ជាតិ
សេដ្ឋកិច្ច
រដ្ឋ បញ្ចុះថ្លៃអគ្គិសនីដល់២០ភាគរយ សម្រាប់អ្នកប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម
20, Sep 2023 , 4:29 pm        
រូបភាព
(កណ្តាល) លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
(កណ្តាល) លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
ក្រសួងរ៉ែ និងថាមពល​ សម្រេចបញ្ចុះថ្លៃអគ្គិសនី ពី១០ទៅ២០ភាគរយ ដល់ការប្រើប្រាស់នៅក្នុងឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ក្នុងក្របខណ្ឌទូទាំងប្រទេស។ ការសម្រេចបញ្ចុះថ្លៃអគ្គិសនីនេះ ត្រូវបានប្រកាសឡើងបន្ទាប់ពីមានការបញ្ជាពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៩កញ្ញា។​

 
ការ​បញ្ចុះថ្លៃអគ្គិសនីនេះ គឺមានគោលដៅ ជំរុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល នាថ្ងៃទី២០កញ្ញានេះ ដោយបញ្ជាក់ថា អ្នកប្រើប្រាស់អគ្គិសនីតាមអត្រាថ្លៃមធ្យម , អ្នកប្រើប្រាស់តាមពេលវេលានិងអានុភាព រួមទាំងអ្នកប្រើប្រាស់អគ្គិសនីដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ជាមួយបណ្តាញជាតិបានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែនៃការប្រើប្រាស់ ៦ខែចុងក្រោយ ត្រូវបានបញ្ចុះថ្លៃអគ្គិសនី។ 
 
ក្រសួងបានរៀបរាប់យ៉ាងលម្អិតថា សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៧ ព្រឹក ដល់ម៉ោង៩យប់ នឹងត្រូវបញ្ចុះអត្រាថ្លៃ១០ភាគរយ។ រីឯ អ្នកប្រើប្រាស់បរិមាណថាមពលដែលលើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៩យប់ ដល់ម៉ោង៧ព្រឹក និង២៤ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ ត្រូវបានបញ្ចុះថ្លៃ២០ភាគរយ។​ 
 
ក្រសួងបានបញ្ជាក់ថា រយៈពេលអនុគ្រោះថ្លៃនេះ គឺមានរយៈពេលបីខែ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣។ ប៉ុន្តែ វានឹងអាចអនុវត្តបន្តទៀតតាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។ «​ ដូច្នេះ អ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ដែលយល់ថាខ្លួន មានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះថ្លៃនេះ ត្រូវដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួន»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែលរបស់ក្រសួងរ៉ែ និងថាមពល។ 
 
កាលពីម្សិលមិញ ក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅស្រុកបាទី ខេត្តតាកែវ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាលោក​ កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឱ្យពិនិត្យលទ្ធភាពបញ្ចុះថ្លៃអគ្គិសនី​ ក្នុងកម្រិតណាមួយទៅដល់សហគ្រាសឧស្សាហកម្មកសិកម្ម។ សម្តេច បានបញ្ជាក់ថា៖ «ការគិតគូរបែបនេះនឹងធ្វើឱ្យសហគ្រាសបង្កើនផលិតកម្មរបស់ខ្លួន និងអាចជ្រើសរើសកម្មករបន្ថែមថែមទៀត ព្រោះគាត់ត្រូវការប្រើច្រើនដែរ។ ដូច្នេះ![យើង] ត្រូវពិនិត្យមើលលទ្ធភាព[បញ្ចុះថ្លៃអគ្គិសនី]ឱ្យគាត់អាចពង្រីក[ផលិតកម្ម]ថែមទៀត»។
 
ភ្លាមៗនោះ លោក កែវ រតនៈ បានប្រាប់សម្តេច ហ៊ុន ម៉ាណែត ថា  មានសហគ្រាសជាង ២ ១០០សហគ្រាស ដែលទទួលបានប្រយោជន៍ពីការបញ្ចុះអគ្គសនីនេះ។
 
គួរជម្រាបថា ការអភិវឌ្ឍប្រភពអគ្គិសនីកន្លងមក បានធ្វើឱ្យទំហំប្រភពអគ្គិសនីដែលបានអភិវឌ្ឍរួច កើនពី ២ ៦៥០មេហ្កាវ៉ាត់ នៅឆ្នាំ២០១៨ ដល់ ៤ ២៤៦.៧៧មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២២។ ទំហំនេះ ស្មើនឹងកំណើន ៦០ភាគរយ ធៀបទៅនឹងទំហំដែលមាននៅឆ្នាំ២០១៨។
 
ផ្អែកលើមូលដ្ឋាននៃទំហំប្រភពអគ្គិសនី ដែលបានអភិវឌ្ឍនេះ បរិមាណថាមពលអគ្គិសនី ដែលប្រព័ន្ធបណ្តាញជាតិទូទាំងប្រទេស បានទទួលនោះ បានកើនពី ៩ ៧៣៨.៧៨លានគីឡូវ៉ាត់ម៉ោង ក្នុងឆ្នាំ២០១៨ ដល់ ១៤ ១៣៣.៤២លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២២ ដែលស្មើនឹងកំណើន ៤៥ភាគរយ ធៀបទៅនឹងបរិមាណថាមពលដែលបានទទួលនៅឆ្នាំ២០១៨។ ក្នុងទំហំប្រភពអគ្គិសនីសរុប ដែលមាននៅឆ្នាំ២០២២គឺ មាន ៣ ១១៦.០២មេហ្កាវ៉ាត់ ស្មើនឹង ៧៣,៣៧ភាគរយ ជាប្រភពអគ្គិសនី ដែលបានអភិវឌ្ឍក្នុងស្រុក និងមាន ១ ១៣០.៧៥មេហ្កាវ៉ាត់ ស្មើនឹង ២៦,៦៣ភាគរយ ជាប្រភពអគ្គិសនីដែលបាននាំចូល ពីប្រទេសជិតខាង។
 
របាយការណ៍ពីក្រសួងរ៉ែ និងថាមពល បានបង្ហាញថា ការអភិវឌ្ឍប្រព័ន្ធបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ បានធ្វើឱ្យខ្សែបណ្តាញបញ្ជូនអគិ្គសនីតង់ស្យុងខ្ពស់កម្ពុជា កើនពី ២ ១៤១គីឡូម៉ែត្រ នៅឆ្នាំ២០១៨ រហូតដល់ ៣ ៤៨៥.៥១គីឡូម៉ែត្រ នៅចុងឆ្នាំ២០២២ និងធ្វើឱ្យចំនួនអនុស្ថានីយកើនឡើងពី ៣៣កន្លែង នៅឆ្នាំ២០១៨ ដល់ ៦៣កន្លែង នៅចុងឆ្នាំ២០២២។ ការណ៍នេះ ធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនីរបស់បណ្តាញជាតិដែលនៅឆ្នាំ២០១៨គ្របដណ្តប់ត្រឹមតែ២០រាជធានី-ខេត្ត បានកើនដល់ ២៥រាជធានី-ខេត្ត នៅក្នុងឆ្នាំ២០២២។ កំណើននៃប្រព័ន្ធបណ្តាញបញ្ជូនទាំងនេះ បានធ្វើឱ្យមានស្ថិរភាព គុណភាព និងនិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៃប្រព័ន្ធបណ្តាញជាតិកាន់តែប្រសើរឡើងថែមទៀត៕
 

Tag:
 អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com