ជាតិ
សេដ្ឋកិច្ច
មេពន្ធដារ៖​ ម្ចាស់ហាងទំនិញលក់រាយ​​ និងស្ថានីយប្រេងឥន្ធនៈ ត្រូវចេញវិក្កយបត្រឱ្យអតិថិជន
20, Sep 2023 , 1:59 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ​។ រូបថត៖ GDT
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ​។ រូបថត៖ GDT
ដើម្បីពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រធម្មតាឱ្យមានប្រសិទ្ធភាព​ និង ត្រឹមត្រូវស្របច្បាប់ និងលិខិតបទដ្ឋានគិតយុត្តស្តីពីពន្ធដារ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានប្រាប់ដល់អ្នកប្រកបអាជីវកម្មទំនិញលក់រាយ និងស្ថានីយប្រេងឥន្ធនៈទាំងអស់ ត្រូវចេញវិក្កយបត្រធម្មតាឱ្យអតិថិជន រាល់សកម្មភាពទិញ-លក់ទំនិញ។ លោកបញ្ជាក់ថា ការចេញវិក្កយបត្រនេះ គឺត្រូវប្រើទម្រង់ដែលមានលេខរៀងវិក្កយបត្រ  និងមាននិទ្ទេសសំខាន់ៗ បើទោះបី ការចេញវិក្កយបត្រនោះ សរសេរដោយដៃ ឬម៉ាស៊ីនតាមប្រព័ន្ធអេឡិចត្រូនិក ក្តី។

 
ការតម្រូវឱ្យអនុវត្តបែបនេះ ក៏ព្រោះតែកន្លងមក អគ្គនាយកដ្ឋានពន្ធដារ មើលឃើញសហគ្រាសមួយចំនួន ដែលមានសកម្មភាពអាជីវកម្មផ្គត់ផ្គង់ទំនិញ មានលក្ខណៈលក់រាយច្រើនមុខនូវទំនិញមានតម្លៃទាប និងមានប្រតិបត្តិការប្រចាំថ្ងៃ ជាពិសេសសហគ្រាសប្រកបអាជីវកម្មហាងទំនិញលក់រាយ និងស្ថានីយប្រេងឥន្ធនៈ ឬឧស្ម័នហ្គាស មិនទាន់អនុវត្តការចេញវិក្កយបត្រធម្មតាទៅឱ្យអ្នកប្រើប្រាស់ចុងក្រោយ បានត្រឹមត្រូវឡើយ។  
 
យោងតាមច្បាប់សារពើពន្ធ ស្តីពី វិធាននៃការប្រើប្រាស់វិក្កយបត្រ អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ​ត្រូវចេញវិក្កយបត្រអាករ(Tax Invoice) ទៅឱ្យអ្នកទិញដែលជាអ្នកជាប់ពន្ធស្ថិតនៅក្រោមរបបស្វ័យប្រកាស និងត្រូវចេញវិក្កយបត្រធម្មតា(Commercial Invoice) ទៅឱ្យអ្នកទិញដែលមិនស្ថិតក្រោមរបបស្វ័យប្រកាស។ ដោយឡែក  ចំពោះអ្នកជាប់ពន្ធតូច ត្រូវចេញវិក្កយបត្រធម្មតាទៅឱ្យអ្នកទិញទាំងអស់ ទោះបីជាអ្នកទិញទាំងអស់ ជាប់ពន្ធតាមរបបស្វ័យប្រកាស និង មិនស្ថិតនៅក្រោមរបបស្វ័យប្រកាស ដែលជាអ្នកប្រើប្រាស់ចុងក្រោយក៏ដោយ។ 
 
ដើម្បីពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រធម្មតាឱ្យមានប្រសិទ្ធភាព​ និង ត្រឹមត្រូវស្របច្បាប់ និងលិខិតបទដ្ឋានគិតយុត្តស្តីពីពន្ធដារ កាលពីថ្ងៃទី១៨កញ្ញា ឆ្នាំ២០២៣ លោក គង់​ វិបុល បានណែនាំសារជាថ្មី ដល់អ្នកប្រកបអាជីវកម្មទំនិញលក់រាយ និងស្ថានីយប្រេងឥន្ធនៈទាំងអស់ គឺត្រូវចេញវិក្កយបត្រធម្មតាឱ្យអតិថិជន ទោះបីជាការចេញវិក្កយបត្រនោះ សរសេរដោយដៃ ឬម៉ាស៊ីនគិតលុយតាមប្រព័ន្ធPOS ឬ ប្រព័ន្ធអេឡិចត្រូនិក អ្វីក៏ដោយ។ លើសពីនេះ សហគ្រាសត្រូវប្រើទម្រង់វិក្កយបត្រ ដែលមានលេខរៀងវិក្កយបត្រ និងមាននិទ្ទេសសំខាន់ៗ ស្រមតាមវិធាននៃការប្រើប្រាស់វិក្កយបត្ររបស់អគ្គនាយកដ្ឋានពន្ធដារ។ 
 
