ្លួនលោក Lee Jae-myung មេដឹកនាំបក្សប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងករណីពុករលួយ។

 
លោក Lee Jae-myung មេដឹកនាំបក្សប្រជាធិបតេយ្យ ដែលជាប្រឆាំងធំជាងគេរបស់កូរ៉េខាងត្បូង រងបទចោទរំលោភទំនុកចិត្ត, សំណូក និងបទល្មើសផ្សេងទៀតពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍអចលនវត្ថុ រួមទាំងការផ្ទេរប្រាក់ដោយខុសច្បាប់ទៅកូរ៉េខាងជើង។ 
 
បន្ទាប់ពីការសាកសួរជាច្រើនលើក រដ្ឋអាជ្ញាកូរ៉េខាងត្បូង ក៏ចេញលិខិតឱ្យចាប់ខ្លួនលោក Lee ដែលកំពុងធ្វើកូដកម្មបង្អត់អាហារខ្លួនឯងប្រឆាំងគោលនយោបាយរបស់លោក យូន។ ដោយសារជាសមាជិកសភា ការចាប់ខ្លួនលោក Lee ត្រូវមានយល់ព្រមពីសភាសិន។  
 
លោក យូន ក៏បានចុះហត្ថលេខាលើសំណើរបស់ក្រសួងយុត្តិធម៌ក្រោយទទួលបានលិខិតពីរដ្ឋអាជ្ញា។ នីតិបន្ទាប់ គឺរដ្ឋាភិបាលបញ្ជូនសំណើនេះបន្តទៅសភា។
 
ជុំវិញបញ្ហានេះ ដើម្បីដកអភ័យឯកសិទ្ធិពីលោក Lee ការយល់ព្រមពីសភា ដោយផ្អែកតាមសំឡេងភាគច្រើន ជារឿងចាំបាច់។ យ៉ាងណាមិញ វាមិនមែនជារឿងងាយស្រួលឡើយក្នុងការដកអភ័យឯកសិទ្ធិមេដឹកនាំបក្សប្រឆាំងរូបនេះ ដោយសារបក្សប្រជាធិបតេយ្យ មានសំឡេងភាគច្រើននៅក្នុងសភា។ 
 
ស្របគ្នានេះ លោកយូន ក៏បានតែងតាំង លោក Bang Moon-kyu ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល ជារដ្ឋមន្រ្តីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលផង ខណៈលោក Kim Dong-cheol ត្រូវបានតែងតាំងជានាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុនរដ្ឋ Korea Electric Power Corp៕ 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com