អន្តរជាតិ
អ៊ីរ៉ង់ នឹងបានលុយ៦ពាន់លានដុល្លារដែលកូរ៉េខាងត្បូងផ្អឹបទុក ក្រោយផ្លាស់ប្ដូរអ្នកទោសជាមួយអាម៉េរិក
20, Sep 2023 , 9:59 am        
រូបភាព
អាម៉េរិក និងអ៊ីរ៉ង់នៅថ្ងៃទី១៨ ខែកញ្ញា បានផ្លាស់ប្តូរអ្នកទោសគ្នាទៅមក ដែលជាជំហានមួយក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។ ការផ្លាស់ប្ដូរអ្នកទោសនេះ ធ្វើឡើងមុនការធ្វើដំណើររបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ទៅទីក្រុងញូវយ៉ក​ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។



នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ជនជាតិអាម៉េរិកចំនួន ៥ នាក់ត្រូវបានរដ្ឋាភិបាលអ៊ីរ៉ង់ដោះលែង និងអនុញ្ញាតឱ្យធ្វើដំណើរចាកចេញពីប្រទេសទៅកាន់កាតាក្រោមកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសជាមួយអាម៉េរិក។ បុគ្គលទាំងរូបត្រូវបានរដ្ឋាភិបាលអ៊ីរ៉ង់ផ្លាស់ប្តូរពីពន្ធនាគារទៅឃុំខ្លួនក្នុងផ្ទះកាលពីខែសីហា ដែលជាជំហានដំបូងក្នុងកិច្ចព្រមព្រៀង។ 
 
បុគ្គលទាំង ៥ ទៅដល់ទៅទីក្រុងវ៉ាស៊ីនតោនហើយ។ 
 
«ថ្ងៃនេះ ជនជាតិអាម៉េរិកស្លូតត្រង់៥នាក់ ដែលត្រូវជាប់ពន្ធនាគារនៅអ៊ីរ៉ង់ ទីបំផុតបានត្រលប់មកផ្ទះវិញ»។ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានលើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ​ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីស កាតា អូម៉ង់ និងកូរ៉េខាងត្បូងដែលជួយសម្របសម្រួលដល់កិច្ចចរចាកន្លងមក។ 
 
ព័ត៌មាន​នៃ​ការ​ផ្លាស់ប្តូរអ្នកទោសនេះ ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ដំបូង​នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា​ដោយ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ អាម៉េរិកត្រូវផ្តល់ការលើកលែងទោសដល់ជនជាតិអ៊ីរ៉ង់ចំនួន៥នាក់ដែលត្រូវបានចោទប្រកាន់ ឬផ្តន្ទាទោសពីបទឧក្រិដ្ឋកម្មអហិង្សា។ ពីរ​នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​នោះ​ ក៏​នឹង​ត្រូវបញ្ជូនទៅកាតាផងដេរ។
 
លើសពីនេះ សេតវិមានក៏បានបញ្ជាក់ផងដែរថា អ៊ីរ៉ង់ក៏នឹងទទួលបានប្រាក់ប្រមាណ៦ពាន់លានដុល្លារដែលជាលុយលក់ប្រេងទៅឱ្យកូរ៉េខាងត្បូង តាមរយៈគណនីនៅក្នុងកាតាផងដែរ។ ការលក់នេះ បានកើតឡើងនៅពេលដែលអ៊ីរ៉ង់មិនត្រូវបានដាក់ទណ្ឌកម្ម ប៉ុន្ដែការបង់ប្រាក់ត្រូវបានជាប់គាំងនៅកូរ៉េខាងត្បូងបន្ទាប់ពីមានការដាក់ទណ្ឌកម្ម។ 
 
អាម៉េរិក និងអ៊ីរ៉ង់ជួបបញ្ហាតានតឹងកាន់តែខ្លាំងឡើងចាប់តាំងពីឆ្នាំ ២០១៨ នៅពេលដែលអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បដិសេធកិច្ចព្រមព្រៀងពហុភាគីដែលឱ្យទីក្រុងតេអេរ៉ង់កាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មប្រឆាំងនឹងសេដ្ឋកិច្ចរបស់ខ្លួន៕
 

Tag:
 អ៊ីរ៉ង់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com