ជាមួយគ្នានេះ សហគ្រាសត្រូវរៀបចំប័ណ្ណទទួលចំណូលសម្រាប់ប្រចាំថ្ងៃ ដោយបូកសរុបវិក្កយបត្រដែលបានចេញប្រចាំថ្ងៃ(សម្រាប់ប្រើប្រាស់ផ្ទៃក្នុង)។ ក្នុងករណី សហគ្រាសប្រើប្រាស់ម៉ាស៊ីនគិតលុយPOS ឬប្រព័ន្ធអេឡិចត្រូនិកផ្សេងលើសពីមួយ សហគ្រាសត្រូវរៀបចំប័ណ្ណទទួលចំណូលទៅតាមប្រព័ន្ធPOS ឬតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗទៀត នីមួយៗដាច់ពីគ្នា។ អគ្គនាយកពន្ធដារ បានបញ្ជាក់ថា ទម្រង់ប័ណ្ណទទួលចំណូលប្រចាំថ្ងៃ ត្រូវមានកាលបរិច្ឆេទ និងលេខរៀងជាលំដាប់ពេញមួយឆ្នាំ ដោយត្រូវមានព័ត៌មានលម្អិតនូវលេខម៉ាស៊ីនគិតលុយ ចំនួនវិក្កយបត្រប្រចាំថ្ងៃដែលបានចេញ (លេខរៀងចាប់ផ្តើម និងលេខរៀងចុងក្រោយប្រចាំថ្ងៃ)​ ​និងចំនួនទឹកប្រាក់សរុប។

សម្រាប់សហគ្រាសអាជីវកម្មស្ថានីយប្រេងឥន្ធនៈ គឺត្រូវរៀបចំប័ណ្ណទទួលចំណូលសរុបប្រចាំថ្ងៃ ដោយបូកសរុបវិក្កយបត្រដែលបានចេញប្រចាំថ្ងៃ ទៅតាមទូ ឬម៉ាស៊ីនចាក់សាំងនៃស្ថានីយនីមួយៗដាច់ដោយឡែកពីគ្នា។ ក្នុងករណី ម្ចាស់សហគ្រាសចេញវិក្កយបត្រតាមម៉ាស៊ីនគិតលុយតែមួយ ត្រូវរៀបចំប័ណ្ណទទួលចំណូលសរុបប្រចាំថ្ងៃរួមតែមួយ។ ចំពោះ ទម្រង់ប័ណ្ណទទួលចំណូលសរុបប្រចាំថ្ងៃ សហគ្រាស ត្រូវមានកាលបរិច្ឆេទ និងលេខរៀងជាលំដាប់ពេញមួយឆ្នាំ ដោយត្រូវមានព័ត៌មានលម្អិតនូវចំនួនវិក្កយបត្រប្រចាំថ្ងៃដែលបានចេញ, មានលេខសម្គាល់ទូ ឬម៉ាស៊ីនចាក់សាំង លេខកុងទ័រ (លេខចាប់ផ្តើម និងលេខរៀងចុងក្រោយប្រចាំថ្ងៃ និងចំនួនទឹកប្រាក់សរុប។​
 
បើតាមលោក គង់ វិបុល​ សម្រាប់គោលដៅនៃការប្រកាសពន្ធប្រចាំខែ ត្រូវបានអនុញ្ញតឱ្យប្រកាសចំណូលពីប្រតិបត្តិការលក់តាមលេខប័ណ្ណទទួលចំណូលសរុបប្រចាំថ្ងៃនីមួយៗ ដោយបញ្ចូលព័ត៌មានក្នុងប្រអប់បរិយាយនៃប្រព័ន្ធ e-Filing នូវលេខវៀងវិក្កយបត្រប្រចាំថ្ងៃ និងលេខម៉ាស៊ីនគិតលុយ ចំពោះសហគ្រាសប្រកបអាជីវកម្មហាងទំនិញលក់រាយ។ ចំពោះស្ថានីយប្រេងឥន្ធនៈ ឬឧស្ម័នហ្គាសវិញ ត្រូវបញ្ចូលព័ត៌មានក្នុងប្រអប់បរិយាយនៃប្រព័ន្ធ e-Filing នូវលេខវៀងវិក្កយបត្រប្រចាំថ្ងៃ និងលេខទូ ឬម៉ាស៊ីនចាក់សាំង។ 
 
ទន្ទឹមនេះ សហគ្រាសត្រូវមានឯកសារភ័ស្តុតាំងទាក់ទិន នឹងប្រតិបត្តិការលក់ដែលអាចត្រួតពិនិត្យបាន សម្រាប់គោលដៅពន្ធដារ ។ លោក គង់ វិបុល សង្ឃឹមយ៉ាងមុតមាំថា​ គ្រប់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ នឹងអនុវត្តការណែនាំខាងលើនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចៀសវាងនូវការពិន័យណាមួយ៕
 







Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com