អន្តរជាតិ
អាស៊ាន
អាស៊ាន ចាប់ផ្តើមសមយុទ្ធយោធារួមគ្នាលើកដំបូង
19, Sep 2023 , 5:50 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
កងកម្លាំងមកពីបណ្តាប្រទេសអាស៊ានទាំង១០ រួមទាំងទីម័រខាងកើត បានចាប់ផ្តើមសមយុទ្ធយោធាជាលើកដំបូងនៅក្នុងសមុទ្រណាទុណាខាងត្បូង (South Natuna Sea) របស់ឥណ្ឌូណេស៊ី។

 
សមយុទ្ធ ASEX 01-Natuna exercises បានចាប់ផ្តើមហើយនៅថ្ងៃទី១៩ ខែកញ្ញា មុនបញ្ចប់ទៅវិញនៅថ្ងៃទី២៣ ខែកញ្ញា។ កងកម្លាំងមកពីសមាជិកអាស៊ានទាំងអស់ រួមទាំងទីម័រខាងកើតផង បានចូលរួមក្នុងសមយុទ្ធយោធាលើកដំបូងនេះ។​
 
សមយុទ្ធរយៈពេល ៥ថ្ងៃ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពយោធា ពាក់ព័ន្ធនឹងការល្បាត និងសន្តិសុខលើដែនសមុទ្រ ក៏ដូចជាចូលរួមចំណែកក្នុងការជួយសង្រ្គោះពេលមានគ្រោះមហន្តរាយ និងមនុស្សធម៌។ 
 
«នេះមិនមែនជាប្រតិបត្តិការបែបប្រយុទ្ធឡើយ ដោយសារអាស៊ានផ្តោតលើសេដ្ឋកិច្ច។ ការហ្វឹកហាត់ គឺមានលក្ខណៈជាសកម្មភាពសង្គម»។ លោក Yudo Margono មេបញ្ជាការនៃកកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ី បានបញ្ជាក់បែបនេះ នៅក្នុងពិធីបើកសមយុទ្ធនៃបណ្តាប្រទេសអាស៊ានរួមគ្នា នៅថ្ងៃទី១៩ ខែកញ្ញា។ 
 
កងកម្លាំងទ័ពអាកាសឥណ្ឌូណេស៊ីនឹងចូលរួម ដើម្បីត្រួតពិនិត្យលើសមយុទ្ធនោះ។ ស្របគ្នានេះ ឥណ្ឌូណេស៊ី ព្រុយណេ ម៉ាឡេស៊ី និងសិង្ហបុរី ត្រូវបានរំពឹងថា នឹងបញ្ជូននាវាចម្បាំងរបស់ខ្លួន ចូលរួមក្នុងសមយុទ្ធ។ 
 
បន្ថែមពីនេះ មេបញ្ជាការរូបនេះ បានបញ្ជាក់ថា ការរួមគ្នានៃបណ្តាប្រទេសអាស៊ាន នឹងជួយពង្រឹងកម្លាំង និងសមត្ថភាពនៃបណ្តាប្រទេសក្នុងតំបន់ ឱ្យរក្សាបាននូវសន្តិភាព វិបុលភាព និងសន្តិសុខក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ដំបូងឡើយ សមយុទ្ធនេះ ត្រូវបានគ្រោងធ្វើឡើងនៅភាគខាងត្បូង នៃសមុទ្រចិនខាងត្បូង។ យ៉ាងណាមិញ ការធ្វើសមយុទ្ធ ត្រូវផ្លាស់ប្តូរទីតាំងមក នៅក្នុងសមុទ្រណាទុណាភាគខាងត្បូង (South Natuna Sea) របស់ឥណ្ឌូណេស៊ី ក្រោយចិនបានបញ្ចេញផែនទីថ្មី។ 
 
សមុទ្រចិនខាងត្បូង ជាតំបន់ជម្លោះដ៏ស្មុគស្មាញមួយ ដែលត្រូវបានទាមទារដោយចិនស្ទើរតែ ៩០ភាគរយ ជាមួយវៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី បើទោះភាគីចិន និងអាស៊ាន កំពុងចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងក៏ដោយ៕ 

Tag:
 អាស៊ាន
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com